បក្សប្រឆាំង​​​​​កំណត់​យក​គោលការណ៍បែបស្ងៀមស្ងាត់

គណបក្សសង្គ្រោះជាតិបានកំណត់យក​គោលការណ៍បែប​ស្ងៀមស្ងាត់និង​មិន​តប​តចំពោះ​អ្វីដែល​កំពុង​កើតមា​ន​មកលើគណបក្សមួយនេះ ដោយបក្សនេះ​ថាដើម្បី​ធ្វើដំណើរឆ្ពោះទៅរកការបោះ​ឆ្នោតនិង”កា​រផ្លាស់ប្តូរ​ដោយ​វិជ្ជមាន”។

កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០១៦ គណបក្ស​ប្រឆាំង​បាន​បើក​សន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់​​ខ្លួន​ ដោយ​មាន​សមាជិក​ប្រមាណ​១៥០០នាក់ចូលរួម។​ ក្រោយ​បញ្ចប់សន្និបាតនេះ គណបក្សបាន​ចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិង​គោលនយោបាយ​របស់​ខ្លួនចំនួន​១២​ចំណុចដែល​ចំណុចសំខាន់ៗ​មាន​ដូច​ជា​ប្រកាន់​គោល​ការ​ណ៍អហិង្សា មិនគុំគួន មិនយក​ខ្មែរណាធ្វើជាសត្រូវនិង​ប្រកាន់នូវ​គោល​ការណ៍មិន​ឈ្លោះ មិន​ឆ្លើយនិង​មិន​ឆ្លង​ជា​ដើម។

ថ្មីៗនេះ ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះជាតិ លោក កឹម​​ សុខា ​កំពុង​រងការរំខាន​ពី​ការចោទប្រកាន់ថា​មាន​រឿង​​អាស្រូវស្នេហាជាមួយ​នារីម្នាក់ហើយ​រឿង​អាស្រូវ​នេះ​ត្រូវ​បាន​​និស្សិតមួយក្រុមដាក់ញត្តិ​ទៅ​កាន់​រដ្ឋសភា ដើម្បី​​ឲ្យ​លោកបកស្រាយ។ យុវជន​មួយក្រុម​នោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹងទៅកាន់​អង្គភាព​ប្រ​ឆាំងអំពើពុករលួយ​​ដោយ​ប្តឹងលោក កឹម សុខា និង​ចោទថាលោក​បានប្រ​ព្រឹត្តអំពើពុករលួយមាន​ប្រាក់​ទិញ​ផ្ទះឲ្យ​នារីម្នាក់។ ចំណែក​ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន។​

បក្សប្រឆាំង​​​​​កំណត់​យក​គោលការណ៍បែបស្ងៀមស្ងាត់សន្និបាតគណបក្ស​សង្រ្គោះជាតិ​ ដែល​ធ្វើឡើងកាលពីថ្ងៃទី​២៦ខែមីនា

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ លើកឡើងថាគោលនយោបាយនេះអាចធ្វើឲ្យគណបក្សប្រឆាំងមួយនេះនឹងកាន់តែមានប្រជាប្រិយភាពជាងគណបក្សកាន់អំណាច ប្រសិនបើគណបក្សប្រឆាំងនោះនៅតែបន្តរងការធ្វើទុក្ខបុកម្នេញពីក្រុមណាមួយនោះ។ លោកបន្ថែមថា៖ “ឥឡូវមានប្រសិទ្ធភាពត្រង់ថាមានគេខឹងរដ្ឋាភិបាល គេអត់ជឿ​រដ្ឋាភិបាលណា វានៅកណ្តាលវាល​ពេក វាធ្វើមិនត្រឹមត្រូវ ខ្ញុំមើលទៅការមិនឆ្លើយឆ្លងរបស់គណបក្សសង្គ្រោះជាតិមានប្រសិទ្ធភាព

សាស្រ្តាចារ្យវិទ្យាសាស្រ្ត​នយោបាយ លោក សូរ ចន្ថា យល់ថា​វាជាការល្អ​ដែល​អ្នក​នយោបាយ​ប្រកាន់​គោល​ការណ៍​អហិង្សា មិន​គុំគួន​និង​មិនរើស​អើង​គ្នា​ទៅវិញ​ទៅមក ដោយ​លោក​ថាចំណុចទាំងនេះ​ធ្វើ​ឲ្យខ្មែរមាន​ការ​រួប​រួមនិង​អាច​រួមគ្នា​គិតពីប្រ​យោជន៍ជាតិ។ ទោះ​យ៉ាងណា លោក​ថា​ការមិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លងរបស់គណបក្ស​សង្គ្រោះជាតិនេះ គឺធ្វើឡើងដើម្បី​តែបញ្ចប់បញ្ហា​មួយចំនួន​ដែល​គណបក្សនេះឬមេដឹកនាំ​គណបក្សនេះកំពុង​ជួបប្រ​ទះប៉ុណ្ណោះ។ លោក​ថាបញ្ហាមួយចំនួន​ដែល​កំពុង​កើតឡើង​ចំពោះ​គណបក្សនេះ​បាន​រំខានដល់​ការបំពេញតួនាទីនិងការងាររបស់គណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់​ថា​​ខ្មែរគ្រប់ភាគីបក្សនយោបាយ​គួរប្រកួតប្រជែងគ្នាពីគោលនយោបាយជាជាង​វាយប្រហាររឿងបុគ្គល។

លោកមានប្រសាសន៍ថា៖ “ខ្ញុំចង់ឲ្យ​ខ្មែរគ្រប់រូប ខ្មែរគ្រប់និន្នាការរួបរួមគ្នាគិតពីប្រយោជន៍ជាតិ ហើយងាកមកប្រកួតប្រជែងគ្នាដោយគោលនយោបាយ ជាងជាងការ​វាយប្រហារគ្នា​ដោយបុគ្គល ការវាយប្រហារគ្នា​ដោយ​បុគ្គលមិនមានអីចំណេញ​ដល់ជាតិទេ ប៉ុន្តែបែរជាធ្វើឲ្យបែកបាក់ជាតិទៅវិញបាទ”

​អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន​ លើកឡើងថាអ្វី​ដែលមាន​ក្នុង​ទិសដៅនិង​គោល​នយោបាយ​របស់គណបក្ស​សង្គ្រោះជាតិនេះ គ្រាន់​តែ​ជា​ទ្រឹស្តីដែល​គណបក្សនេះ​មិន​បានអនុវត្តតាមនៅឡើយ។ លោក​លើកជា​ឧទាហរណ៍ថា​គណបក្សសង្គ្រោះជាតិ​ប្រកាន់គោលការអហិង្សា តែលោកថាក្រោយ​ការ​បោះឆ្នោត គណបក្សនេះ​បាន​ដឹកនាំ​បាតុកម្មចង់​ទម្លាក់​​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពី​តំណែង ដែល​លោក​ថាទង្វើនេះ​បាន​ប្រឆាំងទៅ​នឹង​ឆន្ទៈម្ចាស់ឆ្នោត។

លោក​បន្ថែមថា៖ “យក​តាម​ពាក្យស្លោកថាដូរមិនដូរ ដូរ ដូរមិន​ដូរ ដូរ ហ៊ុន សែន អើយចុះចេញទៅហើយ​ដាក់ជណ្តើរឲ្យ​ចុះ បើហ៊ុន សែន មិន​ចុះទេ​ទាញទម្លាក់  រំលោភរដ្ឋធម្មនុញ្ញ រំលោភឆន្ទៈប្រជាពលរដ្ឋទាំងស្រុងហើយ គាត់ថាគាត់អត់មានធ្វើអីអំពើហិង្សា គ្រាន់តែពាក្យ​សម្តីហ្នឹង​ហឹង្សាបាត់ទៅហើយ”

អ្នក​នាំ​ពាក្យ​រូបនេះ​លើកឡើងទៀតថាថ្នាក់ដឹកនាំ​គណបក្សនេះមិនបាន​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យបាន​ពេញលេញ​នោះទេ ដោយ​លោក​ថាលោក សម រង្ស៊ី​ ​តែងតែចោទប្រកាន់​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនថា​ជា​ជន​ផ្តាច់ការនិង​ប្រមាថលាបពណ៌​ឲ្យថ្នាក់​ដឹកនាំគណបក្ស​ប្រ​ជាជន​ជាដើម។

បើតាម​សេចក្តីសម្រេចរបស់​សន្និបាត សមាជិកបក្សបាន​គាំទ្រឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិព្យា​យាម​​អត់ធ្មត់ ដើម្បីដោះស្រាយ​បញ្ហា​នានាដោយ​សន្តិវិធីជាមួយ​គណបក្ស​កាន់អំណាចតាម​គោលការណ៍វប្បធម៌សន្ទនា៕

ប្រភពៈ VOD