ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​លួច​កាច់​សោ​ម៉ូតូ​ដ៏​សកម្ម​នៅ​ខេត្ត​សៀមរាប​ចំនួន​២​នាក់

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​លួច​កាច់​សោ​ម៉ូតូ​ដ៏​សកម្ម​នៅ​ខេត្ត​សៀមរាប​ចំនួន​២​នាក់



សៀមរាប ៖​ កម្លាំង​នគរបាល​ខេត្ត​សៀមរាប​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ធ្វើការ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​លួច​កាច់​សោ​ម៉ូតូ​ដ៏​សកម្ម​នៅ​ខេត្ត​សៀមរាប​ចំនួន​២​នាក់​ជា​បន្តបន្ទាប់ ខ​ណៈ​ពួកគេ​ធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ​ពលរដ្ឋ​នៅ​ទី​ជន​បទ និង ​ក្នុង​ក្រុង​សៀមរាប។

ហេតុការណ៍​ឃាត់​នោះ​ ម្នាក់​ចាប់​បាន​នៅ​ថ្ងៃ​ទី​២៦​និង​ម្នាក់ទៀត​ចាប់​បាន​នៅ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៦​ក្នុង​ខេត្ត​សៀមរាប។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ដែល​បាន​ឃាត់ខ្លួន​មុនដំបូង​នោះ​មានឈ្មោះ សួត សង់ ភេទប្រុស អាយុ២០​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ សកម្ម​ខាង​លួច​កាច់​សោ​ម៉ូតូ នៅ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្តសៀមរាប​។

មន្ត្រី​ដដែល​បន្ត​ថា ស្រុក​ដែល​ជនសង្ស័យ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​កន្លងមក​នោះ​មាន​ស្រុក​ក្រឡាញ់​ ស្រុក​អង្គរជុំ ​ស្រុក​ស្រីស្នំ​ និង​ក្នុង​ក្រុង​សៀមរាប​ ហើយ​កាច់​បានសម្រេច​ចំនួន​០២​លើក​លើក​ទី​០១​នៅ​ភូមិ​ស្វាយដង្គុំ​ សង្កាត់​ស្វាយដង្គុំ​ ក្រុង​ និង​លើក​ទី​០២ ​នៅ​បរិវេណ​អង្គរ​ឃ្យុ​ង​យូ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​បាន​នៅ​ក្រុម​ទី​០៩​ភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។

មន្ត្រី​ដដែល​បន្ថែម​ថា បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​នាំ​ជនសង្ស័យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០១៦​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​សាកសួរ​តាម​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ ​និង ​ឃាត់ខ្លួន​បាន​បក្សពួក​ម្នាក់ទៀត​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​សហការ​ល្អ រវាង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ និង ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ចាន់ សុ​បិ​ន្ត ភេទ​​ប្រុស ​អាយុ២៣​ឆ្នាំ​ រស់នៅ​ក្នុងស្រុក​អង្គរជុំ និង​ដកហូត​បាន​ម៉ូត​ចំនួន​០២​គ្រឿង​បន្ថែមទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ កម្លាំង​សមត្ថកិច្ច​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​។ ចំពោះ​ម៉ូតូ​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​មាន​ចំនួន​០៣​គ្រឿង ហើយ​បាន​ធ្វើ​ការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ចំនួន​០២​គ្រឿង ​ដោយ​បាន​ផ្ទៀងផ្ទាត់​លិខិតស្នាម​បាន​ត្រឹមត្រូវ​និង​នៅសល់​០១​គ្រឿង​ទៀត​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅតាម​បណ្ដាល​អធិការដ្ឋាន​នគរបាល​ស្រុក​មួយ​ចំនួន​ដែល​ជនសង្ស័យ​ធ្លាប់​ធ្វើ​កម្ម​ភាព​ខាងលើ​ដើម្បី​ស្វែងរក​ម្ចាស់​ដើម​មក​ទទួលយក​វិញ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕