មេព្រៃ​ចាប់​ឈើ​ទាហាន ទាហាន​លើកគ្នា​ឡោម​ព័ទ្ធ

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ទាហាន​ដឹកឈើ​២​គ្រឿង ក៏​ត្រូវ​កងកម្លាំង​ចម្រុះ​ចាប់ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ កន្លង​ទៅ​នេះ ស្រាប់​តែ​​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ២០១៦ ក្រុម​ទាហាន​ប្រមាណ​១០​នាក់ បាន​សម្រុកចូល​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​បម្រុង​រំដោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិត​ក្នុងភូមិ​កុង​ប៊ិ​ញ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ បានឃើញ​ក្រុម​ទាហាន​ជា​ច្រើន​នាក់ មក​ឈរ​នៅ​ពីមុខ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ និង​ខ្លះ​ទៀត​សម្រុកចូល​ទៅ​ក្នុង​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ឡើង​បញ្ឆេះ​រថយន្ត​បម្រុង​បើក​ចេញ ហើយ​ស្រែក​​ឡូឡា​ពលរដ្ឋ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នឹង​មាន​ផ្ទុះអាវុធ ពីព្រោះ​មាន​រថយន្ត​រដ្ឋបាល​ព្រៃឈើ​ចត​នៅ​ពាំង​ខ្លោងទ្វារ​ជាប់ ។

លោក​ខន ខែ​ម នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា រថយន្ត​កងទ័ព​២​គ្រឿង​ដឹកឈើ​លេខ​២​ប្រមាណ​ជាង​១០​ម៉ែត្រគូប ត្រូវ​កំលាំង​មន្ត្រី​ជំនាញ​សហការ​ជាមួយ​ប៉ូលិស ប៉េ​អឹ​ម ស្រុក​ឃាត់​ចាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ កន្លង​ទៅ​នេះ​យក​មក​រក្សា​ទុក្ខ​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង ។

លោក​ខន ខែ​ម បាន​បញ្ចា​ក់ថា ទី​១-​រថយន្ត​ម៉ាក​កូរ៉េ​ចំណុះ​២​តោន​កន្លះ ពណ៌​ត្រេ​អ៊ី ជា​រថយន្ត​របស់​អង្គភាព​យោធភូមិ​ទី​៤ ទី​២-​រថ​យន្ត​ម៉ាក​កូរ៉េ​ដែរ​ចំណុះ​២​តោន​កន្លះ ពណ៌​ត្រេ​អ៊ី ជា​រថយន្ត​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៤ ។ ទាំង​២​គ្រឿង​នេះ តែងតែ​ដឹកឈើ​ជា​យូរ​ឆ្នាំ ហើយ​គ្មាន​ឯកសារ​ដោយ​យក​លេះ​ដឹក​ជញ្ជូន​ទៅ​កសាង​បន្ទាយ​មិន​ចេះ​ចប់ បើ​តាម​ការ​សង្កេត​ដាក់​នៅ​ដេប៉ូ​ឯ​ខេត្តបន្ទាយ​មាន​ជ័យ ។