ប្លន់​ទៀត​ហើយ​…​ចោរ​៣​នាក់​ប្លន់​ផ្ទះ​ថៅកែ​ទិញ​-​លក់​ដំឡូង

ខេត្តរតនគិរី ៖ ប្រពន្ធ​ថៅកែ​ទិញ​លក់​ដំឡូង​ក្នុងស្រុក​កូន​មុំ​ម្នាក់​ត្រូវ​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​ចូល​ប្លន់​ដល់​ក្នុង​លំនៅ​ឋាន យក​អស់ប្រាក់​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ​កំពុង​អង្គុយ​នៅ​ក្រោមផ្ទះ កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែ​មីនា ស្ថិត​នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា វេលា​កើតហេតុ​ខាងលើ ស្ដ្រី​ម្ចាស់ផ្ទះ​ឈ្មោះ មឿង សោ​ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ នៅ​អង្គុយ​ក្រោមផ្ទះ​រួម​ជាមួយ​កូន​ៗ ស្រាប់តែ​មាន​មនុស្ស​មិន​ស្គាល់ឈ្មោះ​ចំនួន​៣​នាក់ ដើរ​សំដៅ​ចូល​មក​ធ្វើ​សកម្មភាព​ភ្ជង់​ដោយ​កាំភ្លើង​ប្លន់​តែ​ម្ដង ។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ខណៈ​គាត់​កំពុង​អង្គុយ​នៅ​ក្រោមផ្ទះ ស្រាប់តែ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់​ដើរ​សំដៅ​មក​រក​គាត់ ហើយ​ម្នាក់​បាន​យក​កាំភ្លើង​ភ្ជង់​គាត់ និង​ស្រែ​កថា​កុំ​ឡូឡា នៅ​ឱ្យ​ស្ងៀម រួច​បញ្ជា​ឱ្យ​កូន​ៗ​ចូល​ក្នុង​ផ្ទះបាយ​គំរាម​ដោះ​យក​គ្រឿងអលង្ការ ។ ភ្លាម​ៗ​បញ្ជា​ឱ្យ​គាត់​នាំ​ឡើង​លើ​ផ្ទះ ទារ​រក​កូនសោ​ទូ​ចាក់​ប្រមូល​យក​លុយ​ច្រក​ស្បោង​ទាំងអស់ ព្រមទាំង​រើ​កកាយ​តាម​បន្ទប់ ហើយ​សួរ​រក​សោ​រថយន្ត ប៉ុន្តែ​គាត់​ប្រាប់​ថា សោ​រថយន្ត​នៅ​ប្ដី​របស់​គាត់​ដែល​ពេល​នេះ​មិន​នៅផ្ទះ​ទេ ។

ស្ដ្រី​ជា​ប្រពន្ធ​ថៅកែ​ទិញ​-​លក់​ដំឡូង​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​រួច ក្រុម​ចោរ​បាន​គេចខ្លួន​អស់ មិនដឹង​ថា គេច​ដោយ​មធ្យោបាយ​អ្វី​ទេ ព្រោះ​​ពេល​នោះ​គាត់​តក់ស្លុត និង​ភ័យ​ពេក តាម​មើល​ពួក​ចោរ​មិន​ទាន់ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុម​ចោរប្លន់​ទាំង​៣​នាក់​នោះ មាន​បុរស​ចាស់​អាយុ​ប្រហែល​៥០​ឆ្នាំ​ម្នាក់ និង​ក្មេង​ៗ​អាយុ​ក្រោម​២០​ឆ្នាំ​ម្នាក់ មាន​កាន់​កាំភ្លើង​វែង​១​ដើម និង​ខ្លី​១​ដើម ។ ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ ពុំ​បណ្ដាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​៩០​លាន​រៀល ប្រាក់​ដុល្លារ​៧០០០​ដុល្លារ ចិញ្ចៀនមាស​១​វង់ ប្លា​ទី​ន​១​វង់ ក្រ​វឹល​១​គូ ទូរស័ព្ទ​អាយ​ហ្វូ​ន​១ សាំ​សុង​១ បើ​គិត​ជា​ប្រាក់​ដុល្លារ សរុប​អស់​ប្រមាណ​៣​ម៉ឺន​ដុល្លារ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​តាម​ស្ទាក់​និង​សហការ​គ្នា​គ្រប់​ច្រកល្ហក​ដែរ ប៉ុន្តែ​រក​ពុំ​ទាន់​ឃើញ​ស្រមោល​ចោរប្លន់​នោះ​ឡើយ ។ ទោះជា​បែប​ណា សមត្ថកិច្ច​កំពុង​បាន​បន្ត​ស្រាវជ្រាវ​គ្រប់​ទិស​ទី និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​នៅ​ជាប់​ព្រំប្រទល់​គ្នា​ផង​ដែរ ៕