ខេត្ត​​នានា​​របស់​​កម្ពុជា​ គួរ​ចេះ​បង្កើត​​គម្រោង​​បង្កើន​សកម្ម​ភាព​សេដ្ឋកិច្ច

ទោះបីជា​ប្រទេស​កម្ពុជា​ មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ប្រមាណ​ជា​៧% ​នៅ​ក្នុង​មួយ​ឆ្នាំ​ក្តី សេដ្ឋកិច្ច​ភាគ​​ច្រើន​ប្រមូល​​ផ្តុំ តែ​នៅ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​​មួយ​​ចំនួន​​តូច​​ប៉ុណ្ណោះ​ ។ ខេត្ត​ភាគច្រើន​ មិន​មាន​សកម្មភាព​​សេដ្ឋកិច្ច​រស់​រវើក​​ឡើយ ​។

ដើម្បី​​ធ្វើការ​បែងចែក​​ផល​សេដ្ឋកិច្ច​ឱ្យ​​ទៅ​ដល់​​មនុស្ស​គ្រប់​​គ្នា​​នោះ សកម្មភាព​សេដ្ឋកិច្ច ​និង​ការ​វិនិយោគ ​គួរ​ត្រូវ​បាន​​ពង្រីកឱ្យ​​ដល់​២៥​ខេត្ត​-ក្រុង​​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

ខេត្ត​នីមួយ​ៗ ​ត្រូវ​ចេះ​ស្វែងរក​ចំណុច​ខ្លាំង​របស់​ខ្លួន ​ដើម្បី​ធ្វើ​ចេញ​ជា​គម្រោង​ ដែល​នឹង​នាំ​ដល់​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក ​។ បើ​សិន​ជា​គេ​មិន​​អាច​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច ​ទៅ​ដល់​គ្រប់​ខេត្ត​-ក្រុង​ទេ​នោះ មនុស្ស​តែ​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ គឺ​អ្នក​ទីក្រុង​ភ្នំពេញ​​ដែល​ទទួល​ផល​ច្រើន​ជាងគេ​ ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា ​។ ចំ​ណែ​ក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ក៏​មិន​អាច​បាន​លឿន​​ឡើយ បើ​សិន​ជា​សកម្មភាព​សេដ្ឋកិច្ច​ នៅ​តែ​ប្រមូលផ្តុំ​នៅ​ទីក្រុង​ភ្នំពេញ​ ។

ជា​ការ​​សង្កេត​ទូទៅ ខេត្ត​នានា​​ហាក់ដូចជា​មិន​ទាន់​មាន​គំនិត​ច្នៃប្រឌិត​ឱ្យ​​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ​ដើម្បី​នឹកឃើញ​តាក់តែង​​ជា​គម្រោង​​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ។ ទោះបី​តូច​ក្តី​ធំ​ក្តី ការ​ផ្តួចផ្តើម​ជា​គម្រោង​នានា​នឹង​បានជា​ប្រយោជន៍​ដល់​​ប្រជាជន​កម្ពុជា ​។ ឧទាហរណ៍ បុណ្យចូលឆ្នាំ​ខ្មែរ ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ឆាប់​ៗ​​នេះ​ជាដើម បើសិនជា​ខេត្ត​នានា​អាច​ចេះ​រៀបចំ​ជា​កម្មវិធី​​កម្សាន្ត​ដែល​​មាន​ភាព​ទាក់ទាញ​​នោះ ប្រជាជន​កម្ពុជា​នឹង​ធ្វើ​ដំណើរ​​ទៅ​ចូលរួម​កម្សាន្ត​កម្មវិធី​ទាំងនោះ​ ។ ដូច្នេះ សកម្មភាព​សេដ្ឋកិច្ច​ជា​ច្រើន​អាច​នឹង​កើត​មាន​ ដូច​ជា​ការ​លក់​ម្ហូបអាហារ​ និង​ការ​រៀបចំ​ជា​ផ្ទះសំណាក់​ និង​សណ្ឋាគារ​ជាដើម​ ។

វា​ដល់​ពេល​ដែល​គេ​ត្រូវ​បែងចែក​​ផល​សេដ្ឋកិច្ច​ទៅ​ឱ្យ​​ឆ្ងាយ​ដល់​ប្រជាជន​ ដែល​នៅ​តាម​បណ្តា​ខេត្ត ​។ ការ​ធ្វើ​បែប​នេះ​បាន ​វា​នឹង​ជួយ​កាត់​​បន្ថយ​គម្លាត​សេដ្ឋកិច្ច​​រវាង​អ្នកមាន​ និង​អ្នកក្រ​ផង​ដែរ ។