ភាពក្រីក្រ និង បាត់បង់​ប្តីធ្វើ​ឲ្យ​ខ្ញុំ​ចង់​សម្លាប់ខ្លួន​

6 Videos


ដោយសារ​តែមាន​កូនតូច​ដូច្នេះ​នាង​ខ្ញុំ​ក៏ត្រូវ​នៅ​មើល​ថែកូនៗ​និង​ផ្ទះសម្បែង ។ ចំណែក​ប្តីរបស់​នាង​ខ្ញុំ​វិញ​គាត់​ស៊ីឈ្នួល​គេ​បន្តិចបន្តួច ហើយ​ប្រាក់ចំណូល​មិន​គ្រប់សម្រាប់​ផ្គត់ផ្គង់ដល់​ការចំណាយ​របស់​គ្រួសារ​ទើប​ធ្វើឱ្យ​ប្តី​ប្រពន្ធ​ខ្វែងគំនិត​គ្នា​ជា​បន្តបន្ទាប់ ។

​ដល់​ថ្ងៃមួយ​គាត់​ដាច់ចិត្ត​ចាក​ចេញពី​គ្រួសារ​ដោយ​មិនបាន​ប្រាប់​មួយ​ម៉ាត់ ។ នាង​ខ្ញុំ​មាន​អាយុ ៣១ ឆ្នាំ កំពុងតែ​គ្មាន​ការងារ​ធ្វើ​និង​មាន​វិបត្តិ​ក្នុង​គ្រួសារ​យ៉ាង​ធ្ងន់ ។ នាង​ខ្ញុំ​ចាប់កំណើត​និង​ធំឡើង​ក្នុង​ត្រកូល​ក្រីក្ររៀន​បានត្រឹមតែ​ថ្នាក់​ទី ៧ ហើយ​ត្រូវ​ធ្វើការ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។ ក្រោយមក​នាង​ខ្ញុំ​ក៏​រៀបការ​ដោយ​សង្ឃឹមថា​ជីវិត​នឹងមាន​ការប្រែប្រួល​ល្អមាន​សេចក្តីសុខ​សុភមង្គល​បន្ទាប់ពី​មានកូន​ពីរ​នាក់ ព្រោះ​មាន​ដៃគូ​ជីវិត​ជួយ​រួមដៃគ្នា​កសាងអនាគត​និង​ចាក​ផុតពី​ភាពក្រីក្រ ប៉ុន្តែ​ទេវតា​មិន​អាណិត​នាង​ខ្ញុំ​នោះទេ ។​

M88


​នៅពេល​មានកូន​នាង​ខ្ញុំ​ត្រូវ​នៅ​ថែទាំ​កូន​និង​ផ្ទះសម្បែង ។ នាង​ខ្ញុំ​ត្រូវ​រ៉ាប់រង​ការងារ​ផ្ទះទាំងអស់មិន​ថា​ការងារ​ធ្ងន់​ឬ​ស្រាល តែ​ការងារ​ជា​មេផ្ទះ​មិនអាច​ធ្វើ​ចេញ​ជា​ប្រាក់​នោះទេ ។ ម្យ៉ាងទៀត​ប្តី​របស់​នាង​ខ្ញុំ​ក៏​មិនមែនជា​អ្នករៀន​បាន​ខ្ពស់​និង​មាន​ការងារ​ល្អដូច្នេះ​ប្រាក់ចំណូល​របស់គាត់​ក៏​មិនបាន​ច្រើន​ដែរ ។ បញ្ហា​ប្រាក់ចំណូល​ទាប​បាន​នាំឱ្យ​យើង​ឈ្លោះប្រកែកគ្នា​ជា​ញឹកញាប់ប្រការ​នេះហើយ​បណ្តាលឱ្យ​គាត់​រត់ចោល​ប្រពន្ធ​កូន​រហូតមក​ដល់ពេលនេះដោយ​មិនបាន​និយាយ​លាគ្នា​សូម្បី​តែមួយ​ម៉ាត់ ។​

ឪពុកម្តាយ​នាង​ខ្ញុំ​ក៏​ក្រីក្រ​ទើប​មិនអាច​ជួយ​អ្វី​បាន​ដល់​គ្រួសារ​បែកបាក់​នេះ​ទេ ។ នៅពេល​នឹកឃើញ​ដល់​ស្ថានភាព​ក្រលំបាក​កូនៗ​ហូប​មិនបាន​គ្រប់គ្រាន់​មិនមាន​សម្លៀកបំពាក់​ត្រឹមត្រូវ​នឹង​គេម្យ៉ាង​បំណុល​ដែល​ជំពាក់​អ្នកជិតខាង​ក៏​មិនទាន់​សង​រួចធ្វើឱ្យ​នាង​ខ្ញុំ​ចង់តែ​បញ្ចប់ជីវិតខ្លួនឯង​ដើម្បី​រួច​ផុតពី​សេចក្តី​វេទនា​នេះ ។

​ប្រាក់​បំណុល​មិន​ច្រើន​ប៉ុន្មាន​នោះទេ​សម្រាប់​អ្នកដទៃ ប៉ុន្តែ​ចំពោះ​គ្រួសារ​នាង​ខ្ញុំ​វិញ​បំណុល​ទាំងនោះ​ជា​ទ្រព្យ​ដែល​ត្រូវ​សន្សំ​ស្ទើរ​មួយជីវិត ។ បច្ចុប្បន្ន​បញ្ហា​ធំ​បំផុត​ដែល​នាង​ខ្ញុំ​និង​កូនៗត្រូវ​ប្រឈម​នោះ​គឺ​ការរក​ប្រាក់​ដើម្បី​ដោះបំណុល ។ ទាំង​នាង​ខ្ញុំ​ទាំង​កូនៗ​ត្រូវ​ធ្វើការ​គ្រប់បែបយ៉ាង​ដើម្បី​ក្រពះ​ហើយ​អ្វីដែល​គួរឱ្យ​សោកស្តាយ​ជាង​នេះ​គឺ​កូនៗ​ត្រូវ​ប្រឈម​នឹង​ភាព​ល្ងង់ខ្លៅ​ដូច​នាង​ខ្ញុំ​ព្រោះតែ​ពួកគេ​មិនបាន​ចូលរៀន ។ តើ​នាង​ខ្ញុំ​ត្រូវ​ដោះស្រាយ​បញ្ហានេះ​យ៉ាងដូចម្តេច ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​ពាក្យចាស់​ពោលថា​«​មិនមាន​អ្នកណា​ក្រ​រហូត ៣ ជំនាន់ហើយក៏​មិនមាន​អ្នកមាន​ណា​ចេះតែមាន​សុភមង្គល​ជានិច្ច​នោះដែរ​» ។ ចូរ​ប្រឹងប្រែង​ឡើង​នាង​នឹងមាន​អនាគត​ល្អ​ជាងបច្ចុប្បន្ន ។ ការ​កើតមក​ក្នុង​ត្រកូល​អ្នកក្រីក្រ​មិនមែនជា​កំហុស​របស់​ទេវតា​ហើយក៏​មិនមែនជាកំហុស​របស់​ឪពុកម្តាយ​ឬក៏​កម្មផល​អ្វី​ពី​ជាតិ​មុន​របស់​នាង​នោះដែរ នេះ​បើតាម​វិទ្យាសាស្ត្រ ។

​អ្វី​ដែលជា​កំហុសឆ្គង​របស់​នាង​និង​ប្តី​គឺ​ការដែល​មិនបានគិត​គូរ​ឱ្យបាន​ច្បាស់លាស់​មុននឹងបង្កើតកូន ។ តាមពិត​ប្រសិនបើ​នាង​បានទទួល​យោបល់​ពី​មនុស្ស​ទាំងឡាយ​ដែល​ធ្លាប់មាន​បទពិសោធ​ជីវិត​ទាក់ទិន​នឹង​រឿង​គ្រួសារពេលនោះ​ប្រាកដ​ណាស់​ថា​នាង​នឹងមិន​ធ្លាក់ខ្លួន​លំបាក​វេទនា​ដូច​បច្ចុប្បន្ននេះ​ទេ ។ នាង​អាច​ជ្រើសរើស​ផ្លូវ​ល្អ​ដើម្បី​រៀប​គម្រោង​សម្រាប់ទទួល​និង​ចិញ្ចឹម​កូនៗ ។ យ៉ាងណាក៏ដោយ​អ្វី​ទាំងនេះ​វា​បាន​កន្លងផុត​ទៅហើយ​បញ្ហា​ដែលនាង​កំពុង​ប្រឈម​គឺ​ការ​ដោះបំណុល ។​

​តាម​យោបល់​របស់​«​ប្រជាប្រិយ​»​ប្រសិន​ការងារ​ដែល​នាង​កំពុង​ធ្វើ​មាន​ប្រាក់ចំណូល​ទាប​ជាងការងារ​រោងចក្រ​កាត់ដេរ នាង​គួរតែ​សាកល្បង​វិលត្រឡប់​ចូល​រោងចក្រ​វិញព្រោះថា​នៅទីនោះ​នាង​អាច​រកបាន​ប្រាក់​ចន្លោះ​ពី ១០០ ដុល្លារ ទៅ​ជាង ២០០ ដុល្លារ​អាមេរិក​ក្នុង​មួយខែៗ ( ដោយ​បូក​រួមទាំង​ប្រាក់​ថែម​ម៉ោង និង ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ) ។ ទឹកប្រាក់​នេះ​អាចឱ្យ​នាង​សន្សំ​ដើម្បី​ដោះបំណុល​និង​ចិញ្ចឹម​កូនៗ ។ នៅពេល​ដំណោះស្រាយ​ផ្នែក​ការងារខាងលើ​មិនអាច​ជួយ​ដោះស្រាយ​បញ្ហា​ធំ​របស់​នាង​បាន​ពេលនោះ​នាង​ប្រហែលជា​គួរតែ​ពឹងលើ​អង្គការក្រៅរដ្ឋាភិបាល វត្ត​អារាម ឬ មណ្ឌលកុមារ ។​ល​។

​តាំងពីដើម​រៀងមក​វត្ត​ព្រះពុទ្ធសាសនា​ជា​កន្លែង​មួយ​ដែល​អាចជួយ​ដល់​មនុស្ស​ទាំងឡាយ មិន​ថា ក្មេង ចាស់ ប្រុស ស្រី អ្នក មាន ឬ អ្នកក្រ ដូច្នេះ​ទីនេះ​អាចជា​ទីពឹង​ដ៏​ធំ​សម្រាប់​កូនៗរបស់​នាង ។ ក្រៅ ពី​វត្ត​អារាម​បច្ចុប្បន្ន​ក៏មាន​អង្គការ​ជាច្រើន​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​កុមារ អនាថា កុមារ​ក្រីក្រ ក្នុងនោះ​មាន​អង្គការ​ខ្លះ​ទទួល​កុមារ​ឱ្យ​ស្នាក់នៅ​ហូបចុក​និង​សិក្សាហើយក៏មាន​អង្គការ​ខ្លះ​ទទួល​កុមារ​ក្រីក្រ​កុមារ​អនាថា​ឱ្យ​ហូបចុក សិក្សា​ផ្នែក​ភាសា​មួយពេល​ក្នុងមួយថ្ងៃនិង​ជួយ​ជា​ថវិកា​សម្រាប់​សិក្សា​ភាសា​ខ្មែរ​ព្រមទាំង​ជួយ​ជា​អង្ករ​មួយ​កូន​កា​រ៉ុង​ល្មមនឹង​អាចឱ្យ​ក្មេង ២ នាក់ ហូប​បាន​ពេញ​មួយខែ ។

​រីឯ​រឿង​ដែលថា​នាង​គិតដល់​ការស្លាប់​ដើម្បី​បញ្ចប់សេចក្តី​ទុក្ខ​នោះ​វា​មិនមែនជា​អំពើ​ល្អ​ឡើយ ។ តាម​ព្រះពុទ្ធសាសនា​ការសម្លាប់​ខ្លួនឯង​ក៏​ជា​អំពើ​បាប ហើយ​បើតាម​ជំនឿ​ការ​សម្លាប់ខ្លួន​បាន សម្រេច​មួយ​ជាតិ​នឹង​បណ្តាលឱ្យមាន​អំពើ​ដដែល​នេះ​កើតឡើង​នៅ​ជាតិ​ក្រោយៗ​រហូតដល់ ៥០០ ជាតិ​ឯណោះ ។ ដូច្នេះ​នាង​ត្រូវតែ​បោះបង់​គំនិតអាក្រក់​នេះ​ចោល​ឱ្យ​អស់ពី​អារម្មណ៍ ៕​