អ្នក​ស្រុក​រវៀង​រាប់​រយ​នាក់ ​ផ្អើល​ជីក​រ៉ែ​មាស​មួយ​ប្រាវ ​ហើយ​ផ្អាក​វិញ

អ្នក​ស្រុក​រវៀង​រាប់​រយ​នាក់ ​ផ្អើល​ជីក​រ៉ែ​មាស​មួយ​ប្រាវ ​ហើយ​ផ្អាក​វិញ



ព្រះវិហារ ​៖​ សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក​ និង​អ្នក​ចំណូល​ថ្មី ​ប្រមាណ​៣០០​នាក់​ ដែល​មាន​មុខរបរ​មិន​ពិតប្រាកដ ​បាន​កេណ្ឌ​គ្នា​ទៅ​ជីក​រុករក​រ៉ែ​មាស​ស្ថិតនៅ​ចំណុច​ព្រៃទទឹង ​ភូមិ​រំដេង ​ឃុំ​រមទម ​ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ​កាលពី​ពេល​ថ្មីៗ​នេះ។ តំបន់​ដី​ ដែល​សង្ស័យ​ថា ​មាន​ប្រភព​រ៉ែ​មាស​ច្រើន​នោះ​ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ប៉ុន្តែ​មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ​អះអាង​ច្បាស់​ថា ​ពលករ​ទាំង​នោះ​ជីក​បាន​រ៉ែ​មាស​ប៉ុន្មាន​នោះ​ទេ ​វា​គ្រាន់តែ​ផ្អើល​តៗ​គ្នា​តែ​ប៉ុណ្ណោះ។
ទិដ្ឋភាព​ជីក​រ៉ែ​មាស​នៅ​ចំណុច​ព្រៃទទឹង​​ថ្មីៗ​នេះ​ គឺ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បាន​នាំគ្នា​ជិះ​គោយន្ត​កន្ត្រៃ​​ ​និង​ខ្លះ​ទៀត​ជិះ​ម៉ូតូ​មាន​ទាំង​ចបជីក ​និង​ដែក​ស្មែង​ ព្រមទាំង​ការុង​សម្រាប់ ​ដាក់​អាចម៍ដី​យក​ទៅ​រែង​រក​មាស​នៅ​តាម​អូរ ​និង​តាម​ផ្ទះ​រៀង​ៗ​ខ្លួន។

ពលរដ្ឋ​ជីក​រ៉ែ​មាស​ម្នាក់​បាន​ឲ្យដឹង​ថា​ ជា​ទម្លាប់​ឲ្យតែ​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ​ គឺ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ជាច្រើន​នាក់​បាន​នាំគ្នា​ផ្សងសំណាង​ទៅ​ជីក​រ៉ែ​មាស​ដើម្បី​លក់​យក​លុយ​បុណ្យចូលឆ្នាំ​ខ្មែរ​ ដោយ​នាំគ្នា​បួងសួង ​និង​បន់ស្រន់​ឲ្យ​ទេវតា​ជួយ​ថែមទៀត។

តាម​ការស្រាវជ្រាវ​ស៊ើបសួរ​អ្នកស្រុក​រវៀង​បានឲ្យដឹងថា ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ពលករ​ជីក​រ៉ែ​មាស​ទាំង​នោះ​ បាន​ត្រឹម​ល្អមើល​តែប៉ុណ្ណោះ​ គ្មាន​អ្នកណាម្នាក់​មានភ័ព្វ​សំណាង​បាន​ធ្វើ​អ្នក​មាន​នោះ​ទេ ​ហើយ​អ្នកខ្លះ​ឮ​ថា​ជំពាក់​បំណុល​គេ​ថែមទៀត។

លោក​សាយ ​ដេ​ត​ អធិការ​នគរបាល​ស្រុក​រវៀង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ ខែ​មីនា​នេះ​ថា​ប្រជាពលរដ្ឋ​ជីក​រក​រ៉ែ​មាស​ខាង​លើ​ បាន​នាំគ្នា​ផ្អាក​ឈប់​ជីក​អស់​ហើយ​ កាលពី​កន្លះ​ខែ​មុន។ ពួកគាត់​ឈប់​ជីក​រក​មាស​ដោយ​ខ្លួនឯង ​រីឯ​សមត្ថកិច្ច​មិនបាន​ធ្វើ​អី​ពួកគាត់​ទេ។

សេចក្តី​រាយការណ៍​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ​មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ដឹក​ម៉ាស៊ីន​ទំនើប​ៗ​សម្រាប់​ខួង​ និង​កិន​រ៉ែ​មាស​ ដើម្បី​ជីក​រុករក​មាស​លើ​ដី​ទំហំ​២​ហិកតា​របស់​នាយទាហាន​ជាន់ខ្ពស់​ម្នាក់​ពាក់​ផ្កាយ​២​មកពី​រាជធានី​ភ្នំពេញ។ អាជ្ញាធរ​ស្រុក​រវៀង​បាន​ឆ្លើយ​ថា​មិនទាន់​បាន​ដឹង​ពី​ប្រភព​ព័ត៌មាន​មួយ​នេះ​ទេ ​ចាំ​ចុះ​ស្រាវជ្រាវ​សិន។

ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ចិន​ខ្នាត​ធំ​រុករក​រ៉ែ​មាស​មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឈ្មោះ​CWS​ នៅ​ចំណុច​ភ្នំ​លុង ​ក្នុង​ឃុំ​រមទម​ បាន​ចាក់គ្រឹះ​ធ្វើ​អាជីវកម្ម​យក​មាស​យ៉ាង​រឹងមាំ​ជាង​១០​ឆ្នាំ​ជាប់​គ្នា​មកនេះ​ សង្ស័យ​បាន​ចំណេញ​កប់​ក្ដោង៕

អ្នក​ស្រុក​រវៀង​រាប់​រយ​នាក់ ​ផ្អើល​ជីក​រ៉ែ​មាស​មួយ​ប្រាវ ​ហើយ​ផ្អាក​វិញ