អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​ហ្មត់​គ្មាន​សល់

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​២៨ ខែមីនា ឆ្នាំ​២០១៦​នេះ បណ្តាល​ឱ្យ​ផ្ទះ​ដែល​ធ្វើ​ពី​ឈើ​ប្រក​ស័ង្កសី ទំហំ​៥​គុណ​៦​ម៉ែត្រ មួយ​ខ្នង​រង​ការ​ខូចខាត​ទាំងស្រុង​។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​​ឈ្មោះ ស៊ី​ម សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ​។ អគ្គិភ័យនេះ ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ព្រមទាំង​លុយ​ខ្មែរ និង​លុយ​ដុល្លា​ប្រមាណ​ជាង​២.០០០​ដុល្លារ ប៉ុន្តែ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ និង​ធ្វើ​ឱ្យ​ស្ដ្រី​ដែល​ជា​ម្ចាស់ផ្ទះបាន​រង​របួសស្រាល​។

អគ្គិភ័យ​នេះ​អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង  ព្រោះ​ម្ចាស់​មិន​នៅជាប់រវល់ទៅលក់ដូរ​។ គួរកត់សម្គាល់ផងដែរសម្រាប់​ស្រុក​ព្រៃ​នប់ នៅក្នុង​រដូវប្រាំង​នេះ គឺជា​លើក​ទី​២​ហើយ​ដែល​មានការ​រង​គ្រោះ​ដោយ​អគ្គិភ័យ ដែល​បាន​បំផ្លាញ​ផ្ទះ​អស់ទាំង​ស្រុង  ហើយ​នេះ​ជា​ស្រុក​ដែល​ធំ​ជាងគេ​ក្នុង​ខេត្ត ដែល​មាន​ឃុំ​រហូត​ទៅ​ដល់​ចំនួន​១៤​ឯនោះ  ហើយ​ពុំ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​សម្រាប់​ជួយ​សង្គ្រោះ​នោះ​ទេ​កន្លង​មក ។

តែ​ទោះបី​យ៉ាងណា​តាម​សម្ដី​លោក​អធិការ​ស្រុក​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​កន្លែង​កើតហេតុ  លោកស្នងការ​នឹង​បញ្ជូនរថយន្ដ​ពន្លត់អគ្គិភ័យមួយ​គ្រឿង មក​ឱ្យ​ខាង​ស្រុក​នៅ​ក្នុងថ្ងៃនេះ​ដែរ តែ​ជា​អកុសល​ឡានទឹក​ទើបតែ​ចេញពី​ខេត្ត​មិន​ទាន់​មក​ដល់​ផង  ក៏​កើត​មាន​​អគ្គិភ័យ​តែ​ម្តង  តែ​ទោះបី​យ៉ាងណា​មិន​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ដ​ទៃ​ដែរ  ព្រោះ​ត្រូវ​បាន​កម្លាំង​សាមគ្គី​ពី​ប្រជាពលរដ្ឋ​សហកា​រជាមួយ​សមត្តិ​កិច្ច​ចម្រុះ  មក​ជួយ​ពន្លត់​ទាន់​ពេល​មិន​ឱ្យ​រាលដាល​បន្ត​ទៀត​ឡើយ​៕