មានអី​កើតឡើង​នៅផ្ទះ​លោក កឹ​ម សុខា រសៀល​នេះ ?

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ មីនា ២០១៦ លោកស្រី ចំរើន ដែល​អះអាង​ថា​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​មួយ​ចំនួន​នឹង​ដឹកនាំ​ហែ​ញ្ញត្តិ​ចេញ​ពីមុខ​រដ្ឋសភា​ឆ្ពោះទៅ​ផ្ទះ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​ទាមទារ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឆ្លើយ​ទាក់ទង​ទៅ​នឹង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ស្រី​ស្នេហ៍​លោក កឹ​ម សុខា ។

បើ​តាម លោក ស្រី ចំរើន ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) របស់​លោក​ក៍បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​ហែ​ញ្ញត្តិ​ទៅ​ដាក់​នៅផ្ទះ​លោក កឹ​ម សុខា លោក​ក៍​នឹង​នាំ​ញ្ញត្តិ​ដូច​គ្នា​នេះ​ទៅ​ដាក់​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា និង ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ (CNRP ) នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​នោះ​ផង​ដែរ​៕