ដើរ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ច្នៃ​បុក​ស្លាប់​នៅ​នឹងកន្លែង

ដើរ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ច្នៃ​បុក​ស្លាប់​នៅ​នឹងកន្លែង



បាត់ដំបង ៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ បន្ទាប់ពី​រូបគេ​បាន​ដើរ​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​ច្នៃ​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​យ៉ាង​លឿន​មក​បុក​ទាំង​កម្រោល​តែ​ម្តង ដោយសារតែ​មើល​ក៏​មិនទាន់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦និង​២៥នាទី​ល្ងាច លើ​កំណាត់​ផ្លូវ​លេខ​៥៧B. ស្ថិត​ក្នុង​ភូមិ​ព្រៃ​លាច ឃុំ​បន្សាយ​ត្រែង ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង​រថយន្ត​ច្នៃ និង​អ្នក​ថ្មើរ​ជើង។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​រថយន្ត​ច្នៃ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2E-1447 បើកបរ​ដោយ​ឈ្មោះ ម៉ាស់ ​កា​ទ័យ​តុ​ក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​អ៊ី​ស្លាម រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដោយ​បាន​បើកបរ​យ៉ាង​លឿន​ពី​កើ​តទៅ​លិច។

របាយការណ៍​បាន​បន្ត​ថា លុះ​នៅ​ពេល​ដែល​រថយន្ត​ច្នៃ​បាន​បើក​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ហើយ​មេឃ​ក៏​ចាប់​ផ្តើម​ងងិត​បន្តិច​ទៅ​ហើយ​នោះ ក៏​ស្រាប់​តែ​មាន​យុវជន​ម្នាក់​ឈ្មោះ​​ទុំ ហៀ​ប អាយុ​២៧​ឆ្នាំ បាន​ដើរ​ឆ្លងកាត់​ផ្លូវ​ចំ​ពីមុខ​រថយន្ត​តែម្តង ដែល​ធ្វើ​ឲ្យ​អ្នក​​បើកបរ​មិន​អាច​ជាន់​ហ្វ្រាំង ឬ​បញ្ជា​យាន​ឲ្យ​ឈប់​ទាន់​ពេល​នោះ​ឡើយ ទើប​បណ្តាល​ឲ្យ​រថយន្ត​នោះ​បុក​ទាំង​កម្រោល​ទៅលើ​យុវជន​នោះ​តែ​ម្តង ដែល​ធ្វើ​ឲ្យ​គេ​ដួល​បោក​ទៅលើ​ផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

ក្រោយពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់ គេ​សង្កេត​ឃើញ​ថា អ្នកបើកបរ​រថយន្ត​មិនបាន​រត់​គេច​ខ្លួន​ទៅ​ណា​នោះ​ទេ ដោយ​គេ​នៅ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយ​ផ្លូវច្បាប់ រីឯ​សព​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​សិន ហើយ​មធ្យោបាយ​ធ្វើដំណើរ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ផង​ដែរ៕