មហាសេដ្ឋី Zhou Qunfei ពី​ពលករ​ចំណាក់​ស្រុក​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​អេក្រង់ Touchscreen ទូរស័ព្ទ​ដ៏​ធំ​ប្រចាំ​ប្រទេស​ចិន

លោក​ស្រី Zhou Qunfei គឺ​ជា​មហាសេដ្ឋី​សហគ្រិន​មួយ​រូប​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ចិន។ លោក​ស្រី Zhou Qunfei គឺ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Lens Technology ដែល​ជា​ក្រុមហ៊ុន​ផលិត​កញ្ចក់​អេក្រង់ Touchscreen ដំបូង​នៅ​ប្រទេស​ចិន។ បន្ទាប់​ពី​ក្រុមហ៊ុន​លោក​ស្រី​ដាក់​សំណើ​លក់​ជា​សាធារណៈ​ក្នុង​ទីផ្សារ​នៅ​ខែ​មិនា ឆ្នាំ ២០១៥ ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​លោក​ស្រី​មាន​បណ្តោះ​អាសន្ន​ចំនួន ១០ ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​លោក​ស្រី​ជា​អ្នក​មាន​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រទេស​ចិន។

មក​ជិត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​គេហទំព័រ Forbes បាន​ចុះ​ផ្សាយ​ថា​លោក​ស្រី​គឺ​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​មួយ​រូប​នៅ​លើ​ពិភពលោក​ ក្នុង​ចំណាត់​ថ្នាក់​លេខ ២០៥ ពិភពលោក ជាមួយ​ទ្រព្យ​សម្បត្តិ ៦,១ ពាន់​លាន​ដុល្លារ។ តើ​លោក​ស្រី​មាន​បទពិសោធន៍ និង ដំណើរ​ជីវិត​យ៉ាង​ដូច​ម្តេច​ខ្លះ​មុន​ឈាន​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​សហគ្រិន?

លោក​ស្រី Zhou Qunfei កើត​នៅ​ឆ្នាំ ១៩៧០ ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ទីក្រុង Xiangxiang ខេត្ត Hunan ប្រទេស ចិន។ នៅ​មុន​ពេល​លោក​ស្រី​កើត​ ឪពុក​លោក​ស្រី​បាន​ពិការ​ភ្នែក ដោយ​គ្រោះ​ថ្នាក់​មួយ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៦០ ហើយ​នៅ​ពេល​លោក​ស្រី Zhou Qunfei មាន​វ័យ ៥ ឆ្នាំ​ម្តាយ​របស់​លោក​ស្រី​បាន​ទទួល​មរណភាព​។ លោក​ស្រី Zhou Qunfei បាន​បង្ខំ​ចិត្ត​ឈប់​រៀន​ក្នុង​វ័យ ១៥ ឆ្នាំ​ដើម្បី​ធ្វើ​ជា​ពលករ​ចំណាក់​ស្រុក​ទីក្រុង Shenzhen ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត Guangdong។

នៅ​ក្នុង​ទីក្រុង Shenzhen លោក​ស្រី Zhou Qunfei បាន​ចេតនា​ជ្រើស​រើស​ការ​ងារ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​នៅ​ក្បែរ សាកលវិទ្យាល័យ Shenzhen University ដែល​អាច​ធ្វើ​ឲ្យ​លោក​ស្រី​បាន​ចំណាយ​ពេល​ខ្លះ​ដើម្បី​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​ក្រៅ​ម៉ោង​មួយ​ចំនួន​ពី​សាកលវិទ្យាល័យ។ លោក​ស្រី Zhou Qunfei បាន​រៀន​នៅ​មុខ​ជំនាញ​ជា​ច្រើន​ នឹង​បាន​ប្រលង​ជាប់​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​គណនេយ្យ​ ផ្នែក​កុំព្យូទ័រ ផ្នែក​ពន្ធគយ​ និង​ទទួល​បាន​លិខិត​អនុញ្ញាត​ឲ្យ​បើកបរ​រថយន្ត​ពាណិជ្ជកម្ម​ទៀត​ផង។ ប៉ុន្តែ​លោក​ស្រី​មាន​ភាព​សោក​ស្តាយ​មួយ​ចំពោះ​ខ្លួន​ឯង​គឺ​មិន​បាន​រៀន​ភាសា​អង់គ្លេស

លោក​ស្រី Zhou Qunfei បាន​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​តូច​មួយ​ដែល​ផលិត​កញ្ចក់​វ៉ែនតា​ នៅ​ពេល​ដែល​ក្រុមហ៊ុន​នោះ​ដួល​រលំ​លោក​ស្រី​បាន​ចាប់​ផ្តើម​រក​ស៊ី​ខ្លួន​ឯង​ដោយ​បើក​ក្រុមហ៊ុន​មួយ​ក្នុង​ឆ្នាំ ១៩៩៣ ជាមួយ​ប្រាក់​ដែល​លោក​ស្រី​សន្សំ​បាន​ចំនួន ២០ ០០០ ដុល្លារ​ហុងកុង ដែល​ស្មើ​នឹង​ប្រមាណ ២៥៧៧ ដុល្លារ​អាមេរិក ដោយ​ពេល​នោះ​លោក​ស្រី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពី​បងប្អូន​ជីដូន​មួយ​ និង ជួយ​ដល់​អាជីវកម្ម​លោក​ស្រី។

ជំហាន​ជោគជ័យ​ដំបូង​បំផុត​នៃ​អាជីវកម្ម​លោក​ស្រី​គឺ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ដេញ​ថ្លៃ​ក្នុង​ការ​ផលិត​កញ្ចក់​អេក្រង់​ទូរស័ព្ទ​ ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដ៏​ធំ​របស់​ប្រទេស​ចិន គឺ TCL Corporation។ ក្រោយ​មក​ទៀត​លោក​ស្រី​ក៏​បាន​បើក​ក្រុមហ៊ុន​ផលិត​អេក្រង់ touchscreen ទូរស័ព្ទ Lens Technology នៅ​ឆ្នាំ ២០០៣ ជា​ផ្លូវ​ការ ហើយ​ក៏​បាន​អភិវឌ្ឍ​ក្រុមហ៊ុន​នៃ​ឲ្យ​កាន់​តែ​លេច​ធ្លោ​នូវ​ឧស្សាហកម្ម​ផលិត​​អេក្រង់ touchscreen។

Lens Technology បច្ចុប្បន្ន​ជា​ក្រុមហ៊ុន​នាំ​មុខ​ផ្នែក​ការ​ផលិត អេក្រង់ touchscreen ដោយ​ក្រុមហ៊ុន​នេះ​បាន​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​ជុំវិញ​ពិភពលោក​ដូចជា Apple, Samsung Electronics និង Huawei ជា​ដើម។ សូម្បី​តែ​ផលិតផល Apple Watch ចុង​ក្រោយ​របស់ Apple ក៏​ប្រើ​ប្រភេទ​អេក្រង់ Sapphire Crystal របស់​ក្រុមហ៊ុន​លោក​ស្រី​ដែរ៕

ប្រភព៖ thebnews

  • មហាសេដ្ឋី Zhou Qunfei ពី​ពលករ​ចំណាក់​ស្រុក​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​អេក្រង់ Touchscreen ទូរស័ព្ទ​ដ៏​ធំ​ប្រចាំ​ប្រទេស​ចិន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ជីវិតនិងសង្គម
Tags: