សកម្មជន​ការ​ពារ​ព្រៃឈើ​វ័យ​ក្មេង​ម្នាក់​​​ត្រូវ​ជន​ដៃដល់​កាប់​ចំប្រអប់​​​ជើង​​​ពេល​កំពុង​ដេកលង់​​លក់

សកម្មជន​បរិស្ថានម្នាក់​ដែល​​កំពុង​​ល្បាត​ក្នុង​ព្រៃឡង់​​ស្ថិត​ក្នុង​ខេត្ត​ក្រចេះ ត្រូវ​បាន​​ជន​ដៃ​ដល់​កាប់​មួយ​កាំបិតផ្គាក់​​ខណៈ​ពេល​​​​គាត់​កំពុង​ដេក​លង់លក់​កាល​ពី​ថ្ងៃ​អាទិត្យ តែ​ប៉ុន្មាន​​​​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​ និង​សមា​​​ជិក​​​​​របស់​ខ្លួន​បាន​ដក​ហូត​រណារ​យន្ត​ចំនួន​ប្រាំ​​​មួយ​គ្រឿង​ពី​អ្នក​កាប់​ឈើ​មួយ​ក្រុម ដែល​​​​បាន​កាប់​បំផ្លាញ​​​ឈើ​ដ៏មាន​តម្លៃ។

យោង​តាម​លោក ថៃ ប៊ុនលាង អ្នក​សម្រប ​សម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​ឲ្យ​ដឹង​ថា សកម្មជន​រូប​នេះ​​ឈ្មោះ ផន សុភក្ត្រ អាយុ​២២​ឆ្នាំ គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ប្រហែល​៦០​នាក់​នៃ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ដែល​បាន​ចាប់​ផ្តើម​ល្បាត​ផ្នែក​តូច​នៃ​​​ព្រៃ​ទំហំ​ប្រហែល​៦៥០.០០០​ហិកតា​​​​ ក្នុង​ឃុំ​បឹងចារ ស្រុក​សម្បូរ កាលពី​ដើម​សប្ដាហ៍​មុន​។

លោក ប៊ុនលាង បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​សៅរ៍ ជា​ថ្ងៃ​ល្បាត​ចុង​ក្រោយ​ ពួក​​​គាត់​បាន​​​ប្រទះ​​ឃើញ​រណាយន្ត​ប្រាំមួយ​គ្រឿង​នៅ​ក្បែរ​ឈើ​ធ្នង់​ដែល​កាប់​រួច ប៉ុន្តែ​មិន​ឃើញ​អ្នក​កាប់​ឈើ​ទេ ដូច្នេះ​ពួកគាត់​បាន ​យក​សម្ភារ​ទាំង​នេះ​ទៅ​ជាមួយ​ បន្ថែម​ពី​​​លើ​​​រណារយន្ត​ចំនួន​១២គ្រឿងទៀត​​​​ដែល​ពួក​​​គាត់​បាន​ដកហូត​រួច​ហើយ​។

លោក​បាន​និយាយ​ថា បន្ទាប់​មក​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បុរស​មិន​ស្គាល់​​ឈ្មោះ​ម្នាក់​បាន​ដើរ​មក​ជិត​ សុភក្ត្រ ​ខណៈ​ពេល​​​​គាត់​កំពុង​​​ដេក​ នៅ​ក្នុង​ព្រៃ ហើយ​បាន​យក​កាំបិត​កាប់​ត្រូវ​ចំ​ប្រអប់​ជើង​របស់​គាត់តែ​​​ម្តង​​​ ហើយ​រត់​ចូល​ទៅ​ក្នុង​ព្រៃ​​បាត់​​​នៅ​ពេល​គាត់​ភ្ញាក់​ ហើយ​ស្រែក​ឲ្យ​ជួយ។​​​

លោក​ ប៊ុនលាង បាន​ថ្លែង​ថា “​យើង​សន្និ​​​ដ្ឋាន​ថា អ្នក​ដែល​បាន​កាប់​គាត់​​មកពី​ក្រុម​កាប់​ឈើចុង​ក្រោយ​​។ នៅ​ពេល​ក្រុម​សកម្មជន​​បាន​ដក​ហូត​យក​រណារ​យន្ត​របស់​ពួកគេ​ ពួកគេ​ចង់​ធ្វើការ​សង​សឹក​”។ លោក​បាន​បន្ថែម​ ថា លោក​បាន​​ជូន​ដំណឹង​​​ទៅ​នគរ​បាល​ឃុំ​អំពី​ហេតុការណ៍​នេះ​​​កាលពី​ថ្ងៃ​អាទិត្យ​។

អាជ្ញាធរ​ឃុំ​មិន​អាច​ទាក់​ទង​បាន​​ទេ​កាល​​​ពី​ម្សិលមិញ ប៉ុន្តែ​លោក ប៊ុន ឈឿន អធិការ​នគរ​បាល​ស្រុក​សម្បូរ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​អំពី​ការ​​វាយ​ប្រហារ​នេះ​ ហើយ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​​​ទៅ​ស៊ើបអង្កេត។

និយាយ​ពី​គ្លីនិក​ឯកជន​ក្នុង​ក្រុង​ក្រចេះ ស្ត្រី ឈ្មោះ ​ សុភក្ត្រ បាន​លើក​ឡើង​ថា មុខ​កាំបិត​​​​ត្រូវ​ចំ​បាត​ជើង​ស្ដាំរបស់​គាត់​ ហើយ​រយះ​​ឆ្អឹង​ជា​​​ច្រើន​កន្លែង​​​ស្ទើរ​​ដាច់​ប្រអប់​ជើង​​ទាំង​ស្រុង​។

គាត់​បាន​និយាយ​ថា “​​នៅ​ម៉ោង​ប្រហែល​១រសៀល​ ខ្ញុំ​កំពុង​ដេក​ក្នុង​អង្រឹង​ ហើយ​ជន​សង្ស័យ​បាន​មក​កាប់​​ជើង​​របស់​ខ្ញុំ​តែ​ម្ដង។ ពេល​នោះ​ខ្ញុំ​បាន​ស្រែក​ឲ្យ​គេ​ជួយ ហើយ​ជន​សង្ស័យ​ក៏​​រត់​បាត់​ទៅ​”។ គាត់​បាន​បន្ថែម​ថា គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា គាត់​មិនទាន់​​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​ទេ​ យ៉ាង​ហោច​ណាស់​ក៏​មួយ​សប្ដាហ៍ទៀត​​ដែរ​។

ប៉ុន្តែ​ សកម្មជន​វ័យ​ក្មេង​រូប​នេះ​បាន​និយាយ ​ថា ការ​វាយ​ប្រហារ​នេះ​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​មាន​​​ទឹក​​​ចិត្ត​​​កាន់​​​តែ​​​ខ្លាំង​​​ក្នុង​​​ការ​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​ទៅវិញ​​​ទេ​​​។ ​​​គាត់​បាន​បន្ថែម​ថា “បើ​ទោះ​ជា​រឿង​នេះ​បាន​​​​កើត​​​​ ឡើង​ ក៏ដោយ ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ។ ប្រសិន​បើ​ខ្ញុំ​ខ្លាច​ ខ្ញុំ​មិន​ធ្វើជា​សមាជិក​​បណ្ដាញ​សហ​​​គមន៍​​ ព្រៃ​​​ឡង់​ទេ៕ សារុន​​

The post សកម្មជន​ការ​ពារ​ព្រៃឈើ​វ័យ​ក្មេង​ម្នាក់​​​ត្រូវ​ជន​ដៃដល់​កាប់​ចំប្រអប់​​​ជើង​​​ពេល​កំពុង​ដេកលង់​​លក់ appeared first on ខេមបូឌា ដេលី.