អ្នក​រាយការណ៍​អ.ស.ប​ជួប​សង្គម​ស៊ីវិល​ពិភាក្សា​ពី​បញ្ហា​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ដល់​ខេត្ត​ព្រះវិហារ ហើយ​បន្ទាប់​ពី​អ្នកស្រី​បាន​ចំណាយ​ពេល​ពេញ ១​ថ្ងៃ ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ស្ទឹងត្រែង។

នៅ​ឯ​ខេត្ត​ព្រះវិហារ ចាប់​តាំង​តែ​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មីនា អ្នកស្រី រ៉ូណា ស្មីត បាន​ជួប​ប្រជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ ដើម្បី​ស្វែង​យល់​អំពី​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​ការ​រំលោភ​សិទ្ធិ​ស្ត្រី​នៅ​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ប្រមាណ ៥០០​នាក់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ជួប​ជុំ​គ្នា​ដើម្បី​រង់ចាំ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​ទៅ​ពិនិត្យ​មើល​តំបន់​រស់នៅ​របស់​ពួក​គេ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មីនា។

អ្នក​រាយការណ៍​អ.ស.ប​ជួប​សង្គម​ស៊ីវិល​ពិភាក្សា​ពី​បញ្ហា​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) [ពី​ស្ដាំ​រូប​ទី​២] ជួប​ប្រជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ នៅ​ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦។ រូបភាព​ដោយ​អង្គការ​ពន្លក​ខ្មែរ

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ម៉ោង​ជាង ១១​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មីនា អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បាន​ទៅ​ដល់​ខេត្ត​ព្រះវិហារ ហើយ​បាន​ជួប​ប្រជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​មាន សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អង្គការ​ពន្លក​ខ្មែរ អង្គការ​លើក​ស្ទួយ​វប្បធម៌​ជនជាតិ​កួយ អង្គការ ឌី.ភី.អេ (DPA) និង​អង្គការ​អនុផល​ព្រៃ​ឈើ។ លោក ឡោ ចាន់ បញ្ជាក់​ទៀត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ ចង់​ដឹង​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​ការ​រំលោភ​សិទ្ធិ​ស្ត្រី៖ «ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ អ្នកស្រី រ៉ូណា ស្មីត បាន​សន្យា​ថា​នឹង​យក​របាយការណ៍​របស់​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​ដាច់​ស្រយាល ទៅ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាច្រើន​គ្រួសារ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ដែល​ទទួល​រង​ការ​រំលោភ​ដីធ្លី​យ៉ាង​ខ្លាំង​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន បាន​សម្ដែង​ទឹក​ចិត្ត​រីក​រាយ នៅ​ពេល​ដែល​គេ​ឮ​ថា​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ នឹង​ទៅ​ពិនិត្យ​មើល​នៅ​តំបន់​ពួក​គេ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ លោកស្រី រឿង ខាន់ មាន​ប្រសាសន៍​ថា កាល​ពី​វេលា​ម៉ោង​ជាង ២​រសៀល គឺ​អ្នកស្រី រ៉ូណា ស្មីត បាន​ទៅ​ដល់​សហគមន៍​របស់​ពួក​គាត់​ហើយ។ លោកស្រី រឿង ខាន់ បញ្ជាក់​ថា ចាប់​តាំង​តែ​ពី ៣​ឆ្នាំ​មុន​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ ចំនួន​ជាង ៥០០​គ្រួសារ បាន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng ) ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ​ចម្ការ ដើម្បី​យក​ដី​ទៅ​ដាំ​អំពៅ។ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ចង់​ឲ្យ​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ជួយ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ខ្មែរ ធ្វើ​យ៉ាង​ណា​ឲ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​សម្រាប់​ពួក​គេ ដើម្បី​ការពារ​ការ​រំលោភ​ដីធ្លី​ពី​ក្រុមហ៊ុន​ចិន ត​ទៅ​ទៀត៖ «ខ្ញុំ​ឲ្យ អ្នកស្រី រ៉ូណា ស្មីត ជួយ​ស្ដាប់​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​បង​ប្អូន​នឹង​លើក​ឡើង»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ក្រៅ​តែ​ពី​ជួប​ប្រជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ខេត្ត​ព្រះវិហារ អ្នកស្រី​ក៏​មាន​គម្រោង​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែរ តែ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ដែល​នឹង​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​នោះ​ទេ៕

ប្រភពៈ RFA