៨១​ភាគរយ ក្រុមហ៊ុន​មកពី​អឺរ៉ុប ប្តេជ្ញា​បន្តធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​ខាងមុខ​

ភ្នំពេញ:
​ដោយសារ​លទ្ធភាព​សម្រេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​ក្នុង​រយៈកាល​១២​កន្លងទៅ ក្រុមហ៊ុន​វិនិយោគ​ដែល​មកពី​អឺរ៉ុប ប្រមាណ​ជា​៨១​ភាគរយ ពួកគេ​មាន​ចេតនា​និង​បន្តធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​ខាងមុខ​បន្តទៀត​។​

​តាមរយៈ​សៀវភៅ​ស ២០១៦ អនុសាសន៍​សម្រាប់​គោលនយោបាយ​ស្តីពី​ពាណិជ្ជកម្ម​និង​ការវិនិយោគ លោក អេ​ម៉ា​នូ​អែល មេ​ណង់​តូ (Emmanuel Menateau) ប្រធាន​ក្រុមប្រឹក្សានាយក​និង​សមាជិក របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា សៀវភៅ​ស ដំបូង​គេ​បង្អស់​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប ដែលជា​ការចេញផ្សាយ​ប្រចាំឆ្នាំ​ក្នុង​គោលបំណង​បន្ត​កិច្ចសហការ​ក្នុងន័យ​ស្ថាបនា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​បណ្តា​បញ្ហា​ច្បាប់ បទបញ្ញត្តិ និង​រដ្ឋបាល ដែល​ពោរពេញ​ដោយសារ​សំខាន់​សម្រាប់​ប​ង្កើ​ន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ធុរកិច្ច ដើម្បី​ជួយ​ទាក់ទាញ​ការវិនិយោគ​ពី​អឺរ៉ុប មក​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។​

​លោក​បាន​បន្តថា ជាមួយនឹង​លក្ខខណ្ឌ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ខ្លួន​បានផ្តល់​ឲ្យ​កម្ពុជា តាមរយៈ​គោលការណ៍ "​ស្អី​ក៏បាន​ដែរ​លើកលែងតែ​អាវុធ​" សហភាព​អឺរ៉ុប​តំណាង​ឲ្យ​ទីផ្សារ​នាំចេញ ដ៏​សំខាន់​របស់​កម្ពុជា  ប៉ុន្តែ​ទន្ទឹមនឹងនេះ​មាន​ប្រហែលជា​៥​ភាគរយ នៃ​ការវិនិយោគ​បរទេស​នៅ​កម្ពុជា​តែប៉ុណ្ណោះ ដែលមាន​ប្រភព​មកពី​បណ្តា​ក្រុមហ៊ុន​នៅ​អឺរ៉ុប ថ្វីបើ​សហភាព​អឺរ៉ុប ជាក់ស្តែង ជា​ប្រភព​វិនិយោគ​បរទេស ដ៏​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ក៏ដោយ​។ ពិតណាស់​ប្រការនេះ​មួយផ្នែក បណ្តាលមកពី​ការយល់ឃើញ​បែប​ហួស​សម័យ​របស់​អឺរ៉ុប​អំពី​កម្ពុជា ហើយ​ឥឡូវ​បើទោះជា​មានការ​ទទួលស្គាល់​ទូទៅ​ថា រាជរដ្ឋាភិបាល​ពិតជា​បានចាប់ផ្តើម​កែលម្អ​ទី​លា​ធុរកិច្ច​ហើយ​ក្តី នៅមាន​ជំហាន​ជាក់លាក់​និង​ជាក់ស្តែង​មួយចំនួនទៀត​ដែល​រាជរដ្ឋាភិបាល​អាចធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​កាន់​តែមាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​ឡើង​ថែមទៀត​សម្រាប់​វិនិយោគ​បរទេស​គោរព​ច្បាប់​ចូលមក​បោះទុន​រកស៊ី​ក្នុង​ប្រទេស​។​

​ទន្ទឹមគ្នា​នឹង​សេវាកម្ម​ធុរកិច្ច និង​ការងារ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ធុរកិច្ច​អឺរ៉ុប​នៅ​ទូទាំង​សក​លោក ការតស៊ូ​មតិ​ស្ថិតនៅ​ជា​ស្នូល​ក្នុង​បេសកកម្ម​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​។ ក្នុង​ការងារ​គាំទ្រ​ដល​សមាជិក​របស់​យើង និង​ដល់​គោលបំណង​របស់​គណៈកម្មកា​រ​អឺរ៉ុប ក្នុងការ​លើកកម្ពស់​ក​ម្ពុ​ជា ថា​ជា​គោលដៅ​ពាណិជ្ជកម្ម និង​វិនិយោគ​រស់​រវើក​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​តូចធំ​។

​ក្នុង​សៀវភៅ​ស​នេះ  លោក អេ​ម៉ា​នូ​អែល មេ​ណង់​តូ ក៏បាន​លើកសំណើ​មួយចំនួន​សម្រាប់​ឆ្នាំ​២០១៦ របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា យកទៅ​ធ្វើការ​ពិចារណា​សំដៅ​បង្កើន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ធុរកិច្ច​ក្នុងប្រទេស​កម្ពុជា​។​ក្នុង​គោលបំណង​ជា​សំណុំ​សំណើ​គោលនយោបាយ សៀវភៅ​ស​នេះ ពិនិត្យ​ក្នុងន័យ​ស្ថាបនា​លើ​រាល់​បញ្ហា​ដែល​សមាជិក​របស់​យើង​បានលើកឡើង ហើយ​យើង​ជឿជាក់ថា​វា​ក៏​ដើរតួ​តំណាង​ឲ្យ​ការយល់ឃើញ និង​សេចក្តីសង្ឃឹម​របស់​បណ្តា​ក្រុមហ៊ុន​ដេ​ល​អនុលោម​តាមច្បាប់ ដទៃទៀត​នៅ​កម្ពុជា​ផងដែរ​។ ក្នុងន័យនេះ កាលពី​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០១៥ យើង​បានធ្វើការ​ស្ទាបស្ទង់​មតិ​សមាជិក​របស់​យើង សម្រាប់​ការ​ស្ទាបស្ទង់​ភាពជឿជាក់​ធុរកិច្ច​សភាពាណិជ្ជកម្ម​អឺរ៉ុប ប្រចាំឆ្នាំ ជា​លើកដំបូង​ហើយ​បណ្តា​អនុសាសន៍​ក្នុង​សៀវភៅ​ស​នេះ សុទ្ធតែ​ឆ្លុះបញ្ចាំង​របកគំហើញ​ទាំងឡាយ នៅ​ក្នុងការ​ស្ទាបស្ទង់​នោះ​។ ជា​វិជ្ជមាន ក្រុមហ៊ុន​ភាគច្រើន​ដែល​ត្រូវបាន​ធ្វើការ​ស្ទាបស្ទង់​មតិ បាន​រាយការណ៍​ឲ្យ​ដឹងថា ពួកគេ​មានលទ្ធភាព​សម្រេចបាន​គោលដៅ​ហិរញ្ញវត្ថុ​របស់គេ ក្នុង​រយៈពេល​១២​ខែ​កន្លងទៅ​។ សំខាន់​ជាងនេះទៀត ៨១​ភាគរយ នៃ​អ្នក​ដែល​ត្រូវបាន​ធ្វើការ​ស្ទាបស្ទង់​មតិ បាន​និយាយថា ពួកគេ​មាន​ចេតនា នឹង​បន្តធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​ខាងមុខ​ត​ទ​ភៅ​ទៀត​។ ប៉ុន្តែ​ការវាយតម្លៃ​ប៉ាន់ប្រមាណ​លើ​ភាព​ប្រកួតប្រជែង​ជារួម​របស់​កម្ពុជា ប្រៀប​ទៅនឹង​គោលដៅ​វិនិយោគ​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន ឃើញថា ទាប​ណាស់ ដោយ​ក្នុងនោះ​មានតែ​១៣​ភាគរយ​ប៉ុណ្ណោះ ដែល​កំពុង​គិតថា កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​ភាគច្រើន​នៃ​ប្រទេស​អាស៊ាន​ដទៃទៀត​។

​លោក​បាន​បន្តថា កន្លែង​ណា​ដែល​បទ​ប​ញ្ញ​តិ្ត​នៅ​ខ្វះចន្លោះ ស្រពេចស្រពិល ឬ​គ្មាន​ការតាមដាន អនុវត្ត​ត្រឹមត្រូវ វា​នឹង​បង្កើត​ឲ្យ​មានឱកាស​ប្រកួតប្រជែង​មិន​ស្មើភាព ប្រការនេះ​ត្រូវបាន​គេ​លើ​ឡើង​ច្រើនជាងគេ​ថា ជា​កត្តា​តែមួយគត់​ដែល​ប​ន្ទុ​ច​បង្អាក់​ដល់​ការពង្រីក​ការវិនិយោគ​អឺរ៉ុប​នៅ​កម្ពុជា​។ យើងខ្ញុំ​យល់ឃើញថា រាជរដ្ឋាភិបាល​បានទទួល​ស្គាល់​បញ្ហា​នេះ​ថា ការប្រកួតប្រជែង​មិន​ស្មើ​ភាពជា​ឧបសគ្គ​មួយ ដល់​ការវិនិយោគ​បរទេស ហើយ​ចំពោះមុខ​បាន​ប្តេជ្ញាចិត្ត​ក្នុង​របៀបវារៈ​ធ្វើកំណែទម្រង់ ប្រកបដោយ​មហិច្ឆតា​ក្នុងទិសដៅ​បង្កើន​អនុលោមភាព​របស់​បណ្តា​ក្រុមហ៊ុន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​៕

៨១​ភាគរយ ក្រុមហ៊ុន​មកពី​អឺរ៉ុប ប្តេជ្ញា​បន្តធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​ខាងមុខ​