EUROCHAM មាន​សុទិដ្ឋិនិយម​ពី​កំណែទម្រង់​របស់​រដ្ឋាភិបាល

EUROCHAM មាន​សុទិដ្ឋិនិយម​ពី​កំណែទម្រង់​របស់​រដ្ឋាភិបាល



ភ្នំពេញ ៖ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា EuroCham បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​កំណែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា និង​បាន​សាទរ​ចំពោះ​ការខិតខំ​របស់​រដ្ឋាភិបាល ដែល​សម្រេច​បាន​កន្លង​មក ប៉ុន្តែ​ពួកគេ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ធនធានមនុស្ស និង​ប្រ​ព័​ន្ធ​យុត្ត​ធម៌​ដែល​អាច​ទុក​ចិត្ត​បាន។

លោក GUILLAUME MASSIN អនុប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព៌ត័មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​រវាង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​កម្ពុជា និង​ការ​ផ្សព្វផ្សាយ​សៀវភៅ ស ជា​អនុសាសន៍​សម្រាប់​គោលនយោបាយ ស្តីពី​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ នៅ​រសៀល​ថ្ងៃទី ២៨ មីនា​នេះ​ថា កម្ពុជា​នៅតែ​ជា​ប្រទេស ដែលមាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ដែល​ពួកគេ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ប្រសិនជា​ពួកគេ​យល់ថា​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ទី​នេះ​។

លោក​បន្ត​ថា EUROCHAM​ មើល​ឃើញ​ថា រដ្ឋាភិបាល​និង​វិស័យ​ឯកជន​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​លើក​ង្វះ​ធនធានមនុស្ស ហើយ​រយៈពេល​១០​ឆ្នាំ​ក្រោយ​យើង​អាច​មាន​សុទិដ្ឋិនិយម​បាន។

លោក​បន្តថា មាន​អ្នក​វិនិយោគ​អឺរ៉ុប​នៅ​កម្ពុជា​បាន​និយាយ​ថា ពួកគេ​មិនទាន់​ដឹង​និង​ឃើញ​លទ្ធផល​នៃ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ទេ​។ វា​ជា​ការពិត​ព្រោះ​វា​ស្ថិត​ក្នុង​ដំណាក់កាល អន្តរកាល ប៉ុន្តែ​យើង​ជឿជាក់​ថា ការ​ខិតខំ​ធ្វើ​កំណែទម្រង់​របស់​រដ្ឋា​ភិ​បាល​នឹង​មាន​ល​ទ្ធ​ផល​ល្អ​នៅ​ពេល​ខាងមុខ​។

លោក​បន្ត​ថា កម្ពុជា​ក៏​បាននឹងកំពុង​ដោះស្រាយ​លើ​ក្រុមហ៊ុន​មិន​បង់ពន្ធ​ផង​ដែរ ព្រោះ​ការ​មាន​ក្រុមហ៊ុន​មិន​បង់​ពន្ធ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​នៅ​ទី​នេះ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​ខិតខំ ព្រោះ​រហូត​មក​ទល់​ពេលនេះ ការ​ប្រមូល​ព​ន្ធ​បាននឹងកំពុង​កើន​ឡើង ដូច្នេះ​ក្រុមហ៊ុន​ដែល​មិន​បង់ពន្ធ ពួកគេ​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ភាគតិច​នៅ​ពេល​អនាគត។

យោង​តាម​លទ្ធផល នៃ​ការអង្កេត​លើ​ក្រុមហ៊ុន​អឺរ៉ុប​ចំនួន​៧៩​ក្រុមហ៊ុន ដែល​បាននឹងកំពុង​រកស៊ី​នៅ​កម្ពុជា​បាន​បង្ហាញ​ថា ក្រុមហ៊ុន​អឺរ៉ុប​នៅ​កម្ពុជា​រហូតដល់​៨១​ភាគរយ​ឲ្យ​ដឹង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា បើ​ទោះ​ជា​ក្រុមហ៊ុន​៦៤​ភាគរយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​តម្លាភាព និង​៧៩​ភាគរយ​បាន​លើក​ឡើង​ពី កង្វះ​ធនធានមនុស្ស​ក្តី។

លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា សភា​ពាណិជ្ជកម្ម​អឺរ៉ុប​កំពុង​លើកទឹកចិត្ត​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​និង​មាន​ប្រសិទ្ធភាព​លើ​ការងារ​របស់ខ្លួន ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​អឺរ៉ុប​មកកាន់​កម្ពុជា ខណៈ​បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​អឺរ៉ុប​៥​ភាគរយ​ប៉ុណ្ណោះ បាន​វិនិយោគ​នៅ​កម្ពុជា ប៉ុន្តែ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​អឺរ៉ុប​មក​កម្ពុជា​ឲ្យ​បាន​ច្រើន ទាមទារ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស និង​ផ្តល់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ទី​នេះ ព្រោះ​អ្នកវិនិយោគ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ឬ​នៅ​ប្រទេស​ណាមួយ ពេល​ពួកគេ​មាន​បញ្ហា ពួកគេ​ត្រូវការ​ប្រ​ព័​ន្ធ​យុ​ត្តិ​ធម៌​មួយ​ដែល​អាច​ទុក​ចិត្តបាន។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ថ្លែង​ថា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា កាន់​តែ​ច្រើន រដ្ឋាភិបាល​មាន​តួនាទី​មួយ​ចំនួន ប៉ុន្តែ​ផ្នែក​ឯកជន​កម្ពុជា​ត្រូវ​សំអិតសំអាង ពង្រឹង​ស្មារតី​ខ្លួនឯង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​មក​អាច​ចាប់​ដៃគូ​ជាមួយ​ពួកគេ​បាន។

លោក​បន្ត​ថា មាន​ផ្នែក​ឯកជន​មួយចំនួន​បានលើកឡើង​ថា រដ្ឋាភិបាល​គិតតែ​ពី​អ្នកវិនិយោគ​បរទេស ប៉ុន្តែ​ការពិត​ច្បាប់​គឺ​សម្រាប់​ទាំង​អស់​គ្នា ទាំង​អ្នក​វិនិយោគ​បរទេស និង​ក្នុងស្រុក។

លោក​បន្ត​ថា ជាក់​ស្តែង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម គឺ​រៀបចំ​គោល​សម្រាប់​ទាំង​អ្នក​វិនិយោគ​ក្នុងស្រុក និង​បរទេស ជាមួយ​មូលដ្ឋាន​ឧស្សាហកម្ម​ដែល​យើង​មាន​ក្នុងស្រុក​ឲ្យ​មាន​ទំនាក់ទំនង​គ្នា ហើយ​កម្ពុជា​មិន​គួរ​អស់សង្ឃឹម​នោះ​ទេ ព្រោះ​កាលពី​១០​ឆ្នាំមុន លោក​បាន​ទៅធ្វើ​ទំនាក់ទំនង និង​ធ្វើ​សិក្ខាសាលា​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា ដែល​ពេលនោះ​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុ​ជា​មាន​ចំនួន​តិច​មែនទែន តែ​ទន្ទឹង​នឹង​នោះ​ជប៉ុន​ផ្តល់ជំនួយ​ធំជាងគេ​នៅ​កម្ពុជា។

លោក​បន្ត​ថា ដូច​គ្នា​នេះ​ដែរ​សហគមន៍​អឺ​រ៉ុប​បាន​ផ្តល់​ជំនួយ​ច្រើន​មក​កម្ពុជា ផ្ទុយទៅវិញ​ពួកគេ​មក​វិនិយោគ​តិច​នៅ​កម្ពុជា គឺ​ដូច​ជប៉ុន​កាលពី​១០​ឆ្នាំមុន ដូច្នេះ​យើង​កុំ​អស់សង្ឃឹម ព្រោះ​យើង​អាច​ធ្វើ​ឲ្យ​សភាពការណ៍​នេះ​អាច​ប្រែប្រួល គឺ​ការសន្ទនា​ជាមួយគ្នា​ថា កម្ពុជា​គួរ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ប្រែប្រួល និង​ទាក់ទាញ ព្រោះ​យើង​មិន​អាច​អង្គុយ​នៅផ្ទះ​ចាំ​គេ​នោះ​ទេ​៕