នាយក​​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ CIA ទៅ​ទស្សនកិច្ច​នៅ​ម៉ូស្គូ

នាយក​​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ CIA ទៅ​ទស្សនកិច្ច​នៅ​ម៉ូស្គូ

រូបឯកសារ៖ លោក John Brennan នាយក​​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ CIA នៅ​ឯ​គណៈកម្មាធិការ​ស៊ើបការ​​ អំពី​ការគម្រាម​កំហែង​នៅ​ទូទាំង​ពិភពលោក​នៅ​ឯ​វិមាន​ Capitol Hill ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

គេ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​ John Brennan នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា.​ CIA បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ក្រុង​ម៉ូស្គូ​កាល​ពី​ដើម​ខែ​មីនា។​

ដំណឹង​អំពី​ទស្សនកិច្ច​របស់​លោក​នាយក​ CIA នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​លាត​ត្រដាង​ឲ្យដឹង​ជា​សាធារណៈ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ច័ន្ទ ​ដោយ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​ ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ការ​ពិត​នៅ​ពេល​បន្ទាប់​មក​ដោយ​ទីភ្នាក់ងារ​ CIA។

ទី​ភ្នាក់ងារ​ព័ត៌មាន​ Interfax របស់​រុស្ស៊ី​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ Oleg Syromolotov អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេសរុស្ស៊ី​ដែល​បាននិយាយ​ប្រាប់ពួក​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ម៉ូស្គូ​ថា​ «មិនមែន​ជា​ការ​សម្ងាត់​ទេ​ដែល​លោក Brennan បាន​អញ្ជើញ​មក​ទីនេះ​»។

លោក​បាន​និយាយ​បន្ថែម​ថា​ ទស្សនកិច្ច​នេះ​គ្មាន​ការ​ទាក់ទិន​ជាមួយ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អំពី​ការ​ចាប់ផ្តើម​ដក​កង​កម្លាំង​យោធា​រុស្ស៊ី​ចេញ​ពី​ប្រទេស​ស៊ីរី​ ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មិនា​នោះ​ទេ។​

លោក Dean Boyd នាយក​ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​ទី​ភ្នាក់ងារ CIA បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក Brennan ប្រាកដ​ជា​បាន​ទៅ​ទស្សនា​ក្រុង​ម៉ូស្គូ​មែន។​

លោក Boyd បាន​និយាយ​ថា​ «លោក​នាយក Brennan បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​កាល​ពី​ដើម​ខែ​មិនា​ ដើម្បី​គូស​បញ្ជាក់​ជាមួយ​ក្រុម​មន្ត្រី​រុស្ស៊ី​អំពី​សារៈសំខាន់​នៃ​ការ​គោរព​ដោយ​ប្រទេស​រុស្ស៊ី​និង​របប​គ្រប់គ្រង​ Assad តាម​កិច្ច​ព្រមព្រៀង​របស់​ពួក​គេ​ ដើម្បី​អនុវត្ត​ការ​បញ្ឈប់​អរិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី»។

លោក Boyd បាន​និយាយ​បន្ថែម​ថា​លោក Brennan «ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​ការ​គាំទ្រ​ជា​ទៀងទាត់​របស់​រដ្ឋាភិបាល​ស.រ.អា.ដល់​អន្តរកាល​នយោបាយ​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អំពី​សេចក្តី​ត្រូវការ​ឲ្យ​លោក​ Assad​ ចុះ​ចេញ​ពី​តំណែង​ ដើម្បី​សម្រួល​ឲ្យ​មាន​អន្តរកាល​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ស៊ីរី​»។

គេ​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ Syromolotov អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​ ដែល​បាន​និយាយ​ថា​នៅ​ពេល​ដែល​លោក​ស្ថិត​នៅ​ក្នុង​ក្រុង​ម៉ូស្គូ​ លោក Brennan បាន​ទៅ​ទស្សនា​សេវាកម្ម​សន្តិសុខ​សហព័ន្ធ​ហៅ​កាត់​ថា​ FSB ដែល​ជា​ទីភ្នាក់ងារ​សន្តិសុខ​ធំ​បំផុត​របស់​រុស្ស៊ី​និង​«កន្លែង​ឯ​ទៀតៗ​» ក៏​ប៉ុន្តែមិនមែន​ក្រសួង​ការបរទេស​ទេ។​

ទីភ្នាក់ងារ​ព័ត៌មាន​ Tass របស់​រដ្ឋ​នៃ​ប្រទេស​រុស្ស៊ី​បាន​ដក​ស្រង់​ពាក្យ​សម្តី​លោក​ Dmitry Peskov អ្នក​នាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក Brennan មិន​បាន​ជួប​ជាមួយនរណា​ម្នាក់​នៅ​ឯ​វិមាន​ក្រឹមឡាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ​៕​