ចាប់ក្រុមដាវសាំម៉ូរ៉ៃ ក្រោយកាប់ទៅលើ យុវជនម្នាក់ រងរបួសធ្ងន់ នៅខណ្ឌចំការមន

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌចំការមន នៅម៉ោង ១២៖៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង មួយក្រុម មានគ្នា ៣នាក់ ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ ដែលបានធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះ ១ដាវ បណ្ដាលឲ្យរងរបួស ត្រង់ចង្កេះ ខាងឆ្វេង នៅចំណុច ចំហៀងភោជនីយ៍ដ្ឋាន សូវណ្ណវី ផ្លូវព្រះនរោត្តម ក្រុម៧៤ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ 

បើតាមម​ន្ត្រី នគរបាលបានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ រួមមាន ទី១.ឈ្មោះ សែម សាអែម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារ ក្នុងភោជនីយ៍ដ្ឋានសូវណ្ណវី, ទី២.ឈ្មោះ វង់ ចិត្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាងបាញ់ ថ្នាំឈើ, ទី៣.ឈ្មោះ ជិន ហ្វឿង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ វៀតណាម ហើយជនសង្ស័យទាំង ៣នាក់ ស្នាក់នៅជាមួយគ្នា នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ពុធ ឯក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាចុងភៅ ស្នាក់នៅទីតាំង កើតហេតុខាងលើ រងរបួសធ្ងន់ ត្រូវ ១ដាវ ត្រង់ចង្កេះខាងឆ្វេង។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ដកហូតបានវត្ថុតាង មួយចំនួនរួមមាន ម៉ូតូ១គ្រឿង ម៉ាក ស៊ូគីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1B-7839៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត