អគ្គនាយកដ្ឋាន​ពន្ធដារ ​ចុះ​សួរសុខទុក្ខ​យោធិន

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ អគ្គបញ្ជាការ​មេបញ្ជាការ​រង​កងទ័ពជើងគោក និង​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម រួម​ជាមួយ​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមការងារ​អញ្ជើញ​ចុះ​សាកសួរ​សុខ​ទុក​យោធិន និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​អាគារ​សាល​ប្រជុំ អាគារ​ស្នាក់​នៅ​របស់​កងទ័ព​នៃ​បញ្ជាការដ្ឋាន​កងរថក្រោះ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​ផ្តល់​ជូន​តាម​រយៈ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ ព្រមទាំង​មានការ​ចូលរួម​ពី​ឧកញ៉ា​លោក​ជំទាវ​សប្បុរសជន អាជ្ញាធរ​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ  នាយទាហាន នាយទាហានរង ពល​ទាហាន និង​គ្រួសារ​កងទ័ព​ជា​ច្រើន​នាក់ ។

នៅ​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ពៅ ស៊ី​ថា នាយ​រង​សេនាធិការ មេបញ្ជាការ​រថក្រោះ​កងទ័ពជើងគោក បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ បន្ទាប់ពីចំណងមេត្រី ភាព​ជាមួយ ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​សប្បុរសជន ដែល​បាន​យកចិត្តទុកដាក់​ចុះ​សួរសុខទុក្ខ​បងប្អូន​កងទ័ព ដោយ​នាំ​យក​មក​ជាមួយ​នូវ​សម្ភារ​បរិក្ខារ និង​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាព របស់​បងប្អូន កងទ័ព​សម្ព័ន្ធមេត្រីភាព​។ នា​ឱកាស​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ទោ​ពៅ​ស៊ី​ថា ក៏​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត ខឹ​ត​ខំ​ហ្វឹកហ្វឺន​ឲ្យ​មានគុណ​ភាព ឆ្លើយ​តប​ទៅ​នឹង​ភារកិច្ច​ប្រយុទ្ធ ត្រៀមប្រយុទ្ធ ដោយ​យក​ការ​ហ្វឹកហ្វឺន​ទ្រឹស្តី​ជា​ក្រឹ​ត​ក្រម យក​ការងារ​ហ្វឹកហាត់​ជាក់ស្តែង​ជា​មូលដ្ឋាន មិន​ថា​ក្នុង​ដំណាក់កាល​ប្រទេស​មាន​សង្គ្រាម ឬ​ប្រទេស​មាន​សុខ​សន្តិភាព​ឡើយ ព្រោះ​ការងារ​ហ្វឹកហ្វឺន ជា​ការងារ​ស្នូល​ដើម្បី​លើកកម្ពស់​សមត្ថភាព ដល់​អ្នកឯកទេស​ប្រើប្រាស់​ឲ្យ​កាន់តែ​រហ័សរហួន ស្ទាត់ជំនាញ​ទៅ​លើ​ការ​ប្រើប្រាស់​គ្រឿងចក្រ ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប និង​គ្រឿងចក្រ​ដែល​មាន​ភាព​ស្មុគស្មាញ ឲ្យ​កាន់តែ​មាន​ជំនាញ​បន្ថែម​ទៀត​។

ឯកឧត្តម គង់ វិបុល បាន​មាន​ប្រសាសន៍​ចាប់អារម្មណ៍​ក្នុង​នាម​អង្គភាព​សម្ព័ន្ធមេត្រីភាព ដូច​ជា​ស្មារតី​ស្រឡាញ់​ទឹកដី និង​ជាតិ​មាតុភូមិ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី មិន​ឲ្យ​កងទ័ព​សត្រូវ​ឈ្លានពាន បាន​សូ​ម្បី​មួយ​មី​លី​ម៉ែត្រ​។ លោក គង់ វិបុល ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​លោក​ហ៊ុន ម៉ា​ណែ​ត និង​កងទ័ព​ទាំងអស់​ដែល​បាន​រក្សា​សន្តិសុខ​ស្ថិរភាព​។ បើ​ប្រទេស​កម្ពុជា​មិន​មាន​ស្ថិរភាព​នោះ​ទេ ក៏​គ្មាន​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរណ៍ ហើយ​ក៏​គ្មាន​ការ​ប្រមូល​ចំណូល​ផ្ទៃក្នុង​ឲ្យ​បាន​២​ពាន់​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ដែរ​។ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ទាំងអស់ រួម​ជាមួយ​លោក​ឧកញ៉ា សំ អាង និង​លោក​ជំទាវ ឈុ​ន លាង សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រិ​ទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់​ការ​ទុកចិត្ត និង​បាន​អនុញ្ញាតិ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចងសម្ព័ន្ធ​មេត្រី ជាមួយនឹង​កងទ័ព កងពល​រថក្រោះ​ក៏​ដូច​ជា​កង​វីរសេនា​តូច​លេខ​១៤៥ ដែល​កំពុង​តែ​បំពេញភារកិច្ច​យ៉ាង​មមារ​ញឹក​ក្នុង​ការងារ​ការពារ​ជាតិ​។ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​យកចិត្តទុកដាក់​គ្រប់ពេលវេលា និង​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​របស់​អង្គភាព​សម្ព័ន្ធមេត្រី​ទាំង​ពីរ ជា​ពិសេស​គឺ​បងប្អូន​យុទ្ធ​ជន​យើង​ដែល​ជា​និច្ចកាល តែង​បាន​តស៊ូ​ជម្នះ​នូវ​ការ​លំបាក​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​ដោយ​មិន​គិត​អំពី​ការ​លំបាក​ផ្ទាល់ខ្លួន ក្នុង​នាម​ជា​អង្គភាព​សម្ព័ន្ធមេត្រី តែង​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ដោះស្រាយ​រាល់​បញ្ហា​លំបាក​នានា​របស់​អង្គភាព​សម្ព័ន្ធមេត្រី​ទាំង​ពីរ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​កន្លង​មក ។

ហើយ​ថ្ងៃនេះ​ទៀត​សោត តាម​សំណូមពរ​របស់​អង្គភាព​កងពល​រថក្រោះ សមិទ្ធិ​ផល​អាគារ​សាល​ប្រជុំ​និង​អាគារ​ស្នាក់​នៅ ត្រូវ​បាន​កសាង​រួចរាល់​ជា​ស្ថាពរ ត្រូវ​ដាក់​សម្ពោធ​អោយ​ប្រើប្រាស់់​។ ជាមួយនឹង​ការ​ដាក់ ឱ្យ​ប្រើប្រាស់​អាគារ​សាល​ប្រជុំ និង​អាគារ​ស្នាក់​នៅ​នេះ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រិ​ទ្ធិ​បណ្ឌិត បាន​ផ្តាំផ្ញើ​នូវ​ការ​សាកសួរ​សុខទុក្ខ​បងប្អូន​ទាំងអស់​នៅ​ក្នុង​អង្គភាព​កងទ័ព កងពល​រថក្រោះ​ក៏​ដូច​ជា​កងវរសេនាតូច​លេខ​១៤៥ តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក គង់ វិបុល ចំពោះ​បងប្អូន​យុទ្ធ​ជន​ទាំងអស់ ដែល​កំពុង​បំពេញការងារ​យ៉ាង​សកម្ម ក្នុង​បុព្វហេតុ​ការពារ​ជាតិ​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​ចងសម្ព័ន្ធ​មេត្រីភាព រវាង​អង្គភាព​ស្ថាប័ន​ស៊ី​វិល និង​អង្គភាព​កងទ័ព គឺជា​ការ​គាំទ្រ និង​ជា​ការ​លើកទឹកចិត្ត​របស់​កម្លាំង​មហាជន ចំពោះ​កងទ័ព​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ សម្ភារ ថវិកា ស្មារតី ដើម្បី​ពង្រឹង​ប្រៀប​ការពារ​ជាតិ និង​ប្រជាជន​ព្រោះថា ការពារ​ជាតិ គឺ​ដើម្បី​ទាំងអស់​គ្នា ការពារ​ជាតិ ដើម្បី​ជា​កេរដំណែល សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រិ​ទ្ធិ​បណ្ឌិត ក៏​បាន​ផ្តល់​នូវ​អំណោយ និង​ថវិកា​មួយ​ចំនួន​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក គង់ វិបុល រួម​ជាមួយ​និង​លោក​ឧកញ៉ា សំ អាង និង​លោក​ជំទាវ​បាន​ចូលរួម​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អាគារ​សាល​ប្រជុំ និង​អាគារ​ស្នាក់​នៅ​សម្រាប់​អង្គភាព​កងពល​រថក្រោះ ពិធី​សាកសួរ​សុខទុក្ខ​យុទ្ធ​ជន​យើង​នៅ​កងពល​រថក្រោះ​ផង រួម​ជាមួយនឹង​យុទ្ធ​ជន​នៅ​វរ​សេនា​តូច​លេខ​១៤៥ ផង និង​បាន​ចែក​អំណោយ​ជូន​តំណាង​គ្រួសារ​យុទ្ធ​ជន​និង​យុទ្ធ​ជន​ចូល​និវត្តន៍​៕