បទល្មើស​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មានការ​បើកដៃ​ពី​គយ​និង​នគរបាល​អន្តោប្រវេសន៍​

ប៉ុន្មាន​ថ្ងៃ​កន្លងមក​ទៅនេះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បង្ក្រាប​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ជា​បន្តបន្ទាប់​។ តាមរយៈ​ចម្លើយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​ក្នុង​ទំនិញ​១​កេស​ចាប់ពី​១០​ទៅ​២០​ដុល្លារ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​ទំនិញគេចពន្ធ​ឆ្លងកាត់​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​រាលដាល​កាន់តែខ្លាំង​ឡើងៗ ជាពិសេស​ករណី​ឈ្មួញ​នាំចូល​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ​តាម​ច្រក​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​មិនចេះ​អស់នោះ​ទេ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​ធ្វើការ​ងារ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន​ឲ្យ​ដឹងថា​មេ​គយ​ឈ្មោះ គង់ ផល្លា​គុណ និង​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​នេះ គឺជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ដោយសារ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មិន​ទទួលបាន​ផលប្រយោជន៍​ទើប​ចាត់វិធានការ​បង្ក្រាប​ជា​បន្តបន្ទាប់​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ តាមរយៈ​ការបង្ក្រាប​របស់​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មើលឃើញ​យ៉ាងច្បាស់​នូវ​អំពើពុករលួយ​របស់លោក គង់ ផល្លា​គុណ មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប និង​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​នេះ ដោយ​មិនអាច​បិទបាំង​តទៅទៀត​បានឡើយ​។

ប្រភពពី​មន្ត្រី​បុគ្គលិក​បម្រើការ​ងារ​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​មានដូចជា ទូរស័ព្ទដៃ​ទំនើបៗ គ្រឿងអលង្ការ គ្រឿងសំអាង អាហារ​បំប៉ន​សុខភាព ភ្លុក​ដំរី និង​ទំនិញ​ល្អៗ​ជាច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​។ ដោយសារតែ​មានការ​ឃុបឃិត​ជាមួយ​មេ​គយ​និង​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​នោះ​ហើយ ទើប​ឈ្មួញ​មួយចំនួន​បាន​បង្វែរ​ការនាំ​ចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​នាំចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​វិញ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មេ​គយ​និង​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ជាបន្ទាន់ ព្រោះ​មាន​ភស្តុតាង​ជាក់ស្តែង​ទាក់ទង​ទៅនឹង​អំពើពុករលួយ​របស់​ពួកគេ​រួចទៅហើយ​៕

ab-po1-500x375 ass-3 ses-1-20