ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្ត កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្តាល៖ យុវសិស្សម្នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះជាបន្ទាន់ ដោយសារជិះម៉ូតូទាក់ដៃចង្កូត និងរថយន្តមួយគ្រឿង កាលពីវេលាម៉ោង ១៨និង១០នាទីយប់ថ្ងៃទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ​២១អា ក្នុងភូមិលេខ៣​ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 5A-0137 បើកបរ ដោយឈ្មោះស៊ូ វុទ្ធី ភេទប្រុសអាយុ៣០ឆ្នាំ មានមុខរបរបើកបរ រថយន្តរស់នៅ ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ចំណែកជនរងគ្រោះឈ្មោះ សិត សុខឃឹម ភេទប្រុស អាយុ១៤ឆ្នាំ មានមុខ​របរជា​សិស្ស រស់នៅភូមិលេខ២​ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ឈ្មោះ ហេង សុខហ៊ួ ភេទប្រុសអាយុ១៥ឆ្នាំ ជាសិស្សរស់នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល អ្នក​ទាំង​ពីរ ជិះម៉ូតូមួយគ្រឿង ម៉ាកនិកពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 1P-4733 រងការខូចខាត យ៉ាងដំណំផង​ដែរ ។ 

នគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរក្នុងទិសដៅ ពីកើតទៅលិចលុះ​ដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះ ជិះឌុបគ្នា បើកបរបញ្ច្រាសទិសគ្នា រួចក៏ទាក់ដៃចង្កូត និងរថយន្តបណ្តាលឲ្យ ដួលបោកជនរងគ្រោះ ជាអ្នកឌុប ចូលទៅក្រោមរថយន្ត ចំកង់រថយន្តកិនបែក ក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង ចំណែកអ្នករួមដំណើរ គ្រាន់តែរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹក​បញ្ជូនទៅកាន់មន្ទីរពេទ្យ រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ។ ក្រោយពេលកើតហេតុនគរ​បាលបានចុះទៅដល់ រួចឃាត់ខ្លួនអ្នកបើកបរ រថយន្ត រួមទាំងរថយន្តនាំយកមក កាន់ប៉ុស្តិ៍រដ្ឋបាលដើម្បី ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព ត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ​តាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត