ACU ​​គំរាម​ប្តឹង​អ្នក​​ធ្វើ​ឱ្យ​ខូច​ការ​ស៊ើប​អង្កេតករណី​លោក កឹម សុខា

លោក ឱម យិុនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU) ​​​មាន​​​ប្រសាសន៍​​​ កាល​​​ពីម្សិលមិញ​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួួយ​​​បាន​​​បើក​​​ការ​​​ប្រកាស​​​ទ្រព្យ​​​សម្បត្តិ​​​ដាក់​​​ក្នុង​​​ស្រោម​​​សំបុត្រ​​​បិទ​​​ជិត​​​ដែល​​​ដាក់​​​ជូន​​​ដោយ​​​​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ហើយ​​​នឹងមានគម្រោង​​​​​​ប្តឹង​​​នរណា​​​ដែល​​​បង្ខូច​​​​កេរ្តិ៍ឈ្មោះ​អង្គភាព​​​នេះ​​​អំឡុង​​​ការ​​​សើុប​អង្កេត​​​​​​ករណី​​​លោក កឹម សុខា ។

យុទ្ធនាការ​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​ ស្រី ចំរើន​​​និស្សិត​​​សាកលវ​​​ិទ្យាល័យ​​​មួួ​​យ​​​រូប​​​ដែល​​​មាន​​​កំហឹង​​​​​ទាក់​ទង​បញ្ហា​​​​​សីលធម៌​​​ បានឈាន​ដល់​​ស្ថាន​ភាព​ពិបាក​​ដោះ​ស្រាយ​កាល​​​ពី​​​សប្តាហ៍​​​មុន​​​នៅ​​​ពេល​​​លោក ឱម យិុនទៀង បាន​​​ទទួល​​​​​យក​​​សំណើ​​​របស់​​​និស្សិត​​​រូប​នេះ​​​​ ​ដើម្បី​ពិនិត្យ​​​មើល​​​អាផាតមិន​ចំនួន​​​​ពីរ និង​​​ដីមួយ​​​ចំនួន​​​ដែល​​​​​តាម​​ការ​អះ​អាង​ថា ​​​លោក​​ កឹម សុខា​ ​បាន​​​ទិញ​​​ឲ្យ​​​ស្រី​​​កំណាន់​​​ ផ្អែក​​​លើ​​​ខ្សែ​​អាត់​​​សំឡេង​​​​ថា​​​ជា​​​សំឡេង​​​របស់​​​លោក ​កឹម សុខា​​​។

លោក ឱម យិុនទៀង​​​ បាន​​​លើកឡើង​តាម​​​​​ទូរស័ព្ទ​​​ថា “រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​យើង​​​​​មិន​​​ទាន់​​​បាន​​​ផ្ញើលិខិត​​​ទៅ​​​លោក​​​ កឹម សុខា ឲ្យធ្វើ​​​ការ​​​ពន្យល់​​​នៅ​​​ឡើយ​​​ទេ​​​” ដោយ​​​លើក​​​ឡើង​ជាថ្មី​​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កំពុង​​​សើុបអង្កេតយ៉ាង​ហ្មត់ចត់​​​​ថា តើ​​​លោក​​​ កឹម ​សុខា ពិត​​​ជា​​​បាន​​​ទិញ​​​ដី​និង​ផ្ទះ​ដោយ​​​ប្រើ​​​លុយ​​​​មិន​​​ស្រប​ច្បាប់​មែន​ឬ​​​យ៉ាង​​​ណា​​​។

លោក កឹម សុខា បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​អះ​​​អាង​​​ដែល​​​ថា លោក​​​​​​មាន​​​ស្រី​​​កំណាន់ឡើយ​​​​។  លោក ឱម យិុនទៀង បាន​​​​​​បញ្ជាក់​​​ឡើង​​​វិញ​​​កាល​​​ពី​​​ម្ស្ិលមិញ​ថា ​លោក​​មិន​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​រក​ឱ្យ​ឃើញ​ថា តើ​​​លោក កឹម សុខា ធ្លាប់មាន​​​ទំនាក់​​​ទំនង​​​ក្រៅ​​​អាពាហ៍​ពិពាហ៍ ឬ​​​យ៉ាង​​​ណា​​​នោះ​ឡើយ​​​​​​។

លោ​​​ក​​​បាន​​​ថ្លែង​​​ថា “យើង​​​នឹង​​​ចាត់​​​វិធាន​ការ​​​​​ច្បាស់​​​លាស់​​​ដើម្បី​​​ធ្វើ​​​ឲ្យប្រាកដ​​​ថា ​សាធា​រណ​​ជន​​​យល់​​​អំពី​​​វិធានការ​​​របស់​​​យើង​​​ ពីព្រោះ​​​យើង​​​កត់​​​សម្គាល់​​​ឃើញ​​​ថា មាន​​​មនុស្ស​​​មួយ​​​ចំនួន​​​កំពុង​បំពុល​​​បរិយាកាស​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​មាន​​​ការ​​​ភាន់​​​ច្រឡំ​​​អំពី​​​វិធាន​​​របស់​​​អង្គភាព​​​យើង​​​”។

លោក ឱម យិុនទៀង បាន​​​ថ្លែង​​​ថា អង្គភាព​​​​​ប្រឆាំ​​​ងអំពើ​​​ពុក​​​រលួយ​​​បាន​​​បើក​​​ការ​​​ប្រកាស​​​ទ្រព្យ​​​សម្បត្តិ​​​ដាក់​​​ក្នុង​​​ស្រោម​​​សំបុត្រ​​​បិទ​​​ជិតចំនួន​បី​​​​របស់​​​លោក កឹម សុខា ហើយ​​​ ដែល​​​​​បាន​​​ដាក់​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​ ឆ្នាំ​២០១៣ និង​​​ឆ្នាំ​​​២០១៥ ហើយ​​​រង​​​់ចាំ​​​រហូត​​​ដល់​​​ក្រោយ​​​កិច្ច​​​ប្រជុំ​​​របស់​​​ស្ថាប័ន​​​គ្រប់​​​គ្រង​​​​នៅ​អង្គភាព​ប្រឆាំង​​​អំពើ​​​ពុក​​​រលួួយ​​​នៅ​​​​ថ្ងៃ​​​ព្រហស្បតិ៍​ដើម្បី​​​ទាក់​​​ទង​​​ទៅ​​​លោក កឹម សុខា​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​ពេល​​​នេះ ​​​យើង​​​បាន​​​បើក​​​ស្រោម​​​សំបុត្រ​​​ដែល​​​ប្រកាស​​​ទ្រព្យ​​​សម្បត្តិ​​​បិទជិត​ទាំង​បី​របស់​​​លោក កឹម ​សុខា ​ហើយ​​​។ ហើយ​​​យើង​​​នឹង​​​ផ្ញើ​​​លិខិត​​មួយ​ច្បាប់​ទៅ​​​លោក​​​ កឹម សុខា នៅ​​​ពេល​​​ណា​​​មួយ​​​បន្ទាប់​​​​​ពី​​​កិច្ច​ប្រជុំ​របស់​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​​​​អំពើ​​​ពុក​​រលួយ​​​ដើម្បី​ធ្វើ​ឱ្យ​ករណី​នេះ​ស្ងប់​ស្ងាត់​ ហើយ​​​បញ្ឈប់​​​អ្នក​​​ដែល​​​និយាយ​​​កុហក​​​ដល់​សាធារណជន​​​”។

លោក ឱម យិុនទៀង​​​ បាន​​​បន្ថែម​​​ថា “អាច​​​នឹង​​​មាន​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​​​​ប្រឆាំង​​​អ្នក​​ដែល​បរិហារ​កេរ្តិ៍​ ញុះញង់ ឬបង្ខូចកេរ្តិ៍​​​ឈ្មោះ​​​របស់​​​​​អង្គភាព។ នៅ​​​ពេល​​​សួរ​​​ពី​​​អ្នកដែល​​​​អាច​​​ជា​​​គោល​​​ដៅ​​​ លោក​​​បាន​​​និយាយ​​​ថា “អ្នក​​​ដែល​​​បាន​​​ផ្សព្វ​​​ផ្សាយព័ត៌មាន​​​​ជា​​​សាធារណៈ​​​ដែល​​​​​​បង្ខូច​​កេរ្តិ៍ឈ្មោះ​​​​អង្គភាព​​​”។

ទាំង​​​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណ​​បក្ស​​​សង្គ្រោះ​​​ជាតិ និង​​​លោក ​អេង ​ឆៃអា៊ង​​​សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។ ប៉ុន្តែ​​​ លោក អេង ឆៃអ៊ាង បាន​​​ផ្ញើ​​​លិខិត​​​​​​មួយ​​​ច្បាប់​​​ជូន​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ ជម្រាប​​​លោក​​​ថា ញត្តិ​​​ដែល​​​ ស្រី ចំរើន​​​ បាន​​​ដាក់​​​ជូន​​​​កាល​​​ពី​​​សប្តាហ៍​​​មុន មិនគួរ​យក​ចិត្ត​ទុក​ដាក់ទេ។

ដោយ​​​លើក​​​ឡើង​​​ថា “ត្រង់​​​ចំណុច​​​នេះ​​​ វា​ជា​​​ករណី​​​មនុស្ស​​​ឃាត​​​” និស្សិត​​​រូប​​​នេះ​​​បាន​​​ដាក់​​​​ញត្តិ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ទៅ​​​លោក អេង ​ឆៃអ៊ាង ​ប្រធាន​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​រដ្ឋ​​​សភា ​ហើយ​​​លោក ហេង សំរិន បាន​​​សុំ​ឲ្យ​​​ពួក​​​គេ​​​សាក​​សួរ​​​លោក កឹម សុខា ​​​ចំពោះ​ការ​​​​សុំ​​​ឲ្យ​ស្រី​​​កំណាន់​​​យក​​​កូន​​​ចេញ​​​។

លោក អេង ឆៃអ៊ាង បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក ហេង សំរិន ដែលមាន​​​ខ្លឹម​​​សារ​​​ថា “ទាក់​​​ទង​​​ទៅ​​​នឹង​​​សំណើ​​​ញត្តិ​​​នេះ​​​ ខ្ញុំ​​​សូម​​​ជម្រាបជូន​​​​សម្តេច​​​ប្រធាន​​​រដ្ឋ​​​សភា​​​ថា គ្មាន​​​មាត្រា​​​ ឬ​​​បទប្បញ្ញត្តិ​​​ណាក្នុងរដ្ឋធម្មនុញ្ញ​​​ និង​​​បទ​​​​​​បញ្ជា​​​ផ្ទៃក្នុងរដ្ឋសភា​​​​អនុញ្ញាត​​​ឲ្យ​​​សភា​​​កោះ​​​ហៅ​​​តំណាង​​​រាស្ត្រ​​​មក​​​សាក​​​សួរ​​​ឡើយ​​​”។

ស្រី ចំរើន បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ខ្លួន​​​​នឹង​​​ដឹក​​​នាំ​​​ក្រុម​​​របស់​​​ខ្លួន​​​​នៅ​​​​ថ្ងៃ​​​រសៀល​​​នេះ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​បន្ថែម​ទៀត​ទៅ​​​រដ្ឋ​​​សភា​​​ ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​គណបក្ស​​សង្គ្រោះ​​ជាតិ និង​​​ការិយាល័យ​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​​ប្រជាជាតិ​​​ប្រចាំ​​​រាជធានីភ្នំពេញ ស្នើ​​​ឲ្យ​​​លោក ​​​​កឹម សុខា និយាយ​​​អំពី​​​ខ្សែអាត់​​​សំឡេង​​​នេះ​​​។

នៅ​​​ពេល​​​សួរ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​លោក​​​ជឿ​​​​​ថា  អង្គការ​​​សហប្រជា​​​ជាតិ​​​ចាំ​​​បាច់​​​ត្រូវ​​​ពាក់​​​ព័ន្ធ​​​រឿង​​​នេះ ស្រី​​​ ចំរើន បាន​​​និយាយ​​​ថាវា​​​ជា​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​។ជន​នេះ​និយាយ​​​ថា ​​​”ពី​​​ព្រោះ​​​​ខ្សែ​​​អាត់​​​​សំឡេង​​​ដែល​​​បែក​​​ធ្លាយនេះ​​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​​​​ដល់​​​ច្បាប់ ប្រពៃណី​ទំនៀម​​​ទម្លាប់​​​ និង​​​​​​ជា​​​គំរូ​​​អាក្រក់​​​សម្រាប់​​​យុវជន​​​។ វា​​​ជាការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ ដូច្នេះ​​​ហើយ​យើង​​​ចង់​​​ឲ្យ​​​លោក ​កឹម សុខា គោរព​​​លទ្ធិប្រជាធិបតេយ្យ ​​​និង​​​សិទ្ធិ​​​មនុស្ស​​”៕សារុន

 

The post ACU ​​គំរាម​ប្តឹង​អ្នក​​ធ្វើ​ឱ្យ​ខូច​ការ​ស៊ើប​អង្កេតករណី​លោក កឹម សុខា appeared first on ខេមបូឌា ដេលី.