ស្រ្តីម្នាក់ជាសកម្មជនព្រៃឡង់រងការវាយប្រហារក្នុងពេលចុះល្បាតព្រៃ

ស្រ្តីម្នាក់ដែលគេស្គាល់ថាជាសកម្មជនការពារព្រៃឡង់បានរងរបួសជើងធ្ងន់ដោយគេអះអាងថាមាន​ជនល្មើស​លបលួយកាប់ ខណៈក្រុមយុវជនកំពុងដេកក្នុងអង្រឹងពេលចុះល្បាតព្រៃឈើកាលពីចុងសប្តាហ៍មុននេះ។

កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងបន្ទាប់​ពី​មានជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅពេលដែលនាងសម្រាកលង់លក់នៅម៉ោង១និង៣០​នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ខែមីនា។ កញ្ញាបន្ថែមថាករណីនេះបានកើតឡើងនៅពេល​ក្រុម​ល្បាតព្រៃរបស់កញ្ញាចុះបង្ក្រាបក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនិងចាប់ដកហូត​យកម៉ាស៊ីនអារ​ឈើបានមួយចំនួននៅចំណុច​អូតា​ជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។​

កញ្ញាបន្ថែមថា៖ “ពួកខ្ញុំចុះទៅបង្រ្កាបបទល្មើសចាប់ម៉ាស៊ីនបាន១៤ម៉ាស៊ីន ហើយធម្មតានៅ​ពេលដែលយើងចាប់​បទល្មើស ជនល្មើសមិនដែលសប្បាយចិត្តជាមួយយើងនោះទេ។ ប៉ុន្តែរាល់ដងអត់​ដែលចឹងទេដល់ពេល​មកវគ្គនេះ គេមកមែនទែនហ្មង។ ខ្ញុំល្បាតរាល់ដងនិយាយចំទៅតាំងពីឆ្នាំ២០១៤អត់មានចឹងទេគ្រាន់តែមានគំរាមដែរ តែអត់ទាន់ធ្វើដល់ពេលនេះដៃដល់ហ្មង”។

អ្នកសម្របសមស្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ផៃ ប៉ុនលាំង មាន​ប្រសា​សន៍ថាការលបកាប់ប្រហារទាំងកណ្ដាលអធ្រាតនេះជាការគំរាមកំហែងដែលគួរឲ្យព្រួយបារម្ភមួយ​ដល់​ក្រុមអ្នកដើរល្បាតព្រៃឈើ។ លោកបន្ថែមថាករណីនេះក្រុមលោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរឲ្យ​វែកមុខរកជនដៃដល់​មកផ្ដន្ទាទោស។

លោកបន្ថែមថា៖ខ្ញុំគិតថាទង្វើនេះមកពីបទល្មើសប្រហែលជាមានបញ្ហាអ្វីផ្សេងដែលកើតឡើងនៅពេលដែលយើងចាប់គាត់អត់មានតដៃជាមួយយើងទេ ដល់ពេលយើងសម្រាកយប់បានគាត់លប់ធ្វើឃាត អានេះអាចជាភាពអាថ៌កំបាំងជាមួយនឹងអ្នករកស៊ីមួយចំនួនដែរ

ទាក់ទងនឹងបញ្ហានេះនាយកផ្នែកនៃអធិការស្រុកសំបូរលោក ស្រី វណ្ណា មានប្រសាសន៍ថា​អាជ្ញា​ធរ​ក៏បានដឹងពីករណីនេះដែរ។ លោកបន្ថែមថាអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្ថែម​ដើម្បីរកជនដៃ​ដល់​មក​ផ្តន្ទាទោសឲ្យបានឆាប់ផងដែរ៕

 ប្រភពៈ VOD