បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ ALEXANDER THE GREAT (មេរៀន​ជីវិត​ដែល​អ្នក​ត្រូវ​ដឹង​)

នៅ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខ្លួន,​​​ ALEXANDER THE GREAT​បាន​ហៅ​មេ​ទ័ព​គាត់​ទាំង​អស់​មក​ក្បែរ​គ្រែ​របស់​គាត់​ ហើយ​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​បី​យ៉ាង​នៅ​ពេល​គាត់​ផុត​ដង្ហើម​ទៅ​៖

ទី១៖សូម​ជ្រើស​រើស​គ្រូពេទ្យ​ពូកែ​ជាង​គេ មក​សែង​មឈូស​របស់​គាត់​
ទី២៖ សូម​យក​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​មាន​ទាំងអស់​ ក្រាល​ធ្វើ​ជា​ផ្លូវ​សម្រាប់​ហែ​សាក​សព​ខ្ញុំ​
ទី៣៖ សូម​ដាក់​ដៃ​របស់​ខ្ញុំ​​នៅ​ខាង​ក្រៅ​មឈូស​ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​

ក្រោយ​ពី​បាន​លឺ​សំដី​របស់​គាត់​ហើយ​ មាន​មេទ័ព​របស់​គាត់​ម្នាក់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នូវ​កិច្ចការ​ទាំង​៣​យ៉ាង​នោះ​ ទើប​គាត់​សួរ​ ALEXANDER THE GREAT ឲ្យ​បក​ស្រាយ​ហេតុអ្វី​ធ្វើ​បែប​នេះ​ ។

ALEXANDER THE GREAT ក៏​បាន​ពន្យល់​ថា​

ទី១៖សូម​ជ្រើស​រើស​គ្រូពេទ្យ​ពូកែ​ជាង​គេ មក​សែង​មឈូស​របស់​គាត់​នេះ​ដើម្បី​បញ្ជាក់​ថា៖ មនុស្ស​មិន​អាច​គេច​ពី​សេចក្ដី​ស្លាប់​បាន​ទេ​ នៅ​លើ​ផែន​ដី​នេះ​ទោះ​គ្រូ​ពេទ្យ​ពូកែ​យ៉ាង​ណា​ក៏​មិន​អាច​ព្យាបាល​មនុស្ស​អោយ​គេច​ពី​សេចក្ដី​ស្លាប់​បាន​​ដែរ​ ។ ​​​

ទី២៖ សូម​យក​ទ្រព្យសម្បត្តិ​ដែល​ខ្ញុំ​មាន​ទាំងអស់​ ក្រាល​ធ្វើ​ជា​ផ្លូវ​សម្រាប់​ហែ​សាក​សព​ខ្ញុំ​នេះ​ដើម្បី​បញ្ជាក់​ថា​៖ អ្វី​ដែល​មាន​នៅ​ផែន​ដី​ គឺ​សម្រាប់​ផែនដី​មិន​អាច​យក​ទៅ​ជាប់​ខ្លួន​បាន​ទេ​

ទី៣៖ សូម​ដាក់​ដៃ​របស់​ខ្ញុំ​​នៅ​ខាង​ក្រៅ​មឈូស​ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​នេះ​ដើម្បី​បង្ហាញ​ថា៖ កើត​មក​ដៃ​ទទេ​ហើយ​ស្លាប់​ទៅ​វិញ​ក៏​ដៃ​ទទេ​។ ប៉ុន្តែ​អ្វី​ដែល​មាន​តម្លៃ​បំផុត​នោះ គឺ​ពេល​វេលា​។

បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ ALEXANDER THE GREAT (មេរៀន​ជីវិត​ដែល​អ្នក​ត្រូវ​ដឹង​)
គាត់​ឲ្យ​គេ​ចោះ​ប្រហោង​សង​ខាង​ដៃ​របស់​គាត់​ ដើម្បី​បង្ហាញ​ដល់​ប្រជាជន​ទូទៅ​ឲ្យ​ដឹង​ថា​ មក​ក៏​ទទេ​ ទៅ​វិញ​ក៏​ទទេ​ ។

បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ ALEXANDER THE GREAT (មេរៀន​ជីវិត​ដែល​អ្នក​ត្រូវ​ដឹង​)
យើង​អាច​រក​លុយ​កាក់​មាស​ប្រាក់​បាន​ តែ​មិន​អាច​បង្កើន​ពេល​វេលា​បន្ថែម​សម្រាប់​ជីវិត​យើង​ទេ​។ ពេល​ដែល​យើង​លះបង់​ពេល​វេលា​សម្រាប់​​នរណា​ម្នាក់​ គឺ​មាន​ន័យ​ថា​ យើង​បាន​ចំណាយ​មួយ​ផ្នែក​នៃ​ជីវិត​របស់​យើង​សម្រាប់​អ្នក​នោះ​ ហើយ​មិន​អាច​ទាមទារ​មក​វិញ​បាន​ទេ​។
ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា​៖ តើ​លោក​អ្នក​ចំណាយ​ពេល​វេលា​របស់​អ្នក​យ៉ាង​ដូច​ម្តេច​?​ ផ្ដល់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​អ្នក​ទៅ​នរណា​? ហើយ​អ្នក​នៅ​សល់​ពេល​វេលា​ប៉ុន្មាន​ទៀត​?

បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ ALEXANDER THE GREAT (មេរៀន​ជីវិត​ដែល​អ្នក​ត្រូវ​ដឹង​)
​បើ​សិន​ជា​អ្នក​ចង់​ស្វែង​យល់​ថា​ ALEXANDER THE GREAT ជា​អ្នក​ណា​ អ្នក​អាច​មើល​វីដេអូ​ខាង​ក្រោម​នេះ​បាន​៖

នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅថ្ងៃនេះ សេង ឌីណា សូមលើកឡើង អំពីការធ្លាក់ចុះទន់ខ្សោយនៃមហាអំណាចក្រិក។ ការធ្លាក់ចុះទន់ខ្សោយ ដែលបណ្តាលមកពីការបែកបាក់ផ្ទៃក្នុងប្រទេសខ្លួនឯង។នៅពេលដែលប្រទេសមួយមានការរួបរួមគ្នា ប្រទេសនោះច្រើនតែស្គាល់នូវភាពរុងរឿង។ ផ្ទុយទៅវិញ ប្រសិនបើមានការបែកបាក់គ្នា ការធ្វើសង្រ្គាមហែកហួរគ្នាឯង ប្រទេសប្រាកដជានឹងធ្លាក់ចុះទន់ខ្សោយ ហើយអាចនឹងត្រូវរលំរលាយ ធ្លាក់ទៅក្នុងការត្រួតត្រារបស់បរទេស។ នេះគឺជាភាពពិតជាក់ស្តែង ដែលកើតមានឡើង នៅគ្រប់កន្លែង ទាំងនៅក្នុងសម័យកាលបច្ចុប្បន្ន ក៏ដូចជាកាលពីសម័យបុរាណ។ កាលពីប្រមាណជា ២ពាន់ ៥រយឆ្នាំមុន ក្រិក ដែលមានការរួបរួមគ្នា អាចច្បាំងឈ្នះមហាអំណាចពិភពលោក គឺអាណាចក្រពែរស៍ រួចហើយក្រិកខ្លួនឯងក៏ស្គាល់នូវភាពរុងរឿង ជាប្រទេសមហាអំណាចដ៏សំខាន់មួយ នៅលើពិភពលោក។ ក៏ប៉ុន្តែ ភាពរុងរឿងរបស់ក្រិកបានឈានមកដល់ទីបញ្ចប់ នៅពេលដែលក្រិកបែកបាក់គ្នា ហើយគិតតែពីធ្វើសង្រ្គាមហែកហួរគ្នាឯង គឺនៅក្នុងសង្រ្គាម ដែលអ្នកប្រវត្តិសាស្រ្តដាក់ឈ្មោះថា “សង្រ្គាមប៉េឡូប៉ូនែស” (Peloponnèse)។ ក្រិកសម័យបុរាណ គឺជាបណ្តុំនៃបុរីតូចៗជាច្រើន ដែលមានរចនាសម្ព័ន្ធដឹកនាំឯករាជ្យដាច់ចេញពីគ្នាប្រៀបបាននឹងកូនរដ្ឋ ដែលគេឲ្យឈ្មោះថា “បុរីរដ្ឋ” (City-State/Cité-Etat)។ សង្រ្គាមប៉េឡូប៉ូនែស ដែលចាប់ផ្ទុះឡើង ពីឆ្នាំ៤៣១មុនគ.ស ហើយអូសបន្លាយពេលរហូតដល់ឆ្នាំ៤០៤មុនគ.ស គឺជាសង្រ្គាមរវាងបក្សសម្ព័ន្ធពីរនៃបុរីរដ្ឋក្រិក៖ បក្សសម្ព័ន្ធម្ខាងដឹកនាំដោយអាថែន (Athènes) និងបក្សសម្ព័ន្ធម្ខាងទៀតដឹកនាំដោយស្ប៉ាត (Sparte)។ នៅទីបញ្ចប់ គឺខាងបក្សសម្ព័ន្ធរបស់ស្ប៉ាត ដែលជាអ្នកទទួលជ័យជម្នះ ក៏ប៉ុន្តែ សង្រ្គាម ៣០ឆ្នាំនេះ បានធ្វើឲ្យក្រិកទាំងមូលត្រូវធ្លាក់ចុះទន់ខ្សោយ។ អាថែន ដែលចាញ់សង្រ្គាម ត្រូវវិនាសហិនហោច ហើយរបបប្រជាធិបតេយ្យត្រូវដួលរលំ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា បក្សសម្ព័ន្ធរបស់ស្ប៉ាត ដែលជាអ្នកឈ្នះសង្រ្គាម ក៏បានជួបប្រទះនឹងភាពក្រីក្រនៅស្ទើរតែគ្រប់ទីកន្លែងដែរ។ សង្រ្គាមប៉េឡូប៉ូនែសបានធ្វើឲ្យភាពរុងរឿងនៃមហាអំណាចក្រិកត្រូវបញ្ចប់ជាស្ថាពរ ហើយមិនយូរប៉ុន្មាន អតីតមហាអំណាចមួយនេះក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់មហាអំណាចថ្មីមួយទៀត គឺអាណាចក្រម៉ាសេដ្វាន (Macédoine) ដឹកនាំដោយអធិរាជដ៏ល្បីល្បាញមួយរូប គឺ Alexandre le Grand (តាមភាសាអង់គ្លេស Alexander the Great)។ម៉ាសេដ្វាន តាមពិតទៅ ក៏ជានគរមួយ ដែលទទួលឥទ្ធិពលពីវប្បធម៌ក្រិកដែរ ហើយបច្ចុប្បន្ននេះ ម៉ាសេដ្វាន គឺជាតំបន់ស្វ័យ័តមួយរបស់ក្រិក។ Alexandre ដែលជាអធិរាជដ៏ល្បីល្បាញរបស់ម៉ាសេដ្វាន គឺជាកូនសិស្សរបស់អារីស្តូត ដែលជាទស្សនវិទូក្រិក។ Alexandre le Grand ដែលមានវ័យត្រឹមតែ ២០ឆ្នាំ បានឡើងគ្រងរាជជាស្តេចរបស់ម៉ាសេដ្វាន ក្រោយពីស្តេចហ្វីលីព ដែលជាបិតា ត្រូវគេលបធ្វើឃាត នៅឆ្នាំ៣៣៦មុនគ.ស។ Alexandre គឺជាបញ្ញវន្តមួយរូបដែលពូកែខាងកំណាព្យ និងទស្សនវិជ្ជា ហើយក៏ជាអ្នកជំនាញខាងទ័ពសេះផងដែរ។ នៅពេលឡើងគ្រងរាជភ្លាម បញ្ហាដែល Alexandre le Grand ត្រូវប្រឈមមុខមុនគេ គឺការរកវិធីបញ្ចប់វិវាទផ្ទៃក្នុង ដើម្បីបង្រួបបង្រួមបុរីរដ្ឋក្រិកឡើងវិញ ហើយវិធីដ៏ល្អបំផុតក្នុងការបង្រួបបង្រួមគូប្រជែងអស់ទាំងនេះ គឺស្វែងរកសត្រូវរួមមួយ។ Alexandre le Grand ក៏គិតឃើញគំនិតមួយ គឺប្រមែរប្រមូលទ័ពម៉ាសេដ្វាន រួមជាមួយនឹងទ័ពក្រិកទាំងអស់ ប្រកាសសង្រ្គាមទល់នឹងអាណាចក្រពែរស៍ ដើម្បីជាការសងសឹក ចំពោះអំពើឈ្លានពានរបស់ពែរស៍ ទៅលើក្រិក កាលពីមុន។ ដោយសារតែអាណាចក្រពែរស៍គឺជាសត្រូវចាស់របស់ក្រិក ហើយម៉ាសេដ្វាន គឺជាផ្នែកមួយនៃវប្បធម៌ក្រិក កងទ័ពក្រិកបានប្រមូលគ្នា ចេញទៅតាម Alexandre le Grand ក្នុងការធ្វើសង្រ្គាមទល់នឹងអាណាចក្រពែរស៍ ដោយគេចាត់ទុកថានេះគឺជាសង្រ្គាម រវាងក្រិក និងពែរស៍។ ចេញពីក្រិក កងទ័ពរបស់ Alexandre le Grand បានវាយបំបាក់កងទ័ពរបស់អាណាចក្រពែរស៍ នៅតួកគី ហើយបន្ទាប់មក វាយចុះទៅទិសខាងត្បូង ចូលកាន់កាប់លីបង់ ស៊ីរី អ៊ីស្រាអែល អេហ្ស៊ីប បាប៊ីឡូន (អ៊ីរ៉ាក់) និងចុងក្រោយ ទឹកដីពែរស៍ផ្ទាល់ (អ៊ីរ៉ង់)។ នៅឆ្នាំ៣៣១មុនគ.ស កងទ័ពពែរស៍ ដែលនៅសេសសល់ចុងក្រោយ ត្រូវបានកងទ័ព Alexandre le Grand វាយកម្ទេច អាណាចក្រពែរស៍ត្រូវដួលរលំ ហើយ Alexandre le Grand ក៏ប្រកាសខ្លួនថាជាអធិរាជរបស់ពិភពលោក។ អាណាចក្រម៉ាសេដ្វាន ដែលដឹកនាំដោយ Alexandre le Grand ដែលត្រូវបានគេចាត់ទុកថាអធិរាជរបស់ក្រិកដែរនោះ បានជំនួសអាណាចក្រពែរស៍ ក្នុងឋានៈជាមហាអំណាចពិភពលោក គ្រប់គ្រងដែនដី ដែលលាតសន្ធឹងចាប់តាំងពីតំបន់មេឌីទែរ៉ាណេ កាត់តាមដើមបូព៌ា រហូតដល់អាស៊ី។ ក៏ប៉ុន្តែ Alexandre le Grand មិនស្កប់ចិត្តតែត្រឹមនោះទេ ដោយបានបែកគំនិតមានមហិច្ឆតាថ្មីមួយទៀត គឺចង់វាតទីគ្រប់គ្រងពិភពលោកទាំងមូល។Alexandre le Grand បានលើកទ័ពចេញពីពែរស៍វាយលុកឆ្ពោះទៅទិសខាងកើត រហូតដល់ឥណ្ឌា។ ក៏ប៉ុន្តែ ទៅដល់កន្លែងមួយ ក្បែរក្រុងញូវដេលីបច្ចុប្បន្ន Alexandre le Grand ត្រូវគាំងដំណើរ ទៅមុខទៀតលែងបាន ដោយសារតែកងទ័ពនាំគ្នាធ្វើកូដកម្មលែងប្រយុទ្ធ។ ទាហានក្រិកចាប់ផ្តើមធុញទ្រាន់នឹងសង្រ្គាម ម្យ៉ាង គឺដោយសារតែពួកគេបានចាកចេញឆ្ងាយពីស្រុកកំណើតអស់រយៈពេល ៩ឆ្នាំមកហើយ។ ម្យ៉ាងទៀត អាណាចក្រពែរស៍ ដែលជាគូសត្រូវរបស់ក្រិក និងដែលជាគោលដៅចម្បងនៃការធ្វើសង្រ្គាមនេះ ក៏ត្រូវបានពួកគេវាយកម្ទេចរួចហើយដែរ។ ដូច្នេះ សម្រាប់ពួកក្រិក វាគ្មានន័យអ្វី ដែលត្រូវធ្វើសង្រ្គាមវាតទីតទៅមុខទៀតនោះទេ។ នៅពេលដែលកងទ័ពឈប់ស្តាប់បញ្ជា លែងចង់ធ្វើដំណើរតទៅមុខទៀត Alexandre le Grand បានត្រឹមតែខឹងសម្បារ តែធ្វើអ្វីមិនកើត ក៏សុខចិត្តស្តាប់តាមការទាមទាររបស់កងទ័ពខ្លួន។ ពីសាច់រឿងនេះ គេអាចទាញបានមេរៀនដ៏សំខាន់មួយថា គ្រប់អំណាចទាំងអស់ មានមូលដ្ឋានគ្រឹះ នៅលើការព្រមព្រៀងស្តាប់បង្គាប់របស់រាស្រ្ត មិនថា ក្នុងរបបផ្តាច់ការ ឬរបបប្រជាធិបតេយ្យនោះទេ។ នៅពេលដែលរាស្រ្តលែងស្តាប់បង្គាប់ ទោះបីជាអំណាចផ្តាច់ការ ឬអំណាចយោធា ក៏ត្រូវតែដួលរលំដែរ។ ដោយគ្មានជម្រើស Alexandre le Grand ក៏បានដកកងទ័ពចេញពីឥណ្ឌា ហើយធ្វើដំណើរត្រឡប់ក្រោយវិញ ទៅដល់បាប៊ីឡូន ទីដែលព្រះអង្គចង់តាំងរាជធានី សម្រាប់អាណាចក្ររបស់ព្រះអង្គ គឺរាជធានីរបស់ពិភពលោក។ ក៏ប៉ុន្តែ នៅឆ្នាំ៣២៣មុនគ.ស ក្រោយពីគ្រងរាជ្យបានតែ ១៣ឆ្នាំ Alexandre le Grand បានចូលទិវង្គត ក្នុងវ័យ ៣២ឆ្នាំ។ មូលហេតុនៃការស្លាប់នេះ ត្រូវបានគេយល់ឃើញផ្សេងៗពីគ្នា ខ្លះថាមកពីការផឹកស្រាច្រើនហួសហេតុ ឬក៏ដោយសារតែមានគេដាក់ថ្នាំបំពុលក្នុងស្រា ហើយខ្លះទៀតថា មកពីជំងឺគ្រុនចាញ់ ឬជំងឺគ្រុនពោះវៀន។ សាកសពរបស់ Alexandre le Grand ត្រូវបានគេដង្ហែយកទៅបញ្ចុះ នៅអេហ្ស៊ីប ក្នុងទីក្រុងមួយដែលយកឈ្មោះតាម Alexandre le Grand គឺទីក្រុងអាឡិចសង់ឌ្រី (Alexandrie)។ ជាង ១០ឆ្នាំ ក្រោមការដឹកនាំរបស់ Alexandre le Grand ម៉ាសេដ្វាន និងក្រិក បានស្គាល់នូវភាពរុងរឿង ក្នុងឋានៈជាមហាអំណាចពិភពលោក ដែលគ្រប់គ្រងផ្ទៃដីលាតសន្ធឹងជាង ៥លានគីឡូម៉ែត្រក្រឡា ហើយវប្បធម៌ និងអរិយធម៌ក្រិកបានជះឥទ្ធិពលទៅគ្រប់ទីកន្លែង ចាប់តាំងពីអឺរ៉ុប និងមេឌីទែរ៉ាណេ រហូតដល់ឥណ្ឌា។ មានតែចិនមួយប៉ុណ្ណោះ ដែលមិនទទួលឥទ្ធិពលពីក្រិក។ ក៏ប៉ុន្តែ នៅក្រោយពេលដែល Alexandre le Grand ចូលទិវង្គត ដោយសារតែការឈ្លោះដណ្តើមរាជបល្ល័ង្ក រវាងមេទ័ពកំពូលៗ អាណាចក្រម៉ាសេដ្វាន ក៏ត្រូវបាក់បែកគ្នា ហើយនៅឆ្នាំ២៨១មុនគ.ស ក្រោយពីមានសង្រ្គាមដណ្តើមរាជបល្ល័ង្កអស់រយៈពេល ៤០ឆ្នាំ អាណាចក្ររបស់ Alexandre le Grand ក៏ត្រូវពុះជាបួនចំណែក បង្កើតទៅជាអាណាចក្របួនផ្សេងគ្នា នៅអេហ្ស៊ីប នៅបាប៊ីឡូន នៅក្រិក និងនៅម៉ាសេដ្វាន៕

Posted by on Monday, 27 April 2015


ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ &

  • បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ ALEXANDER THE GREAT (មេរៀន​ជីវិត​ដែល​អ្នក​ត្រូវ​ដឹង​)已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ជីវិតនិងសង្គម
Tags: