បង្ក្រាប​ឈ្មួញ​គ្រឿងញៀន​ឆ្លង​ដែន​២​នាក់​បងប្អូន​បង្កើត ដកហូត​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​២​នាក់​បងប្អូន​បង្កើត​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ជិត​១​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​បង្ក្រាប​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ មីនា ២០១៦ នៅ​ចំណុច​ភូមិ​គីឡូ​៨ (​ឫ​ទ្ធី​សែន​ជ័យ​) សង្កាត់​សាម​គី្គ ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​និង​គ្នា​មានឈ្មោះ ផា ខាំ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ ផា ណ​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​២រស់នៅ​ភូមិ​គី​ណា​ក់ ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ។

លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ដោយ​មាន​បទបញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាក់​បញ្ជា​ឲ្យ​អាវុធហត្ថ​រាជធានី​/​ខេត្ត​ត្រូវ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ឲ្យ​ដូច​ភ្លៀងរលឹម ជាក់ស្តែង​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ដួង វិចិត្រ ប្រធាន​មន្ទីរ​ព័ត៌មាន​សន្តិសុខ បាន​ធ្វើការ​ចាប់ខ្លួន​ជនជាតិ​ឡាវ​២​នាក់​រួម​ទាំង​វត្ថុ​តាង​ជាក់ស្តែង​នាំ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

ក្រោយ​ការ​នាំ​ខ្លួន​ជនជាតិ​ឡាវ​ទាំង​២​នាក់​មក​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ជំនាញ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដោយ​មានការ​សម្រប​ស​ម្រួ​ក​ពី​លោក វង្ស សាវ៉ា​ត អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ជាក់ស្តែង​ក្រោយ​ការ​ធ្វើតេស្ត​លើ​វត្ថុ​តាង ជំនាញ​សន្និដ្ឋានថា​​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​ម្សៅ​ក្រាម​ពណ៌​ស ដែល​មាន​ទម្ងន់​សរុប​ទាំង​ស្បោង​៩៦,៣០​ក្រាម ។

នៅ​ចំ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ខ្លួន​បាន​នាំ​ថ្នាំ​ញៀន​ទាំងនោះ​មក​ពី​ប្រទេស​ឡាវ ឆ្លង​តាម​ច្រករបៀង​ចូល​មក​ដី​ខ្មែរ ក្នុង​គោលបំណង​យក​មក​ឲ្យ​គេ​នៅ​ស្ទឹង​ត្រែង ដោយ​មានការ​ណាត់ជួប​ធ្វើការ​ដោះ​ដូរ តែ​ត្រូវ​សមត្ថកិច្ច​ដឹង​ចាប់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ៕