ទាហាន​​​សម្រុក​​​ចូលការិយាល័យ​​​រដ្ឋបាល​ព្រៃឈើ​​​ដើម្បី​​​យក​​​រថយន្ត​​​​​​របស់​​​ខ្លួន​​​មក​​​វិញ 

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ​​​ទាហាន​​​​​​ប្រដាប់​​អាវុធ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​១០​​​នាក់​​​បាន​​​សម្រុក​​​ចូល​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​ហើយ​​​បាន​​​ព្យាយាម​​​ទាម​​​ទារ​​​យក​​​រថយន្ត​​​យោធា​​​​​​មួយ​​​គ្រឿង​​​ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​​​​មក​​​វិញ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ប្រើ​​​ប្រាស់​​​វា​​​ដើម្បី​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ ជា​​​ហេតុ​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ប្រឈម​​​​​​មុខ​​​ដាក់​​​គ្នា​​​រយៈ​​​ពេល​​​១ម៉ោង​​​។ 

ទាហាន​​​ដែល​​​ជា​​​សមាជិក​​​​​​​​កង​​​អនុសេនា​​​តូច​​​លេខ​​​២៤៣​​​នៃ​​​កង​​​ពល​​​ធំ​​​លេខ​​​២​​​របស់​​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​​បាន​​​សម្រុក​​​ចូល​​​ទៅ​​​ក្នុង​​​ការិយាល័យ​​​សង្កាត់​​​​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​​​​​​ស្រុក​​​​អន្លង់​​​វែង​​​ កាល​​ពី​​​​​​ព្រឹក​​​ម្សិលមិញ ហើយ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​គេ​ប្រគល់​​​រថយន្ត​​​របស់​​​ខ្លួន​មក​​​វិញ​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក ខន ខែម នាយ​​​សង្កាត់​​​​រដ្ឋបាល​​​ព្រៃឈើ​​​នេះ​​​។

លោក ខន ខែម បាន​​​ចោទ​​​ប្រកាន់កង​​​អនុ​​​សេនាតូច​​​ថា បាន​​​​​ប្រកប​​​​របរ​កាប់​​​ឈើ​​​ខុស​​​ច្បាប់ ហើយ​​​ថា អង្គភាព​​​នេះ​​​ធ្លាប់​បាន​ស្ថិត​​​ក្រោម​​​​​​ការ​​​សើុបអង្កេត​​​របស់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ ​​មុន​​​ពេល​​​រថយន្ត​​​យោធា​​​ដែល​​​ជា​​​អង្គហេតុ​​​​នៃ​​​ជម្លោះ​កាល​​​ពី​​​ម្សិលមិញ​​​ត្រូវបាន​​​រឹបអូស​​​កាល​​​ពី​សប្តាហ៍​​មុន។​លោក​​​បាន​​​លើក​​​ឡើង​​​ថា ​​​សមា​​​ជិក ​កងអនុសេនាតូច​​​​​​​​​ធ្លាប់​​​បាន​​ភូតកុហក​ជា​​​យូរ​​​មក​​​ហើយ​​​ថា ខ្លួន​បាន​​​ដឹក​​​ឈើគឺ​​​​សម្រាប់​​​យក​ទៅ​ប្រើ​​​ប្រាស់​​​ដើម្បី​​​សាង​​​សង់​​​បន្ទាយ​​​យោធា​​​។

នាយសង្កាត់​ព្រៃឈើ​រូបនេះ​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ទាហាន​​​ទាំង​​​នោះ​​​កាប់​​​ឈើ​​​ខុស​​​​​​ច្បាប់​​​ ហើយ​​​ដឹកជញ្ជូន​​​ឈើ​​​ដោយ​​​គ្មាន​​​លិខិត​​​អនុញ្ញាត​​​ណា​​​មួយ​​​ឡើយ ហើយ​​​មន្ត្រី​​​ព្រៃ​​​ឈើ​​​របស់​​​យើង​​​បាន​​​សហការ​​​ជា​​​មួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ ប៉ុន្តែ ពួក​​​គេ​​​តែង​​​តែ​​​ប្រាប់​​​យើង​​​ថា ឈើ​​​គឺ​​​ទុក​​​សម្រាប់​​​សាង​​​សង់​​​បន្ទាយ​​​ទាហាន​​​ ហើយ​​​ពួក​​​គេ​​​តែង​​​តែ​ដឹក​​​ឈើ​​​យ៉ាង​​អនាធិបតេយ្យ​​​អស់​​​រយៈ​​​ពេល​ជា​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “តាម​​​ពិត​​​ពួក​​​គេ​​​កំពុង​​​លក់​​​ឈើ​​​ខុស​​​ច្បាប់​​​ដើម្បី​​​យក​​​ប្រាក់​​​ដាក់​​​ហោ​​​ប៉ៅ​​​របស់​​​ខ្លួន​​​។ ពួក​​​គេ​​​កាប់​​​ឈើ​លក់​​​។ យើង​​​បាន​​​សើុប​​​អង្កេត​​​រក​​​ឃើញ​​​ថា រថយន្ត​​​របស់​​​ពួក​​​គេ​​​បាន​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​យក​​​ទៅ​​​លក់​​​។ ​​​ពួក​​​​​​គេ​​​មិន​​​បាន​​​យក​​​ឈើ​​​ទាំង​​​នេះ​​​ទៅ​​​សាង​​​សង់​​​បន្ទាយ​​​ទាហាន​​​សោះ​ឡើយ​​​”។

លោក ខន​​​ ខែម បានលើកឡើង​ទៀតថា​ កាល​​​ពី​​​​សប្តាហ៍​​​មុន​​​ មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន ​​​ឃាត់​​​ហើយ​រឹប​​​អូស​​​រថយន្ត​​​២តោន​​​កន្លះ​​​មួយ​​​គ្រឿង​​​របស់​​កង​​​អនុ​​​សេនាតូច​​​លេខ​​​២៤៣​​​ដែល​​​ដឹក​​​ឈើ​​​ប្រភេទ​​​លេខ​​​២​​​ ចំនួន​​​៦ម៉ែត្រ​​​គូប​​​ឆ្លង​​​កាត់​​​ស្រុក​​​អន្លង់​​​វែង​​​ដោយ​​​ខុសច​​​្បាប់​​​​​​។

ហើយ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩និង​​​៣០​​​នាទី​​​ព្រឹក​​​ម្សិលមិញ ទាហាន​​​បាន​​​សង​​​សឹក​​​ដោយ​​​​​​សម្រុក​​​ចូល​​​ទៅ​​​ខាង​​​ក្នុង​​​ការិយាល័យ​​​​​​មូល​​​ដ្ឋាន​​​របស់​​​រដ្ឋបាល​​​ព្រៃឈើ​​​ដោយ​​​មាន​​​ទាំង​​​ការ​​​សម្ញែង​បង្អួត​កាំភ្លើង​​​ខ្ល​ី​​​ផង​​​ដែរ​​​។ លោក​​​បាន​​​បន្ថែម​​​ថា មេបញ្ជាការ​​​កង​​​អនុសេនាតូច​​​ដែល​​​​​​លោក​​​ប្រាប់​​​អត្តសញ្ញាណ​​​ថា ​​​ជាវរសេនីយ៍​​​ឯកមួយ​រូប​ឈ្មោះ​ ឆម ឡាំ គឺជា​​​​​អ្នក​ដឹកនាំ​​​​​ក្រុម​​​​​​នេះ​​​។លោក​​​បាន​​​មានប្រសាសន៍​​​​ទាក់់ទិន​​​នឹង​​​វរសេ​​​នីយ៍ឯក​​​រូប​​​នេះ​​​ថា “គាត់​​​និយាយ​​​ថា ពួក​​​គេ​​​ត្រូវ​​​តែ​​​យក​​​រថយន្ត​​​របស់​​​ខ្លួន​ត្រឡប់​ទៅ​​​វិញ​​​ មិន​​​ថា យើង​​​អនុញ្ញាត​​​​ឬមិន​​​អនុញ្ញាត​​​ឡើយ​​”។

លោក ខន ខែម បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​មួយ​​​ចំនួន​​​តូចដែល​​​​នៅ​​​ក្នុង​​​អគារ​​​អំឡុង​​​ពេល​​​នោះ​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ហើយ​​​បាន​​​ទូរស័ព្ទ​​​ហៅ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ស្រុក​​​​​​ឲ្យ​​​មក​​​ជួយ​​​។ បន្ទាប់​​​មក​​​ដោយ​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ កង​​​រាជ​​​អាវុធ​​​ហត្ថនិង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​បាន​​​យក​​​រថយន្ត​​​ម៉ាក តូយ៉ូតា ​​​ឡង់គ្រីស័រ ​​​​​​មួយ​​​គ្រឿង​​​មក​​​បាំង​​​បិទ​​​ផ្លូវ​​​ការិយាល័យ​​​នេះ​​​មិន​​​ឲ្យ​​​ទាហាន​​​យក​​​រថយន្ត​​​របស់​​​ខ្លួន​​​ចេញ​​ទៅ​​​វិញ​​​ឡើយ​​​​ ប៉ុន្តែ ទោះ​​​បី​​​ជា​​​មាន​​​វត្ត​​​មានរបស់​​​​កង​​​រាជអាវុធ​​​ហត្ថ​​​ក៏​​​ដោយ​​​ ក៏​​​ទាហាន​​​ទាំង​​​នេះ​​​នៅ​​​បង្អែ​​​បង្អង់​​​នៅ​​​ក្នុង​បរិវេណ​ការិយា​​​ល័យ​​​រដ្ឋបាល​​​ព្រៃឈើ​​​ដែរ​ រហូត​​​ដល់​​​ម៉ោង​​​២​​​រសៀល ​​​ទើប​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​។

លោក​បាន​​​​​​ថ្លែង​ថា “ប្រហែល​​​ជា​​​មេបញ្ជាការ ​​​របស់​​​ពួក​​​គេ​​​ហៅ​​​ពួក​​​គេ​​​ឲ្យ​ត្រឡប់​​​ទៅ​​​វិញ​​​ហើយ​​​មើល​​​ទៅ​​​”។

ទាំង​​​លោក ឆម ឡាំ និង​​​លោក សន ​​​សៀ ​​​មេបញ្ជាការ​​​កង​​​ពល​​​ធំ​​​លេខ​​​២​​​នៃ​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​្ទ​​​សុទ្ធ​​​តែ​​​មិន​​​អាច​​​ទាក់​​​​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ។ កង​​​រាជ​​​អាវុធ​​​​​​​​​ហត្ថ​​​មូល​​​ដ្ឋាន​​​ក៏​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ដែរ។

លោក យឹម បញ្ញា មេបញ្ជាការ​​​រង​​​កង​​​ពល​​​ធំលេខ៤​​​នៃ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ដែល​​​​​​មាន​​​ទីតាំង​​​ជាប់​​​កង​​​ពល​​​ធំ​​​លេខ​​​២​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​លើក​​​ឡើងថា លោក​​​បាន​​​ដឹង​​​ពី​​​ហេតុការណ៍​​​កាល​​​ពី​​​ម្សិលមិញ ​​​ប៉ុន្តែ ​​​បាន ​​​បន្ទោស​​​រដ្ឋបាល​​​ព្រៃឈើ​​​ថា មាន​​​ការ​​​យឺត​​​យ៉ាវ​​​ នៅ​​​ក្នុង​​​”ការ​​​​​រៀប​ចំចាត់ចែង “​ ប្រគល់​​​រថយន្ត​​​នេះ​​​​​​​​​ត្រឡប់​​​ទៅ​​​ឲ្យ​​​កង​​​អនុសេនាតូច​​​វិញ​​​។

ឧត្តម​​​សេនីយ៍​​​ទោ យឹម បញ្ញា បាន​​​ថ្លែង​​​ថា “យើង​​​ទទួល​​​បានដ​​​ំណឹង​​​ថា ទហាន​​​មក​​​ពី​​​កង​​​ពល​​ធំ​​​លេខ​​​២​​​បាន​​​ទៅ​​​យក​​​រថយន្ត​​​របស់​​​ខ្លួន​​​ពី​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃឈើ​​​វិញ​​​​​​នៅ​​​ព្រឹក​​​មិញ​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “នៅក្នុង​​​ករណី​​​នេះ​​​ ប្រហែល​​​ការ​រៀបចំចាត់ចែង​របស់​ពួក​​​គេ​​​មាន​​​ការ​​​យឺតយ៉ាវ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ទាហាន​​​មក​​​ពី​កង​​​អនុសេនាតូច​​​លេខ​​​២៤៣​​​នៃ​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ​​​ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​​​​កង​​​ពល​​​ធំ​​​លេខ​​​២​​​ចង់​​​ទៅ​​​យក​​​រថយន្ត​​​របស់​​​ខ្លួន​​​ត្រឡប់​​​មក​​​វិញ។ ខ្ញុំ​​​ទទួល​​​បាន​​​ដំណឹង​​​ថា នៅ​​​ក្នុង​​​ករណី​​​​​​នេះ​​​អភិបាល​​​ខេត្ត​​​របស់​​​យើង​​​បាន​​​យល់​​​ព្រម​​​ប្រគល់​​​រថយន្ត​​​យោធា​​​នេះ​​​ទៅ​​​ឲ្យ​​​ទាហាន​​​ទាំង​​​នេះ​​​វិញ​​​ ប៉ុន្តែ មន្ត្រី​​​រដ្ឋបាលព្រៃឈើ​​​របស់​​​​​​យើង​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​នៅ​​​ក្នុង​​​ការ​​​ប្រគល់​​​រថយន្ត​​​នេះ​​​ទៅ​​​ឲ្យ​​​ពួក​​​គេ​​​ “។

លោក ស ថាវី អភិបាល​​​ខេត្ត​​​នេះ​​​មិន​​​អាច​​​ ទាក់​​​ទង​​​បាន​​​ទេ​​​៕ស៊ុយឈាង​

The post ទាហាន​​​សម្រុក​​​ចូលការិយាល័យ​​​រដ្ឋបាល​ព្រៃឈើ​​​ដើម្បី​​​យក​​​រថយន្ត​​​​​​របស់​​​ខ្លួន​​​មក​​​វិញ  appeared first on ខេមបូឌា ដេលី.