ដឹង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ហើយ ដឹង​តែ​ចង់​មក​ចូល​ឆ្នាំ ​នៅ​សៀមរាប ​មិន​ខាន​

អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​ មាន​កម្មវិធី​សប្បាយ​ពិសេស​ៗ​ជា​ច្រើន​ ដែល​ជា​ផ្ទាំង​ទស្សនីយភាព​វប្បធម៌​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ កម្មវិធី​ប្រ​ចាំ​ថ្ងៃ​ជា​ច្រើន​ដូច​ជា៖
 

@កម្មវិធី​ភូមិ​ខ្ញុំ ធ្វើ​នៅ​ទី​តាំង​លាន​ជល់​ដំរី
 

មាន​បង្ហាញ​ពី​ផ្ទះ​ជន​ជាតិ​គ្រឹង ផ្ទះ​ជន​ជាតិ​ព្នង ផ្ទះ​កសិករ ផ្ទះ​សេដ្ឋី ផ្ទះ​នេសាទ​តាម​តំបន់​និង​សាលា​ឆ​ទាន រួម​ទាំង​ផ្សារ​បែប​ជន​បទ និង​ការ​រៀប​ចំ​ឆាក​សំដែង​សិល្បៈ​ដូច​ជា សៀក​ខ្មែរ ល្បែង​ប្រជាប្រិយ អា​យ៉ៃ ល្ខោន​ស្បែក​ធំ។
 

@កម្មវិធី​និម្មិត​ភូមិ
 

តាំង​បង្ហាញ​ពី​រូប​គំនូរ និង​រូប​ថត ដែល​បរិយាយ​ពី​ទិដ្ឋភាព​ជីវភាព​ប្រ​ចាំ​ថ្ងៃ ក្បូន​ទ័ព​នា​សម័យ​អង្គរ ល្បែង​កម្សាន្ត ការ​កសាង​ប្រាសាទ ក្រុម​ប្រតិបត្តិ​អង្គរ និង​ការ​អភិរក្ស​បេតិកភណ្ឌ​ ដោយ​រចនា​ជា​រូប​ស្មូន​តូច​ៗ។

 

ដឹង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ហើយ ដឹង​តែ​ចង់​មក​ចូល​ឆ្នាំ ​នៅ​សៀមរាប ​មិន​ខាន​

 

@កម្មវិធី​របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ
 

ផ្ដល់​ជូន​ទស្សនីយភាព​របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ​ដូច​ជា​របាំ​ត្រុដិ របាំ​គោះ​អង្រែ របាំ​សុវណ្ណ​មច្ឆា រាំ​វង់​រាំ​ក្បាច់ ល្ងាច​ថ្ងៃ​១៤-១៦មេសា។

 
@កម្មវិធី​ល្បែង​ប្រ​ជា​ប្រិយ
 

មាន​ដូច​ជា​បោះ​អង្គញ់ ចាប់​កូន​ខ្លែង ចោល​ឈូង លាក់​កន្សែង ទាញ​ព្រ័ត្រ ដណ្ដើម​ស្លឹក​ឈើ។ក្រៅ​ពី​នេះ​មាន​រៀប​ចំ​ជា​រទេះ​សំឡី​តុប​តែង​លម្អ​សម្រាប់​ថត​រូប រចនា​ទីតាំង​ដោយ​គោម​ផ្កា​ចម្ប៉ា​ព្យួរ​លើ​ដើម​ឈើ មាន​ស្វា​និម្មិត​រូប​ដើរ​ក្រឡុក​និង​ស្វា​ដើរ​ជើង​ឈើ។
 

@កម្មវិធី​គុន​ល្បុក្កតោ
 

បង្ហាញ​ពី​ក្បាច់​គុណ​បុរាណ​ខ្មែរ និង​អ្នក​ទស្សនា​អាច​ចូល​រួម​ក្នុង​ការ​ហាត់​ឬ​សម្ដែង​ មាន​ពិព័រណ៍​គ្រឿង​សព្វាវុធ និង​រូបភាព​វីដេអូ​ឯកសារ​ពី​ក្បាច់​គុន​ល្បុក្កតោ។
 

@កម្មវិធី​តំបន់​ត្រជាក់​ចិត្ត
 

កុមារ​និង​ក្រុម​គ្រួសារ​អាច​លេង​កម្សាន្ត​សប្បាយ​ជាមួយ​ទឹក​ត្រជាក់។ រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​មិត្តភាព​ដូច​ជា​បវរកញ្ញា​ធ្លាក់​ទឹក ស្វា​ដណ្ដើម​ពាង ទូល​ក្អម រត់​ប្រណាំង​កាន់​តយ​ទឹក​ត្នោត និង​តក់​ៗ​ពេញ​កែវ​ជា​ដើម។

 

@កម្មវិធី​ពិព័រណ៍​សិប្បកម្ម​និង​វត្ថុ​អនុស្សាវរីយ៍
 

ពាណិជ្ជករ សហគ្រិន អាជីវករ​ចូល​រួម​តាំង​បង្ហាញ​និង​លក់ដូរ​ផលិតផល វត្ថុ អនុស្សាវរីយ៍​នា​នា ពិសេស​សិប្បកម្ម​ចម្លាក់ ផ្ដៅ សូត្រ​ខ្មែរ ដេរ​ប៉ាក់​ជា​ដើម។

 

ដឹង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ហើយ ដឹង​តែ​ចង់​មក​ចូល​ឆ្នាំ ​នៅ​សៀមរាប ​មិន​ខាន​

 

@កម្មវិធី​ស្រុក​យើង
 

ដាក់​បង្ហាញ​ម្ហូប​អាហារ នំចំណី មាន​ការ​សាង​សង់​រោង​ចំនួន​១០ តំណាង​តំបន់​ភូមិ​សាស្ត្រ​ធំ​ៗ និង​ថត​រូប​អនុស្សាវរីយ៍។

 

@កម្មវិធី​បង្អែម​នៃ​ក្ដី​ស្រលាញ់ នៅ​សួន​ច្បារ​មុខ​ព្រះ​រាជ​ដំណាក់
 

មាន​ការ​ធ្វើ​បង្អែម​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ព្រម​ទាំង​មាន​ការ​បង្ហាញ​ពី​របៀប​ធ្វើ​បង្អែម​ខ្មែរ ជូន​មហាជន​ទស្សនា​ដែល​មាន​លក្ខណៈ​មិន​សាមញ្ញ​ពេក និង​មិន​ពិបាក​ពេក។
 

@កម្មវិធី​វិចិត្រករ​ឯក
 

មាន​ការ​គូរ​គំនូរ​កម្សាន្ត​ផ្សេង​ៗ​ពី​សាធារណជន។ ចំពោះ​ប្រធាន​បទ គឺ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំ ការ​ជួប​ជុំ​គ្រួសារ​ខ្មែរ​និង​ឆ្នាំ​វក។
ក្រៅ​ពី​នេះ មាន​គោម​បណ្ដែត​ទឹក ​មហោស្រព​សិល្បៈ​វប្បធម៌​បុរាណ ល្ខោនបាសាក់ តន្ត្រី​អង្គរ​សង្ក្រាន្ត ក្បួន​ដង្ហែ​អង្គរ​សង្ក្រាន្ត​ ប្រណាំង​រទេះគោ​ក្របី នៅ​ទី​តាំង​អង្គរ​យ្យុង​យូ រួម​ទាំង​កម្មវិធី​សួន​កុមារ ប្រកួត​អុកចត្រង្គ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត កម្មវិធី​ទាញ​ព្រ័ត្រ​ ដែល​រៀប​ចំ​ឡើង​ដើម្បី​បង្ក​បរិយាកាស​អធិកអធម​បាន​រាំ​លេង​កម្សាន្ត​ជាមួយ​តន្ត្រី​និង​ចម្រៀង​ប្រពៃណី​ជាតិ​ខ្មែរ​របស់​សិល្បករ សិល្ប​កា​រិ​នី។

 

ដឹង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ហើយ ដឹង​តែ​ចង់​មក​ចូល​ឆ្នាំ ​នៅ​សៀមរាប ​មិន​ខាន​

 

អត្ថបទ៖ លឹម សុ​នា​