អ្វី​ដែល​អ្នក​ត្រូវ​ដឹង អំពី​ជំងឺ​កូន​ពង​

អ្វី​ដែល​អ្នក​ត្រូវ​ដឹង អំពី​ជំងឺ​កូន​ពង​

​ការ​មាន​ផ្ទៃពោះ​ជា​កូន​ពង គឺជា​ប្រភេទ​ជំងឺ​ទាក់ទង​នឹង​សុក ឬ​ហៅ​ថា Gestational Trophoblastic Disease ដែល​ជា​ដុំ​សាច់​មួយ​ដុំ លូតលាស់​ក្នុង​ស្បូន និង​មាន​លក្ខណៈ ដូច​សុក​ហើម​អញ្ជឹង​។ លក្ខណៈ​របស់​វា គឺ​មាន​សភាព ដូច​គ្រាប់​ទំពាំងបាយជូ​អញ្ជឹង​។ បើសិន​មិន​មាន​ការព្យាបាល​ទេ វា​នឹង​នាំ​ឲ្យទៅ​ជា​មហារី​កបាន​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​រឿង​មួយ​ចំនួន ដែល​អ្នក​ត្រូវ​ដឹង អំពី​ជំងឺ​កូន​ពង​ពេល​មាន​ផ្ទៃពោះ​។

ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​យក​វា​ចេញ​ភ្លាមៗ​
នៅ​ពេល​អ្នក ត្រូវបាន​គេ​រកឃើញ​ថា មាន​ជំងឺ​កូន​ពង ពេល​មាន​ផ្ទៃពោះ​ហើយ អ្នក​ត្រូវ​តែ​រំលូត​វា​ចេញ​ភ្លាម​តែ​ម្តង​។ កាលណា អ្នក​យក​វា​ចេញ​កាន់តែ​លឿន ការ​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់តែ​តិច​។

តាមដាន​រយៈពេល​មួយ​ឆ្នាំ​សិន​
អ្នក​គួរតែ​ធ្វើ​ការតាមដាន​សុខភាព ជាមួយ​គ្រូពេទ្យ រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដែរ ក្រោយពី​មាន​កូន​ពង​រួច ដើម្បី​ឲ្យ​ប្រាកដថា អ្វីៗ​ត្រូវបាន​កំចាត់​អស់ហើយ​។ អ្នក​ក៏​គួរតេ​ធ្វើ​តេស្ត​ច្រើន​ដែរ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​នេះ ដើម្បី​បញ្ជាក់​ថា អ្នក​មាន​សុខភាព​ល្អ​បរិបូ​ណ៍ហើយ​។

ជំងឺ​នេះ អាច​កំណត់​រោគវិនិច្ឆ័យ​ដឹង ក្នុង​ត្រីមាស​ទីមួយ​
ជំងឺ​កូន​ពង ពេល​មាន​ផ្ទៃពោះ អាច​កំណត់​រោគវិនិច្ឆ័យ​ដឹង តាមរយៈ​ការថត​អេកូ នៅ​រយៈពេល​បី​ខែ​ដំបូង​។ គ្រូពេទ្យ​ភាគច្រើន តែង​ណែនាំ​ឲ្យ​ថត​អេកូ ក្នុងដំណាក់កាល ដ៏​សំខាន់​នេះ​តែម្តង ប៉ុន្តែ បើសិន​ជា​គ្រូពេទ្យ​មិន​ទេនោះ ចូរ​ស្នើរ​ឲ្យ​គាត់​ធ្វើ​ផង ដើម្បី​ប្រាកដថា អ្វីៗ​មិន​មាន​បញ្ហា​ឡើយ​។

មិន​ត្រូវ​យក​កូន​ឡើយ លុះត្រាតែ​គ្រូពេទ្យ​អនុញ្ញាត​
បើសិន​ជា​អ្នក ត្រូវបាន​រកឃើញ​ថា មានកូន​ពង​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​បាន​រំលូត​វា​ហើយ អ្នក​មិន​ត្រូវ​មាន​ផ្ទៃពោះ​ម្តងទៀត​ឡើយ លុះត្រាតែ​មាន​ការអនុញ្ញាតិ ពី​គ្រូពេទ្យ​។ អ្នក​អាច​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ឬ​វិធី​ណា​ក៏​បាន ឲ្យតែ​ពន្យារកំណើត​មួយរយៈ​សិន​។ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​ម្តងទៀត ដោយ​មិន​បាន​ប្រាប់​គ្រូពេទ្យ​ទេនោះ វា​នឹង​មាន​ឱកាស​កាន់តែ​ច្រើន ក្នុង​ការ​កើត​ជំងឺ​កូន​ពង​ទៀត និង​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ទៀតផង​។

ធ្វើតេស្ត HCG ជា​ទៀងទាត់​
គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី នឹង​ណែនាំ​អ្នក ថា​តើ​ពេលណា និង​គួរ​ធ្វើតេស្ត HCG ញឹកញាប់​ប៉ុណ្ណា​។ តេស្ត​នេះ នឹង​ជួយ​កំណត់​អំពី ស្ថានភាព​របស់​អ្នក​បាន​។ កម្រិត HCG ត្រូវ​តែ​គ្មាន​សោះ ក្នុង​រយៈពេល​មួយ​ឆ្នាំ ក្រោយ​ពី​រំលូតកូន​ពង រយៈពេល​មួយ​ឆ្នាំ និង​មាន​ការបញ្ជាក់ ពី​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។

ត្រូវ​តែ​គិត​អំពី ឯកសារ​ចាស់ៗ​ដែរ​
បើសិន​ជា​អ្នក ធ្លាប់​មាន​កូន​ពង​កាលពីមុន ចូរ​ប្រាកដថា អ្នក​បាន​ឲ្យ​គ្រូពេទ្យ​ដឹង​ផង ព្រោះ​វា​អាច​នឹង​ផ្តល់​ភាពងាយស្រួល គិត​លើ​ការប្រឈមមុខ​ម្តងទៀត បើសិនជា​ចង់​មាន ផ្ទៃពោះ​ឡើងវិញ​។

តាមដាន​ការ​ធ្លាក់ឈាម​ខ្លាំង និង​ហូរ​ទឹករំអិល​តាម​ទ្វារមាស​
​ការ​ធ្លាក់ឈាម ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​មិន​ល្អ​សោះឡើយ​។ ប៉ុន្តែ បើសិន​ជា​អ្នក​ឃើញ​ធ្លាក់​ដុំ​គ្រាប់ៗ​ពណ៌​ស រាង​ដូច​គ្រាប់​ទំពាំងបាយជូរ តាម​ទ្វា​មាស​វិញ​នោះ អ្នក​ពិតជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ហើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ បើសិន​ជា​អ្នក​កំពុងតែ មាន​បញ្ហា​ទាំងនេះ​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។