ប្រញាប់​ផង ងងឹតផង ជិះម៉ូតូ​ហោះ​បុក​របាំង​ថ្ម​

ខេត្តព្រះ​សីហនុ ៖ នារី​​បរទេស​ម្នាក់​​បាន​បាត់ប​ង់​ជីវិត​ក្នុង​មន្ទី​ពេទ្យ​បង្អែក​​ចំការ ខណៈ​​ក្រុម​គ្រូពេទ្យ​ខិតខំ​ជួយ​សង្គ្រោះ​​បាន​ជាង​កន្លះ​ម៉ោង បន្ទាប់ពី​​​ជិះ​ម្នាក់​​ឯង​ទៅ​បុកខឿន​​ផ្លូវ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​២៨ មីនា ស្ថិត​ចំណុចមុខ​អនុ​វិទ្យាល័យ​សម្តេចឪ ​​ក្នុងភូមិ​៣​ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ ។

​​ប្រភព​​ឱ្យ​ដឹងថា​ នារី​រង​គ្រោះ​ឈ្មោះ​ចេន​​នី សុ​កូ​ឡា ​អាយុ​២៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ ជា​បុគ្គលិក​នៅផ្ទះ​សំណាក់យីហោ «ប៉ា ប៉ា កា​យូ» ​​ក្នុងភូមិ​៤ ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ​ជិះ​​ម៉ូតូ​ម៉ាក​ហា​យ​យ៉ា​តេ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ1Y-4181 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​គោលបំណង​ទៅ​កាន់​កន្លែងធ្វើការ​​សង្កាត់​លេខ​៤​​ក្នុង​ល្បឿនយ៉ាង​​លឿន រហូត​មក​ដល់ចំណុច​​កើតហេតុ ដោយ​ទីតាំង​​នោះ​មាន​ភាព​​ងងិតផង ក៏​​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​​ពុះ​ទ្រូង​ចែក​ផ្លូវ បណ្តាលឱ្យ​​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹ​ង​កន្លែង ។

​បន្ទាប់ពីមានហេតុការណ៍នេះ ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​ទៅ​សង្គ្រោះ ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរពេក​ គ្លី​និ​​ក​​ឯកជន​ក៏​​​បញ្ជូន​​ចេញ យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក តែបាន​​បាត់បង់​ជិ​វិត​ក្រោយ​បញ្ជូន​ដល់​ប្រមាណ​៣០​​នាទី​ ។ បច្ចុប្បន្ន ​សាកសព ត្រូវ​​​រក្សា​ទុក​នៅ​ក្នុង​មន្ទី​ពេទ្យ ​ដើម្បីរង់​ចាំ​តំណាង​​ស្ថានទូត​​មក​ទទួល​ចាត់​ចែង​បន្ត ។