កម្មវិធីប្រកួតបើកឆាក ៥គូ នៃជុំផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup នាថ្ងៃស្អែក

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១០ នឹងចាប់ផ្ដើមការប្រកួត ជុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ស្អែកនេះហើយ ដោយមាន ៥គូត្រូវប្រកួតលើទីលាន ៥ផ្សេងគ្នា ។ ចាំមើល តើក្រុមណាខ្លះនឹងទទួលបាន ៣ពិន្ទុមុនគេ  ពីការប្រកួត បើកឆាកនេះ?

ចំពោះកម្មវិធីប្រកួតទាំង ៥គូ នាថ្ងៃស្អែកនេះរួមាន៖ ពូលA ខេត្តកំពង់ឆ្នាំង ត្រូវបើកទ្វារកីឡដ្ឋានខេត្ត ទទួលក្រុមខ្លាំង Cambodian Tiger និង ក្រុមកំពង់ផែស្វ័យ ខេត្តព្រះសីហនុ ត្រូវជួបក្រុមយុវជនបឹងកេតអង្គរ នៅលើទឹកដីខេត្តព្រះសីហនុ ។ រីឯពូលB ខេត្តស្ទឹងត្រែង ត្រូវបើកកីឡដ្ឋាន ខេត្ត ទទួលក្រុមអាវុធហត្ថ ខេត្តកំពង់ធំ ។

ដោយឡែកក្រុមអាស៊ីអឺរ៉ុប ត្រូវជួបសមាជិក នៃលីកកំពូលកម្ពុជាដូចគ្នា គឺក្រុមបឹងកេតអង្គរ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយ ជំនួបដ៏អស្ចារ្យនេះ ក៏មានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ ឯមួយប្រកួតទៀត គឺកំពង់ឡើងជើងខ្លាំង ក្រសួងការពារជាតិ ត្រូវជួបក្រុមមកពី ខេត្តព្រៃវែង នៅលើទីលានពហុកីឡដ្ឋាន ស្ដាតចាស់ ។

គួរបញ្ជាក់ថា ពានរង្វាន់ Hun Sen Cup រដូវកាលថ្មីនេះ បានចាប់ផ្ដើមប្រកួតវគ្គជម្រុះ បឋមតាំងពីពាក់កណ្ដាល ខែកុម្ភៈមកម្លេះ ដើម្បីជម្រុះរកជើងខ្លាំង ១៤ក្រុមតាមតំបន់នីមួយៗ ឡើងមកជួបក្រុមបាល់ទាត់ ជាសមាជិកនៃលីកកំពូល កម្ពុជា ១០ក្រុមទៀត ដែលរង់ចាំនៅ ជុំផ្ដាច់ព្រ័ត្រ គឺមានក្រុមបឹងកេត, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, ណាហ្គាវើល, Cambodian Tiger, ប៉ូលិស, ព្រះខ័នរាជស្វាយរៀង, អាស៊ីអឺរ៉ុប, វេស្ទើន និងក្រុម CMAC ។

ការប្រកួតជុំផ្ដាច់ព្រ័ត្រនេះដែរ គឺបែងចែកជា ៤ពូល A, B, C និងពូលD ប៉ុន្ដែការប្រកួតធ្វើការ ជម្រុះរកក្រុមលេខ១ និងក្រុមលេខ២ នៃពូលនីមួយៗ ដើម្បីឡើងទៅលេង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបញ្ចប់ការ ប្រកួតទាំងស្រុង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ៕

កម្មវិធីប្រកួតបើកឆាក ៥គូ នៃជុំផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup នាថ្ងៃស្អែក

កម្មវិធីប្រកួតបើកឆាក ៥គូ នៃជុំផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup នាថ្ងៃស្អែក