ឈាម​ស្រែក​ស្បែក​ហៅ ! ឃាតករ​រំលោភ​សម្លាប់​ក្មេង​ស្រី​បណ្ដែតទឹកទន្លេ ចាប់​បាន​ហើយ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​​ត្រូវ​ឃាតករ​រំលោភ​សម្លាប់​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​មាត់ទន្លេ​ភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ពេល​នេះ​សមត្ថកិច្ច​ចាប់ខ្លួន​ឃាតករ​បាន ។

សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ដាង យ៉ាំ​ង​ដូ ហៅ​រី​ដូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​ជាង​បាញ់ថ្នាំ​តុទូ ស្នាក់​នៅផ្ទះ​លេខ​២១៩​អា ផ្លូវលំ​មាត់​ទន្លេបាសាក់ ក្នុងភូមិ​គោករការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​សា ឃុំ​ឌិន ស្រុក​គី​រី​វង្ស ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ ពី​បទ​រំលោភ​សម្លាប់ ។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​, កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​, កម្លាំង​នគរបាល​ខេត្តតាកែវ​, កម្លាំង​នគរបាល​ស្រុក​គី​រី​វង្ស និង​កម្លាំង​នគរបាល​វរ​សេនា​តូច​លេខ​៦០៣ ។

សូម​បញ្ជាក់​ថា ថ្ងៃ​ចូល​ឆ្នាំ​ចិន​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ទៅ​លេង​ផ្ទះ​ឪពុកមា ក៏​ត្រូវ​ជន​ដៃដល់​មាន​គ្នា​៣​នាក់​ល្បួង​ទៅ​លេង​វាល​ខ្សាច់​ក្រោយ​វត្ត​ចាក់​អង្រែ​រួច​ចាប់រំលោភ​បូក ហើយ​វាយ​សម្លាប់​បណ្តែត​ទឹក​ទន្លេបាសាក់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ស្ថិត​នៅ​វាល​ខ្សាច់​ក្រោយ​វត្ត​ចាក់​អង្រែ ក្នុងភូមិ​គោករ​ការ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ជួប ស្រី​ពៅ អាយុ​១៥​ឆ្នាំ ជា​ជនជាតិ​វៀត​ណ​ម ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​បងប្អូន​៣​នាក់ (​ស្រី​២) ក្មេង​ស្រី​រង​គ្រោះជា​កូន​ទី​២ ៕