ពូទីន អបអរ អាសាធ ព្រោះ​យក​ក្រុង​ប៉ាល់មៀរ ពី ISIS មក​វិញ

ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានសម្ដែងការអបអរសាទរ តាមទូរស័ព្ទ ទៅកាន់​លោក បាឆារ អាល់អាសាធ នៅចំពោះជ័យជំនះរបស់កងទ័ពស៊ីរី ក្នុងការដណ្ដើម​យកមក​កាន់កាប់​វិញ នូវ​ក្រុង​បូរាណ ប៉ាល់មៀរ ពី​កណ្ដាប់ដៃ​ក្រុម​រដ្ឋអ៊ីស្លាម។ កងទ័ពស៊ីរី ដែលមាន​ជំនួយ ពីកង​កម្លាំង​អាកាស​របស់​រ៉ូស្ស៊ីផង បាន​ធ្វើការ​បណ្ដេញ​​ក្រុម​យុទ្ធជន របស់​ក្រុម​រដ្ឋអ៊ីស្លាម ឲ្យរត់ខ្ចាត់ខ្ចាយអស់។
ពូទីន អបអរ អាសាធ ព្រោះ​យក​ក្រុង​ប៉ាល់មៀរ ពី ISIS មក​វិញ

ការបាញ់សម្លាប់ទាហានស៊ីរី ដោយក្រុមរដ្ឋអ៊ីស្លាម ធ្វើនៅក្នុងរោងល្ខោនបូរាណ នៃក្រុងប៉ាល់មៀរ កាលពីខែមិថុនា ឆ្នាំ២០១៥។ (រូបភាពផ្តិត ពីវីដេអូ)

ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្ដែងក្ដីអបអរសាទរ ទៅដល់ដៃគូ​សន្ទនា​របស់លោក ក្នុងប្រទេសស៊ីរី លោក បាឆារ អាល់អាសាធ (Bachar al-Assad) ដែលបាន​ដណ្ដើម​មក​កាន់កាប់​វិញ នូវទីក្រុងបូរាណ ប៉ាល់មៀរ (Palmyre) ពីកណ្ដាប់ដៃក្រុមរដ្ឋអ៊ីស្លាម។ នេះបើតាមការ​អះអាង របស់​លោក ឌមីទ្រី ប៉េស្កូវ (Dmitri Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង ដែលត្រូវបានស្រង់សម្ដី ដោយ​​ទីភ្នាក់ងារ​​ព័ត៌មាន​រដ្ឋ​រ៉ូស្ស៊ី «Ria Novosti» កាលពីថ្ងៃអាទិត្យ។

លោក ឌមីទ្រី ប៉េស្កូវ បានលើកយកការឆ្លើយតប របស់ប្រធានាធិបតីស៊ីរី ដែលបានថ្លែង​មកកាន់​ប្រធានាធិបតី​រ៉ូស្ស៊ីវិញ នៅក្នុងឱកាសនោះថា លោក អាសាធ បានសម្ដែងសមាណចិត្ត​ដ៏ខ្ពង់ខ្ពស់បំផុត នៅចំពោះកិច្ចគាំពារ របស់កងកម្លាំងអកាសរបស់រ៉ូស្ស៊ី នៅក្នុងការវាយដណ្ដើមយកទីក្រុងនោះមកវិញ។ លោក អាសាធ បាន​អះអាង​ថា ដំណើរឈានទៅរំដោះទីក្រុង ប៉ាល់មៀរ នឹងមិនអាចធ្វើទៅបានទេ ប្រសិនជាគ្មានជំនួយ​តាម​ផ្លូវ​អាកាស របស់ប្រទេសរ៉ូស្ស៊ី។

ក្រុមសកម្មប្រយុទ្ធ របស់ក្រុមរដ្ឋអ៊ីស្លាម ដកទៅកាន់ក្រុងចំនួនបីផ្សេងទៀត...

បន្ទាប់ពីឆាកប្រយុទ្ធ បានកើតឡើងយ៉ាងខ្លាំងក្លា នៅមួយថ្ងៃមុន ជាពិសេសក្នុងយប់ថ្ងៃសៅរ៍នោះមក នៅ​ព្រឹក​ថ្ងៃ​អាទិត្យនេះ កងទ័ពរបស់ប្រទេសស៊ីរី ដែលគ្រប់គ្រងដោយប្រធានាធិបតី បាឆារ អាល់អាសាធ បានចូល​មក​កាន់កាប់ទីក្រុង ប៉ាលមៀរ វិញបានទាំងស្រុង។ ក្រុមជនសកម្មប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ របស់​ក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ដែលបាន​កាន់កាប់​ក្រុងបូរាណ អស់រយៈពេលជិតមួយឆ្នាំ កន្លងមក បានស្លាប់ និងរបួសជាច្រើនរយនាក់ ខណៈអ្នកដែល​នៅ​សេស​សល់ បានដកថយជាស្ថាពរ ចេញពីទីក្រុងបូរាណ។ នេះបើតាមការបញ្ជាក់ របស់ប្រភពដែល​ស្និត​នឹង​យោធា និងដែលមានវត្តមាន នៅក្នុងទីក្រុង ប៉ាលមៀរ។

ការវាយដណ្ដើម យកទឹកដីដ៏ពិសិដ្ឋ មកកាន់កាប់វិញនេះ ដោយមានអន្តរាគមន៍ខ្លាំងក្លា តាមផ្លូវអាកាស ពី​សំណាក់​យន្ដហោះកងទ័ពរ៉ូស្ស៊ី ដែលបានបើកយុទ្ធនាការ តាំងពីថ្ងៃទី៧ ខែមីនា ដើម្បីរំដោះទីក្រុង ប៉ាមៀរ ពី​ក្រុមរដ្ឋអ៊ីស្លាម។ ប្រភពដដែលបានអះអាងថា ក្រុមសកម្មប្រយុទ្ធ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលនៅសេសសល់ បានដកចេញទៅកាន់ក្រុង «Sokhné» «Raqa» និងក្រុង «Deir Ezzor» ដែលស្ថិតនៅភាគខាងជើង និង​ខាង​កើត នៅប្រទេសស៊ីរី។ រីឯនៅក្នុងទីក្រុង ប៉ាល់មៀរ វិញ កងកម្លាំងវិស្វកម្មស៊ីរី កំពុងធ្វើការដោះមីន និង​គ្រាប់​បែក ដែលក្រុមរដ្ឋអ៊ីស្លាម បានដាក់បង្កៃចោល នៅមុនការចាកចេញ។

មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់វប្បធម៌ពិភពលោក...

អ្នកនាំពាក្យវិមានក្រឹមឡាំង ដដែល បានរៀបរាប់បន្តទៀតថា បន្ទាប់ពីបានអបអរលោក អាសាធ ជុំវិញ​ការ​ដណ្ដើម​យកទីក្រុងនេះ បានពីកណ្ដាប់ដៃក្រុមភេរវនិយមរួច លោក ពូទីន បានអះអាងបន្ថែម ពីសារៈសំខាន់​នៃការអភិរក្សតំបន់​ប្រវត្តិសាស្ត្រមួយនេះ ដែលមានតម្លៃ មិនអាចកាត់ថ្លៃបាន ចំពោះវប្បធម៌ពិភពលោក។ លោក ពូទីន បានបន្តអះអាងថា បើទោះជាកងទ័ពរ៉ូស្ស៊ីមួយផ្នែកធំ នឹងត្រូវបានដកចេញ ពីប្រទេស​ស៊ីរី​ក៏ដោយ តែកងទ័ពរ៉ូស្ស៊ី នៅតែបន្តជួយអាជ្ញាធរស៊ីរី ក្នុងការប្រយុទ្ធប្រឆាំង ទល់នឹងភេរវនិយម ក៏ដូចជាបន្ត​ជួយ​ស៊ីរី ក្នុង​ការរំដោះ​ទឹកដី ដែល​នៅ​សេសសល់ ពីក្រុមភេរជនទាំងនោះ៕