អស់អីនិយាយ! បើដឹងហើយធ្វើជា​មិនដឹង​​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​បើក​ឱ្យ​ដំណើរ​យ៉ាង​រលូន និង​ដោយ​ចំហនៅ​ក្នុង​ហាង​កាហ្វេ​​​មួយ​កន្លែង​ក្បែរ​ច្រក «​អូរ​រំដួល​» ស្ថិត​ក្នុង​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក (​ជាប់​ព្រំដែន​ថៃ​) ដោយ​គ្មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា ចាត់​វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា អ្នក​បើក​ល្បែងស៊ីសង​នោះ គឺជា​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ​តួ ដែល​បើកហាង​លក់​គុយទាវ​កាហ្វេ និង​បើក​ល្បែង​ស៊ីសង​ផង ។ នៅ​ផ្នែក​ខាង​មុខ​មាន​លក់​គុយទាវ​កាហ្វេ មាន​លេង​ភ្នាល់​កីឡា រីឯ​ផ្នែក​ខាងក្រោយ មាន​លេង​អាប៉ោង​ពី​២ ទៅ​៣​វង់ និង​ល្បែង​បៀរ​គ្រប់​ប្រភេទ ។

ប្រភព​បាន​បញ្ជាក់​ថា អ្នក​ចូល​លេង​ល្បែងស៊ីសង​ទាំងនេះ គឺ​មាន​សមាសភាព​គ្រប់​ប្រភេទ ទាំង​មន្ត្រីរាជការ មន្ត្រី​សមត្ថកិច្ច ដូច្នេះ​ហើយ ទើប​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ ចេញ​មុខ​ទប់ស្កាត់ ឬ​ចុះ​បង្ក្រាប​ទេ ។  ប្រភព​ពី​អ្នក​ធ្លាប់​ចេញចូល​ហាង​កាហ្វេ​ខាងលើ​បាន​ប្រាប់​ថា ល្បែងស៊ីសង​ដែល​បង្កប់​ក្នុង​ហាង​កាហ្វេ​របស់​មន្ត្រី​នគរបាល​ឈ្មោះ​តួ នេះ បាន​បើក​ដំណើរការ​ឡើង​ដុះ​ស្លែ​ហើយ រីឯ​សមត្ថកិច្ច ឬ​មន្ត្រីរាជការ គេ​តែងតែ​ឃើញ​មក​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាង​នេះ​រាល់ថ្ងៃ តែ​មិន​បាន​អើពើ​នឹង​ល្បែងស៊ីសង​យ៉ាង​វក់វី នៅ​ខាង​ក្រោយ​ហាង​នេះ​ទេ​។

ផ្ទុយ​ទៅ​វិញ ពេល​ខ្លះ​គេ​ក៏​ឃើញ​មន្ត្រី​មួយ​ចំនួន ពេន​ភ្នេន​អ៊ុតអាប៉ោង​ជាមួយ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ទៀត​ផង ជា​ពិសេស
មន្ត្រី​​ៗ នៅ​ក្បែរ​ច្រក​អូរ​​រំដួល​នោះ​តែ​ម្ដង ដែល​ចេញ​-​ចូល​ៗ​ហាង​កាហ្វេ​ស្ទើរ​គ្រប់​ម៉ោង ។

ជុំវិញ​​ល្បែងស៊ីសង​បង្កប់ខ្លួន​ ក្នុង​ហាង​កាហ្វេ​របស់​មន្ត្រី​នគរបាល​ខាង​លើ ដែល​មានការ​សមគំនិត​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​មូល​ដ្ឋាន​ផង ។ គេ​មិន​​ទាន់​ដឹង​ថា តើ​បាន​ជ្រាប​ដល់​លោកស្នងការ​ខេត្ត​ដែរ ​ឬ​យ៉ាងណា​នោះ​ទេ​?  ប៉ុន្តែ​បើ​តាម​ប្រភព​​​ថា មាន​​អ្នករាយការណ៍​ប្ដឹង​​ទៅ​កម្លាំង​ស្នងការ​ខេត្ត​ ឱ្យ​​ចុះ​បង្ក្រាប​ដែរ តែ​រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​សមត្ថកិច្ច​​​​ស្ថាប័ន​ណា​ចុះ​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ ខ​ណះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​ហាង​កាហ្វេ​ខាងលើ​នេះ​បាន​និង​កំពុង​បើក​ដំណើរ​យ៉ាង​រលូន​ដដែល​ក្រោម​ក្រសែភ្នែក​របស់​សមត្ថ​កិច្ច​និង​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​គ្រប់​ស្ថាប័ន​។