រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា



ភ្នំពេញ ៖ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហ្វី​លី​ព ខាល​វើត (Philip Calvert) ឯកអគ្គរាជទូត​រប​ស់​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន នៅ​ទីក្រុង​បាងកក ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៏ និង ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦, នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក ហ្វី​លី​ព ខាល​វើត បាន​ជម្រាប​ជូន​លោក​បណ្ឌិត​រដ្ឋមន្ត្រី​ថា ដោយ​មើលឃើញ​ពី​ការរីក ចម្រើន​ឥត​ឈប់ឈរ​ជា​លំដាប់​របស់​កម្ពុជា និង​ឈរ លើ​មូលដ្ឋាន​នៃ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង ប្រទេស​ទាំងពីរ​កន្លង​មក ប្រទេស​កាណាដា​បាន​បើក​ការិយាល័យ​ការទូត​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ ២០១៥ ហើយ លោក​សង្ឃឹមថា ការិយាល័យ​ការទូត​នេះ​នឹង​ជួយ​សម្រួល ដល់​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស និង ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ថែម​មួយ​កម្រិត​ទៀត។

លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​ការ​អបអរសាទរ ចំពោះ​ការ​បើក​ការិយាល័យ​ការទូត នៃ​ប្រទេស​កាណាដា​ប្រចាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ នៅ​ក្នុង​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ ហើយ​លោក​រំពឹង​យ៉ាង​មុតមាំ​ថា ការ​បើក​ការិយាល័យ​ស្ថាន ទូត​កាណាដា ជា​ផ្លូវការ​នេះ នឹង​បើកទូលាយ​កាលានុវត្តនភាព​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ក៏​ដូច ជា​អាច​លើកកម្ពស់​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​កាណាដា នឹង​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ថែមទៀត​នៅ​គ្រប់​វិស័យ។

លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន និង រដ្ឋាភិបាល កាណាដា​ដែល​បាន​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​ចូលរួម ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​ជាមួយនឹង ពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច អភិបាលកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ ទៀតផង​ដែរ ។ ជាមួយគ្នា​នោះដែរ លោក បណ្ឌិត​រដ្ឋមន្ត្រី​ក៏បាន ជម្រាប​អំពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ដែល​មាន​កំណើន​ល្អជា​លំដាប់ ចំណែក​តួលេខ​នៃ​ការ កាត់បន្ថយ​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង ហើយ​ការគ្រប់គ្រង បំណុល​សាធារណ​ទៀតសោត ក៏​មាន​ភាព​ប្រសើរ ឡើង​ផង​ដែរ។

លោក ហ្វី​លី​ព ខាល​វើត បាន​សម្តែង​នូវ​ការ​ពេញ ចិត្ត​ចំពោះ ការ​ជោគជ័យ​របស់ ក្រុមហ៊ុន​ធានា រ៉ាប់រង​ជីវិត Manulife របស់​ប្រទេស កាណាដា​ដែល​បាន​ប្រតិបត្តិការ ៤ ឆ្នាំ​កន្លង​មក​ហើយ​នៅ​កម្ពុជា ប្រកប​ដោយ​ជោគជ័យ។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​យក​ចិត្តទុកដាក់ បន្ថែម​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង លើកកម្ពស់​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ ដែល​អាច​ធានា​បាន​នូវ​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​រវាង​ប្រទេស និង​ប្រជាជន​នៃ ប្រទេស​ទាំងពីរ ហើយ​កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​ភាគី មិត្ត​ក្នុង​ការ​ជំរុញ អ្នក​វិនិយោគិន កាណាដា​ឲ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ហើយ​កម្ពុជា​នឹង​ជួយ​សម្រួល ដល់​បរិយាកាស វិនិយោគ​របស់​អ្នក​វិនិយោគិន​ទាំងអស់ ដែល​នឹង​គ្រោង​នឹង​មក បណ្តាក់ ទុន​នៅ​កម្ពុជា​នា​ពេល​អនាគត។

លោក​ឯកអគ្គរាជទូត បាន​ជម្រាប​ជូន លោក រដ្ឋមន្ត្រី​ថា កាណាដា បាន​ដឹង​ថា កម្ពុជា​កំពុង​រៀបចំ​ឯកសារ​គោល​នយោបាយ​ស្តី​ពី​ការអភិវឌ្ឍន៍​យន្តការ ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុង​ន័យ​នេះ ប្រទេស​កាណាដា​នឹង​ចូល​រួម​ចំណែក​តាមតែ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ចូល រួម​ដល់​ការ​អភិវឌ្ឍ​គោលនយោបាយ​នេះ៕