ប៉ង​រំលោភ​អតីត​ប្រពន្ធ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​បញ្ជូន​ទៅ​កាន់​តុលាការ

ប៉ង​រំលោភ​អតីត​ប្រពន្ធ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​បញ្ជូន​ទៅ​កាន់​តុលាការ



ខេត្តសៀមរាប ៖ បុរស​វ័យ​កណ្តាល​ម្នាក់​បាន​ប៉ង​រំលោភ​អតីត​ភរិយា​របស់​ខ្លួន តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​និង​ប្តឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ​ដើម្បី​សាកសួរ​និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត ។ ការ​ឃាត់ខ្លួន​ជន​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា នៅ​ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី​នគរបាល​ស្រុក​ជីក្រែង បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែមីនា​នោះ ស្ត្រី​រូប​នេះ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​មី​ឱ្យ​កូន ហើយ​ជន​នេះ​ឃើញ​ក៏​បាន​តាម​ពីក្រោយ ។ បន្ទាប់​ពី​ទិញ​មី​រួច ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ដល់​មុខ​ផ្ទះ​ក៏​ត្រូវ​ជន​ជា​អតីត​ប្តី​រូប​នេះ​ចាប់​អូស​ចូល​ទៅ​បន្ទប់​ក្នុងផ្ទះ​បម្រុង​រំលោភ តែ​នាង​រើបម្រះ​រួច​ក៏​រត់​ចេញ​មក​ក​ដើម្បី​ឱ្យ​អ្នក​ជិតខាង​ជួយ ។ បន្ទាប់​មក មាន​បងប្អូន​អ្នក​ជិតខាង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​នោះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

លោក​អធិការ​ស្តីទី​បន្ត​ថា បន្ទាប់​មក​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​បុរស​រូប​នេះ និង​នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ។ ជន​នេះ​ឈ្មោះ ចាន់ ជឿន អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ស​ង្វើ​យ  ចំណែក​ស្ត្រី​ជា​អតីត​ប្រពន្ធ​អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​។ លោក​អធិការ​ស្តីទី​បាន​បន្ថែម​ទៀត​ថា ស្ត្រី​រង​គ្រោះ​និង​ជនសង្ស័យ​ពី​មុន​ធ្លាប់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា តែ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ និង​មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់ ។

បុរស​ជា​អតីត​ប្តី​រូប​នេះ ត្រូវ​បាន​នគរបាល​ស្រុក​ជីក្រែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត និង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ទៀត ៕