រុស្ស៊ីមាន​បំណង​ដាក់ទុនវិនិយោគ​វិស័យទេសចរណ៍​ទ្រង់ទ្រាយធំ

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំណាក់ទំនងសង្គម​ (Facebook) របស់សម្តេចតេជោ ហ៊ុន សែន​ បានសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះ​មានខ្លឹមសារទំាងស្រុងដូចតទៅ​ ៖ "នៅថ្ងៃទី ២៩ មីនាព្រឹកមិញនេះ​ ​នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានអនុញ្ញាតអោយ លោក Nikolay Nikiforov ​រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ឋ ផ្សព្វផ្សាយសហព័ន្ធរុស្ស៊ីចូល​ជួបពិភាក្សាការងារ។

ដំណើរទស្សន​កិច្ចរបស់ លោក Nikolay Nikiforov ​ គឺដើម្បីចូលរួមកិច្ចប្រជុំអន្ដររដ្ឋាភិបាល​ កម្ពុជា-រស្ស៊ីលើកទី៩។ ​លោក Nikolay បានចាត់ទុកសម្តេចជា​មេដឹកនាំស្មោះត្រង់បំផុត ហើយ លោក មើលឃើញកម្ពុជា​រីកចម្រើនជឿនលឿនក្រោមការដឹកនាំរបស់​សម្តេចតេជោ។ លោក Nikolay រីករាយពេញចិត្តចំពោះមិត្តភាព ​និងសហប្រតិបត្តិការល្អរវាង​កម្ពុជា និងសហព័ន្ធរុស្ស៊ីមក ទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ​ សហព័ន្ឋរុស្ស៊ី ​កំពុងចាប់អារម្មណ៌ក្នុងការជំរុញនិង​ពង្រឹងលើផ្នែកវិនិយោគ ​និងកិច្ចសហប្រតិបត្ដិការលើវិស័យ​មួយចំនួនថែមទៀត ​ជាពិសេស វិស័យទេសចរណ៍ ធុរកិច្ច ​និងសេដ្ឋកិច្ចជាដើម ​។ កាលពីមុនជនជាតិរុស្ស៊ីរាប់លាននាក់ចូលចិត្ត​ទៅសម្រាកលំហែរកាយនៅប្រទេស​ Turkey និង Egypt ​តែដោយសារអសន្តិសុខ និងអស្ថិរភាព ​ទើបរដ្ឋាភិបាល រុស្ស៊ីហាមប្រាម​មិនអោយពលរដ្ឋគេទៅកំសាន្តនៅទីនោះតទៅទៀត។ ​ឥឡូវនេះភ្ញៀវទេសចររុស្ស៊ីបានបង្វិល​ទិសដៅមកប្រទេសថៃ ​ដែលជាឱកាសដល់​កម្ពុជាក្នុងការស្រូបយកភ្ញៀវទេសចរ មកប្រទេសយើង។ ​រុស្ស៊ីក៏មានបំណងវិនិយោគធំលើវិស័យទេសចរណ៌ ​ដែលមានបីប្រទេសចូលរួមគឺ កម្ពុជា​ រុស្ស៊ី និងចិន ​ ហើយមានការចាប់អារម្មណ៌​ក្នុងការពង្រីកផ្លូវយន្តហោះអោយបាន ធំទូលាយដើម្បីទទួលយន្តហោះខ្នាតធំៗ​មកពីរុស្ស៊ី ​ដែលនឹងពិភាក្សាលម្អិតលើកិច្ចសហប្រតិបត្តិការនេះ​នៅពេលក្រោយ។ ​ទេសចររុស្ស៊ីចាប់អារម្មណ៌ខ្លាំង​នៅតំបន់សមុទ្រក្រុងព្រះសីហនុ។

សម្ដេចតេជោហ៊ុន ​សែន បានចាត់ទុកទំនាក់ទំនងនៃប្រទេសទាំង២ក្នុងរយៈ​ពេលថ្មីៗនេះគឺមានដំណើរការជឿនលឿនជាសកម្មទៅមុខ។ ​សម្តេចតេជោ ​សង្ឃឹមថាកិច្ចប្រជុំអន្ដររដ្ឋាភិបាល ​កម្ពុជា -រស្ស៊ី លើកទី៩ នឹងទទួលផលវិជ្ជមានជាច្រើនថែមទៀត ​ដែលយើងរំពឹងថានឹងឈានទៅដល់ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងប្រទេសទាំង២។ ​ ដើម្បីរិតចំណងមិត្តភាព​ កម្ពុជា -រុស្ស៊ី អោយកាន់តែល្អរឹងមាំ​ គឺនឹងមានគម្រោងដាំដើមឈើមិត្តភាព​នៅកម្ពុជានិងនៅរុស្ស៊ី ​ក្នុងកំឡុងពេលសម្តេចតេជោអញ្ជើញទៅបំពេញ​ទស្សនកិច្ចនៅទីនោះក្នុងខែ ​ឧសភា ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំពិភាក្សាព្រឹកមិញនេះ ​សម្តេចតេជោ ហ៊ុន សែន ​ក៏បានបញ្ជាក់ប្រាប់ លោក Nikolay ​ និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាអំពីការ​បន្តផ្តល់អាគាររដ្ឋអោយរុស្ស៊ីប្រើប្រាស់ ជា មជ្ឈមណ្ឌលវប្បធម៌​ និងវិទ្យាសាស្រ្ត ​នៅទីក្រុងភ្នំពេញដើម្បីពង្រឹងនិងពង្រីកនូវមិត្តភាព ​និងសហប្រតិបត្តិការកាន់តែល្អរឹងមាំរវាងប្រទេស​ និងប្រជាជាតិទាំងពីរ។ ​ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើអោយភាគីវិនិយោគទុនរុស្ស៊ី ​រៀបចំដឹកអ្នកទេសចរណ៌​ ពាណិជ្ជករ និងវិនិយោគទុន ​ព្រមទាំងក្រុមកីឡាបាល់ទាត់ ឬបាល់ទះតាមយន្តហោះមកកម្ពុជា ​ដើម្បីបង្ហាញពី សក្តានុពលវិនិយោគនៅកម្ពុជាយើងផង ​ និងដើម្បីរិតចំណងមិត្តភាព​នៃប្រទេសទាំងពីរផង។

សម្តេចតេជោ ​ បានផ្តាំផ្ញើសួរសុខទុក្ខ​ លោកប្រធានាធិបតី Vladimir Putin និង​នាយករដ្ឋមន្រ្តីរុស្ស៊ីផងដែរ។ ​កិច្ចប្រជុំបានបញ្ចប់ដោយភាពរីករាយ ​ស្និទ្ឋិស្នាល​ និងផ្លែផ្កាវិជ្ជមានគួរជាទី​មោទនៈបំផុត៕"