រំជួលចិត្ត! បុរសម្នាក់ សុំមិត្តស្រី ដែលកើតជំងឺមហារីកសុដន់ ដំណាក់កាលចុងក្រោយ រៀបការ នៅក្នុងមន្ទីរពេទ្យ

ចិន៖ បុរសវ័យ៤៣ឆ្នាំម្នាក់ បានសុំមិត្តស្រីរបស់ខ្លួន ដែលកើតជំងឺមហារីកសុដន់ ដំណាក់កាលចុងក្រោយ រៀបការ នៅក្នុងបន្ទប់ នៃមន្ទីរពេទ្យមួយកន្លែង ដែលនាងកំពុងសម្រាកព្យាបាល ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងរំជួលចិត្តយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរូបនោះ មានឈ្មោះថា Peng Xin មកពីខេត្ត Sichuan ប្រទេសចិន គឺជាជាងជួលជុលម៉ាស៊ីនត្រជាក់ នៅក្នុងទីក្រុង Wuhan អាចរកប្រាក់ចំណូល បានត្រឹមតែ ១,៥០០យ័ន (២៣៨ដុល្លារអាមេរិក) ប៉ុណ្ណោះ ក្នុងមួយខែ នៅពេលដែលគាត់ បានជួបមិត្តស្រី គឺនាង Yang Liu កាលពី៨ឆ្នាំមុន។

គួរឲ្យដឹងផងដែរថា នាង Yang ត្រូវជីដូននាង យកទៅចិញ្ចឹម បន្ទាប់ពីឪពុកម្តាយនាង បានលែងលះគ្នា។ បើទោះបីជា គូស្នេហ៍មួយគូនេះ ស្រលាញ់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែជីដូនរបស់នាង Yang មិនបានយល់ព្រម ចំពោះទំនាក់ទំនង របស់ពួកគេឡើយ ព្រោះគាត់គិតថា នាង Yang គួរតែរកបានបុរសល្អ ជាងលោក Peng ដែលត្រឹមជា កម្មករចំណាកស្រុកម្នាក់ និងរកប្រាក់មិនបានច្រើន ថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ វាសនាមនុស្សប្រែប្រួលមិនទៀង ដោយនៅក្នុងឆ្នាំ២០១០ ឪពុក និងជីដូន នាង Yang បានលាចាកលោកផុតទៅ ចំនែកឯម្តាយនាង ក៏បានកើតជំងឺមហារីកសុដន់ ដំណាក់កាលចុងក្រោយទៀត។

នាង Yang ចាប់ផ្តើមទៅរស់នៅ ជាមួយលោក Peng ក្នុងផ្ទះជួលមួយកន្លែង ដោយលោក Peng បានគិតថា នៅពេលដែលគាត់ សន្សំលុយគ្រប់ អាចមានលទ្ធភាព ទិញផ្ទះដោយខ្លួនឯង គាត់នឹងសុំនាង Yang រៀបការតែម្តង។ តែជាអកុសល កាលពីខែមុននេះ នាង Yang ក៏កើតមានជំងឺមហារីកសុដន់ ដំណាក់កាលចុងក្រោយ ដូចម្តាយរបស់នាង អីចឹង ហើយនាងបានដឹងខ្លួនថា វាយឺតពេលណាស់ទៅហើយ សម្រាប់ធ្វើការវះកាត់។ ដោយសារតែហេតុនេះ លោក Peng បានបោះបង់ ការងារចោល ដើម្បីមកមើលថែទាំ នាង Yang ទាំងយប់ ទាំងថ្ងៃ តែម្តង។

យ៉ាងណាមិញ បន្ទាប់ពីសម្រាកព្យាបាល អស់រយៈពេល ១ខែ នៅក្នុងមន្ទីរពេទ្យ អាការៈរបស់នាង Yang ក៏មានសភាពហ្នឹងនរបន្តិច ខណៈលោក Peng បានសម្រេចចិត្ត ប្រាប់គ្រូពេទ្យ ពីគំរោងសុំរៀបការ របស់លោក ទៅកាន់នាង Yang តែម្តង។

«ខ្ញុំនឹងក្លាយជាប្តីរបស់នាង ទោះបីជានាង សល់ពេលប៉ុន្មានទៀតក៏ដោយ។ ទោះបីជាមានការជំទាស់ ពីក្រុមគ្រួសារ ប៉ុន្តែនាងបានសម្រេចចិត្ត មករស់នៅជាមួយខ្ញុំ។ ពេលនេះ នាងធ្លាក់ខ្លួនឈឺហើយ ខ្ញុំត្រូវតែបំពេញ តាមពាក្យសន្យារបស់ខ្ញុំ រៀបការជាមួយនាង» សម្តីលោក Peng

បន្ទាប់ពីស្តាប់រឿងរ៉ាវ របស់ពួកគេរួច បុគ្គលិកក្នុងមន្ទីរពេទ្យ មានការរំជួលចិត្ត យ៉ាងខ្លាំង ហើយក៏បានរៀបចំ ចំពោះការសុំរៀបការនេះ ថែមទាំងបរិច្ចាកប្រាក់ មួយចំនួន សម្រាប់ពិធីមង្គលការ របស់ពួកគេ ទៀតផង។

គួរបញ្ជាក់ផងដែរថា ជំងឺមហារីកសុដន់ នៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង ដោយកាលពីឆ្នាំ២០១៥ កន្លងទៅនេះ មានមនុស្សចំនួន ៤លាននាក់ បានកើតជំងឺមហារីកសុដន់ ហើយមនុស្សជិត ៣លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺនេះ៕

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត