យប់​ជ្រៅ​ស្ងាត់ ស្មានថា​គ្មាន​សមត្ថកិច្ច​មែន​ទេ?

ខេត្ត​ត្បូងឃ្មុំ ៖ កាណូត​ម៉ាស៊ីន​១​គ្រឿង​ដឹកឈើ​សុ​ក្រំ​ចេញ​មក​ពី​ខេត្តក្រចេះ​ចំនួន​២៥០​ដុំ​បាន​បើក​ចុះ​តាម​ខ្សែទឹក​ហូរ​ទន្លេមេគង្គ​ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ស្រុកក្រោម ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ធ្វើការ​បង្ក្រាប​បាន ដោយ​ឃាត់​ខ្លួន​មនុស្ស​២​នាក់​ផង​ដែរ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៧ មីនា ២០១៦ ត្រង់​ចំណុច​ភូមិ​ទី​៤ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨​មីនា ទាំង​មនុស្ស​និង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ប្រភព​ពី​នគរបាល​ស្រុក​ក្រូចឆ្មារ​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ជ្រៅ​ស្ងាត់​ថ្ងៃ​ខាងលើ គេ​បានឮ​សំឡេង​កាណូត​១​គ្រឿង​បាន​បើក​ចុះ​តាម​ទន្លេមេគង្គ ដោយ​សង្ស័យ​មាន​ដឹកឈើ​សមត្ថកិច្ច​បាន​ចេញ​ទៅ​ពិនិត្យ​មើល​ឃើញ​មាន​ឈើ​ក្នុង​កាណូត​នោះ​មែន ក៏​ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​បញ្ជា​ឲ្យ​បើក​ចូល​មក​ច្រាំង​ទន្លេ រួច​រាយការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ព្រមទាំង​ឃាត់ខ្លួន​បាន​ស្ត្រី​២​នាក់​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​ម្ចាស់​កាណូត​មាន ១-​ឈ្មោះ គី​ម ហ៊ី អាយុ​៥៥​ឆ្នាំ និង ២-​ឈ្មោះ គី​ម គា អាយុ​៤៥​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ដើម្បី​សួរនាំ ចំណែក​ឈ្មោះ ភី ណា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​បើកកាណូត​ដឹក​ឈើ​បាន​រត់គេច​ខ្លួន​បាត់ ។ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨​មីនា​នេះ ទាំង​ឈើ​និង​មនុស្ស​ស្រី​២​នាក់ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

លោក សួរ ដា​វី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្រើយ​ស្តាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាណូត​ដឹកឈើ​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជា​អ្នក​ចាប់ ហើយ​រូប​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​២​នាក់​ចុះ​ទៅ​កាន់​ស្រុក​ក្រូចឆ្មារ​ហើយ​ដើម្បី​ពិនិត្យ​មើល​ឯកសារ​ដែល​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​ចងក្រង ។

លោក ប៉ុក តារា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាណូត​ដឹកឈើ​ខាងលើ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​នៅ​យប់​ថ្ងៃ​ទី​២៧​មីនា ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨​មីនា រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ និង​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​បញ្ជូន​វត្ថុ​តាង និង​មនុស្ស​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​ឲ្យ​រូប​លោក​ពិនិត្យ​តាម​ក្រោយ​នៅ​សាលាដំបូង​ខេត្ត ៕