ក្រុម​តាលីបង់​ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​​នៅ​ ឡាអ័រ (ប៉ាគីស្ដង់) ​យ៉ាង​ហោច​៦៥នាក់​ស្លាប់

យ៉ាងហោចណាស់ មកទល់នឹងនាទីនេះ ជនរងគ្រោះដល់ជីវិត បានកើនឡើង​យ៉ាងហោច​ណាស់ ដល់​ចំនួន​៦៥នាក់ នៅ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ ដោយការបំផ្ទុះគ្រាប់បែក កណ្ដាល​ក្រុង ឡាអ័រ ភាគ​ខាង​កើត​​ប្រទេស​ប៉ាគីស្ដង់។ នេះ​ជា​ការ​បញ្ជាក់ របស់​មន្ត្រី​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ម្នាក់។ អំពើ​ភេរវកម្ម​នេះ ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ភ្លាមៗ ដោយ​ក្រុម​តាលីបង់​នៅក្នុង​ប្រទេស​ប៉ាគីស្ដង់។
ក្រុម​តាលីបង់​ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​​នៅ​ ឡាអ័រ (ប៉ាគីស្ដង់) ​យ៉ាង​ហោច​៦៥នាក់​ស្លាប់

ទិដ្ឋភាពពីទីកន្លែងបំផ្ទុះគ្រាប់បែក នៅក្បែរសួនកំសាន្ដ ដែលបង្កឲ្យមនុស្សស្លាប់ កើនឡើងជាង​៦០នាក់។ (រូបថត AFP)

នៅយប់ថ្ងៃអាទិត្យនេះ ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយ បានកើតឡើង ខាងមុខច្រកចូលសួនកំសាន្ «Gulshane-Iqbal» ដែលស្ថិតនៅចំងាយ តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីកន្លែងល្បែងកំសាន្ដសម្រាប់កុមារ កណ្ដាល​ក្រុង ឡាអ័រ (Lahore) ភាគខាងកើត នៃ​ប្រទេស​​ប៉ាគីស្ដង់។ អ្នកទទួលខុសត្រូវមួយរូប របស់នគរបាល លោក មូស្តាសារ ហ្វេរ៉ូស (Mustansar Feroz) បានថ្លែងឲ្យដឹងថា៖ «ភាគច្រើននៃអ្នកស្លាប់ និងអ្នករបួស ជាស្ត្រី និង​កុមារ»។

យកអ្នកកាន់សាសនាគ្រឹស្ទ៍ ជាចំណុចវាយប្រហារ...

តុល្យភាពជាបណ្ដោះអាសន្ន នៅតែបន្តកើនឡើង និងបានឲ្យដឹងថា មនុស្សដែលរងគ្រោះដល់ជីវិត មាន​រហូត​ដល់៦៥នាក់ ខណៈមនុស្សរងរបួស មានចំនួនរហូតដល់ ៣៥០នាក់។ លោក មូហាម៉ាដ អ៊ូស្មាន (Muhammad Usman) អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃសាលាក្រុងឡាអ័រ បានថ្លែងឡើងថា កុមារជាង៥០នាក់ បាន​រង​របួស។ លោកបានឲ្យដឹងទៀតថា កងទ័ពត្រូវបាន​ស្នើ​ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ និងត្រូវបានបញ្ជូន​​ មក​ដាក់​ពង្រាយ​ភ្លាមៗ នៅ​ជុំវិញ​តំបន់​កើត​ហេតុ​។

ការវាយប្រហារភេរវកម្មដ៏រង្គាល ត្រូវបានប្រកាសទទួលស្គាល់ ដោយក្រុមតាលីបង់ សាខា «Jamaat-ul-Ahrar»។ ក្រុម​នេះ​បានអះអាងត្រង់ៗថា ការវាយប្រហារបានធ្វើឡើងសំដៅ បណ្ដាអ្នកកាន់​សាសនា​គ្រឹស្ទ៍ ដែល​​បាន​ប្រមែប្រមូល​គ្នា មកជួបជុំនៅក្នុងសួនឧទ្យាន «Gulshan-e-Iqbal» ដើម្បីប្រារព្ធពិធីបុណ្យ ប៉ាក់ (Pâques) នៃសាសនាគ្រឹស្ទ៍។

អ្នកនាំពាក្យរបស់សាខាក្រុមតាលីបង់​មួយនេះ បានថ្លែងឡើងថា៖ «យើងចង់ផ្ញើរសារ ទៅនាយករដ្ឋមន្ត្រី ណាវ៉ាស សារីហ្វ (Nawaz Sharif) ដើម្បីប្រាប់ឲ្យដឹងថា យើងបានចូលមកដល់ក្រុង ឡាអ័រ ហើយ។ លោក​នាយករដ្ឋមន្ត្រី អាចធ្វើអ្វីតាមចិត្តចង់ តែលោកមិនអាចបញ្ឈប់ពួកយើងបានឡើយ។ សកម្មជន​អត្តឃាត​របស់​យើង នឹង​បន្ត​ការ​វាយ​ប្រហារ​របៀប​នេះ ជាបន្តទៅទៀត។»

បណ្ដាជន អ្នកកាន់សាសនាគ្រឹស្ទ៍ នៅក្នុងប្រទេសប៉ាគីស្ដង់ មានចំនួនតិចតួច ប្រមាណតែ២%ប៉ុណ្ណោះ នៅ​ក្នុង​ប្រទេសមួយ​ ដែលមានប្រជាជន២០០លាននាក់ សុទ្ធសឹងជាអ្នកកាន់សាសនា អ៊ីស្លាម និកាយ ស៊ូនីត។ ក្រុម​អ្នក​កាន់សាសនាគ្រឹស្ទ៍ទាំងនោះ តែងរងនូវការវាយប្រហាម្ដងម្កាល ពីសំណាក់ក្រុមជនអ៊ីស្លាម​និយម​ជ្រុល ដែល​ប្រដាប់​ដោយ​អាវុធ។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះវិហារជាច្រើន នៅក្នុងក្រុង ឡាអ័រ ក៏ធ្លាប់​ត្រូវ​បាន​ក្រុមជនអ៊ីស្លាមទាំង​នេះ ធ្វើការវាយប្រហារដូចគ្នាដែរ។

«ក្រុមឃាតករ ដែលសម្លាប់បងប្អូនប្រុសស្រី និងកូនចៅរបស់យើង»

អគ្គមេបញ្ជាការកងទ័ព របស់ប្រទេសប៉ាគីស្ដង់ លោកឧត្ដមសេនី រ៉ាហៀល សារីហ្វ (Raheel Sharif,) បាន​ថ្លែង​ឲ្យដឹងថា លោកបានដឹកនាំការប្រជុំ ក្នុងកម្រិតកំពូលមួយ ដើម្បីរៀបចំចម្លើយ តបទៅនឹង​«ភេរវកម្ម​អត្តឃាត»​មួយនេះ និងដើម្បីនាំទៅកាន់ទោស នូវ«ក្រុមឃាតករ ដែលសម្លាប់បងប្អូនប្រុសស្រី និងកូនចៅ​របស់​យើង»។

លោកនាយករដ្ឋមន្ត្រី ណាវ៉ាស សារីហ្វ វិញ បានធ្វើការថ្កោលទោសភេរវកម្មខាងលើ និងបានទទួល​ទូរស័ព្ទ ចូលរួមការឈឺឆ្អាល ពីដៃគូសន្ទនារបស់លោក គឺនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដា ម៉រឌី (Narendra Modi)។ សេតវិមានវិញ ក៏បានបង្ហាញប្រតិកម្មភ្លាមៗ ដោយប្រកាសថ្កោលទោស ពីភេរវកម្មខាងលើ ថា​ពោរ​ពេញ​ទៅ​ដោយ​ភាព​សហាវយង់ឃ្នង៕