គន្លឹះ​ទាំង ៩ ដើម្បី​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ពី​សេដ្ឋី Mark Cuban ម្ចាស់​ក្លឹប​បាល់បោះ Dallas Mavericks

លោក Mark Cuban គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​សញ្ជាតិ​អាមេរិក លោក​ជា​វិនិយោគិន ផលិតករ​ភាពយន្ត អ្នក​និពន្ធ ម្ចាស់​កម្មវិធី​ទូរទស្សន៍ និង ជា​សប្បុរស​ជន​មួយ​រូប។ បន្ថែម​ពី​លើ​នេះ​លោក​នៅ​ជា​ម្ចាស់​ក្លឹប​បាល់បោះ​សហរដ្ឋ​អាមេរិក​ដ៏​ល្បីល្បាញ​មួយ​គឺ Dallas Mavericks។ ខាង​ក្រោម​ជា​ដំបូន្មាន​ខ្លះ​នៃ​ការ​បង្កើត​អាជីវកម្ម​រក​ស៊ី​មួយ​ប្រកប​ដោយ​ភាព​ជោគជ័យ។

 

១) ចាប់​ផ្តើម​ពី​ឥឡូវ ៖ គ្រប់​សហគ្រិន​ជោគជ័យ​ទាំង​អស់​ដឹង​ថា ការ​ចេះ​រៀបចំ​ពេល​វេលា​ឲ្យ​ខ្លួន​ឯង គឺ​ជា​ការ​រៀប​ចំ​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​គួរ​ចាប់​ផ្តើម​ធ្វើ និង អ្វី​ដែល​គួរ​ទុក​ចោល​។ ដូច្នេះ​ក្នុង​វិស័យ​អាជីវកម្ម​គ្មាន​ឡើយ​ពេល​វេលា​ល្អ​សម្រាប់​អ្នក គឺ​ការ​ចាប់​ផ្តើម​ពី​ឥឡូវ​នោះ​ហើយ​ទើប​ជា​ពេល​ល្អ​សម្រាប់​អ្នក ប្រសិន​បើ​អ្នក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​នោះ។

 

២) ត្រូវ​មាន​ចំណូល​ចិត្ត​ខ្ពស់​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ ៖ ការ​មាន​ចំណូល​ចិត្ត​ខ្ពស់​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ វា​ជា​កត្តា​មួយ​ជួយ​ជំរុញ​ចិត្ត​អ្នក​បន្ថែម​ទៀត​ឲ្យ​ខ្លួន​ឯង ចង់​រៀន​ពី​អ្វី​ដែល​ថ្មី ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ក្លាហាន​ ហ៊ាន​ពុះពារ​គ្រប់​ឧបសគ្គ​ ដើម្បី​ទៅ​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន។

 

៣) មិន​ត្រូវ​ដោះសា ៖ ការ​ដោះសា​ គឺ​ជា​ចរិត​លក្ខណៈ​នៃ​ភាព​មិន​ចេះ​ទទួល​ខុស​ត្រូវ មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត ដែល​នេះ​ជា​អ្វី​ ផ្ទុយ​ស្ទើរ​ទាំង​ស្រុង​ពី បុគ្គល​ជោគជ័យ។

 

៤) រៀន​ពី​ប្រវត្តិសាស្ត្រ ៖ លោក Mark Cuban ថ្លែង​ថា​អ្នក​គួរ​ចេះ​ក្រឡេក​មើល​ឡើង​វិញ​នូវ​ប្រវត្តិ​អាជីវកម្ម​បរាជ័យ និង ជោគជ័យ នា​សហគ្រិន​សម័យ​ដើម តើ​មាន​គោល​គំនិត និង គោលការណ៍​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​ជោគជ័យ និង បរាជ័យ តើ​គំនិត​ទាំង​នោះ មាន​លក្ខណៈ​ប៉ុន្មាន​ភាគរយ​ដែរ ដែល​ដូច​អ្នក។

 

៥) ត្រូវ​រីករាយ​ជាមួយ​ភាព​ប្រកួត​ប្រជែង ៖ មាន​តែ​ការ​ប្រកួត​ប្រជែង​ទេ ទើប​អាច​ដឹង​ថា​អ្នក​ខ្លាំង​ក្នុង​ក្រិត​ណា អ្នក​ត្រៀម​ខ្លួន​ល្អ​បាន​ប៉ុណ្ណា អ្នក​មាន​ចំណេះ​ដឹង​ច្រើន​ប៉ុណ្ណា ដ៏​រាប​ណា​អ្នក​មិន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​អាជីវកម្ម​ដទៃ នោះ​អ្នក​ប្រហែល​ជា​មិន​អាច​រីក​ច្រើន​ទៅ​មុខ​បាន​ឡើយ។

 

៦) ស្គាល់​ពី​អាជីវកម្ម​របស់​ខ្លួន ៖ លោក Mark Cuban រៀប​រាប់​ថា​មិន​ថា​អាជីវកម្ម​ខ្នាត​តូច ឬ មធ្យម​ឡើយ​អ្នក​ត្រូវ​ដឹង​ពី​កញ្ចប់​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ចំណាយ ត្រូវ​រៀប​ចំ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ត្រូវ​ដឹង​ថា​តើ​អាជីវកម្ម​របស់​អ្នក​មាន​គុណ​សម្បត្តិ​ល្អ​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ដៃ​គូ​ហើយ​ឬ​នៅ។

 

៧) ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង ៖ លោក Mark Cuban ពន្យល់​ថា​អ្នក​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន និង កំពុង​ជួប​ប្រទះ​ និង អ្វី​ដែល​អ្នក​កំពុង​ធ្វើ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​កុហក​ខ្លួន​ឯង មិន​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​ខ្លួន​ឯង នោះ​បញ្ហា​គឺ​នឹង​កើត​ឡើង​ ឥត​ឈប់ឈរ​ឡើយ​មក​លើ​រូប​អ្នក។

 

៨) ដឹង​ពី​ចំណុច​ខ្លាំង​ និង ខ្សោយ​របស់​ខ្លួន ៖ លោក Mark Cuban ផ្តល់​ដំបូន្មាន​ថា​ ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​ត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​និង​ខ្សោយ​របស់​ខ្លួន ហើយ​អ្នក​មិន​ត្រូវ​ចំណាយ​ពេល​ច្រើន​ពេក​លើ​ចំណុច​ខ្សោយ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​វា​ខ្លាំង​នោះ​ឡើយ អ្នក​ត្រូវ​ចេះ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ទៅ​លើ​ភាព​ខ្លាំង​របស់​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​ខ្លាំង ហើយ​ចំណុច​ខ្សោយ​អ្នក​អាច​រក​មនុស្ស​ដែល​មាន​សមត្ថភាព​មាន​ជួយ​បំពេញ​បន្ថែម​ឲ្យ​អ្នក​បាន។

 

៩) ត្រូវ​មាន​លក្ខណៈ​ពិសេស​ជា​របស់​ផ្ទាល់​ខ្លួន ៖ លោក Mark Cuban រៀប​រាប់​ថា​ក្នុង​នាម​ជា​សហគ្រិន​អ្នក​ត្រូវ​ចេះ​បង្កើត​អ្វី​ដែល​ថ្មី ហើយ​បន្ត​អភិវឌ្ឍ​របស់​ទាំង​នោះ ឲ្យ​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​ពី​មួយ​ដំណាក់​កាល​ទៅ មួយ​ដំណាក់​កាល ពោល​គឺ​ត្រូវ​ច្នៃ​ប្រឌិត​ឲ្យ​វា​ថ្មី​តាម​បច្ចុប្បន្ន​ភាព។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com