អ្នក​ភូមិ​តាម​បន្ទាត់​ព្រំដែន​ថៃ​៨០%ទិញ​ទឹក​ប្រើប្រាស់ ខណៈ​បឹង ត្រពាំង​ចាប់ផ្តើម​រីងស្ងួត

អ្នក​ភូមិ​តាម​បន្ទាត់​ព្រំដែន​ថៃ​៨០%ទិញ​ទឹក​ប្រើប្រាស់ ខណៈ​បឹង ត្រពាំង​ចាប់ផ្តើម​រីងស្ងួត



ខេត្តបន្ទាយមានជ័យ ៖ អ្នក​ភូមិ​តាម​ព្រំដែន​ក្នុង​ខេត្ត​ប្រមាណ​៨០% បច្ចុប្បន្ន​កំពុង​ទិញ​ទឹក​ដែល​គេ​ដឹក​លក់​យក​ទៅ​ប្រើប្រាស់ ដោយសារ​តែ​កន្លែង​ខ្លះ​អណ្តូងស្នប់​សប់​បាន​ទឹក​តិចតួច ឯ​បឹង ត្រពាំង​តូច​ធំ​ចាប់ផ្តើម​រីង​ហួត​ជា​បណ្តើ​ៗ ។

អ្នក​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ បាន​រអ៊ូរទាំ​ថា ពួក​គាត់​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បង្ខំចិត្ត​ទិញ​ទឹក​ដែល​គេ​ដឹក​លក់​យក​មក​ប្រើប្រាស់ ។ ចំណែក​អ្នកស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ក៏​ដូច​គ្នា​ដែរ​បាន​ត្អូញត្អែរ​ថា ឆ្នាំ​នេះ​ពួក​គាត់​ស្ទើរ​គ្រប់​ក្រុម​គ្រួ​សារបាន​ចំណាយ​ប្រាក់​ទិញ​ទឹក​គេ​ប្រើប្រាស់​ព្រោះតែ​អណ្តូងស្នប់​សប់ទឹក​មិនសូវ​ចេញ ឯ​ស្រះ​តាម​ភូមិ​ក៏​រីង​អស់ ។ ម្យ៉ាង បឹង​ធម្មជាតិ​ដែល​ធ្លាប់តែ​មានទឹក​ប្រើប្រាស់​ខួបប្រាំងខួបវស្សា ពេល​នេះ​ក៏​ចាប់ផ្តើម​រីង​ជា​បណ្តើរ​ៗ​ដែរ ។

ជាក់ស្តែង បឹង​ធម្មជាតិ​ចម្ការ​គ​ស្ថិត​ក្នុងភូមិ​ចម្ការ​គរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បឹង​ធម្មជាតិ​ក្តឹប​ថ្ម ស្ថិត​ក្នុងភូមិ​ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រក​ថ្មពួក គេ​ឃើញ​ផ្ទៃ​បឹង​ទាំងមូល​នៅ​សល់​ទឹក​តិចតួច​បំផុត ។ ចំណែក​ស្រះ​ដ៏​ធំ​ក្នុង​វត្ត​ហេម​វន្ត ស្ថិត​ក្នុងភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ដែល​ស្រះ​មួយ​នេះ​អ្នកស្រុក​និយាយ​កាលពីមុន​ថា មិន​ដែល​រីង​ហួត​នោះ នៅ​ថ្ងៃ​២៨ ខែមីនា បាន​ក្លាយជា​កន្លែង​អ្នកស្រុក​លើកគ្នា​ចាប់​ត្រី​ទៅ​ហើយ ។

នៅ​ក្នុង​បរិវេណ​វត្ត​ខាងលើ គេ​ឃើញ​ស្រះ​ទើប​ជីក​ថ្មី​មួយ​ជា​គម្រោង​ផ្គត់ផ្គង់​ទឹក​អនាម័យ​ជនបទ ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ។ ស្រះ​នេះ​មានទឹក​ច្រើន​គួរសម ប៉ុន្តែ​អ្នកស្រុក​និយាយ​ថា ពុំ​សូវ​មាន​អ្នក​ដង​ប្រើប្រាស់​ទេ​ដោយសារ​ទឹកល្អក់​ពេក ។

អ្នកស្រុក​និយាយ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​គ្រប់​គ្នា​ទិញ​ទឹក​ដែល​ឈ្មួញ​ដឹក​លក់​យក​មក​ប្រើប្រាស់ ព្រោះ​មិន​អាច​ទៅ​រក​ដងទឹក​តាម​ស្រះ ឬ​បឹងបួ​ប្រើប្រាស់​ដូច​ពី​មុន​បាន​ទេ ។ ម្យ៉ាងទៀត​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក៏​មិន​ដែល​មាន​ភ្លៀង​ធ្លាក់​ទៀត​ផង ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​កង្វះខាត​ទឹក​ប្រើប្រាស់​នេះ អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត មិន​បាន​ព្រងើយកន្តើយ​ទេ ពិសេស​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ពិនិត្យ​មើល​មិន​ត្រឹមតែ​ធ្វើការ​ចែក​ទឹក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នោះ​ទេ ថែម​ទាំង​យកចិត្តទុកដាក់​ចុះ​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​បន្តបន្ទាប់​ទៀត​ផង ៕