សមាជិកសភា​អាមេរិក​តាមដាន​ពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ថ្មីៗ​នេះ​សមាជិកសភា​អាមេរិក បាន​បង្កើត​នៅ​ក្រុម​មួយ​មាន​ឈ្មោះថា ក្រុម​សមាជិកសភា​ទទួលបន្ទុក​កិច្ចការ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក អា​ឡាំង ឡូ​វេន​ថ​ល​(Alan Loventhal) សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋកា​លី​ហ្វ័​រ​នីញ៉ា និង​លោក ស្ទេ​វ ឆា​បូត​(Steve Chabot) សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​អូ​ហៅ​យ៉ូ​។ ក្រុម​សមាជិកសភា​ទទួលបន្ទុក​កិច្ចការ​កម្ពុជា​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​តាមដាន​ការវិវត្តន៍​នយោបាយ​និង​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​។ ការិយាល័យ​របស់​សមា​ជិ​ក​សភា​អាមេរិក​ទាំង​២​រូប​ខាងលើ បានបង្ហាញ​យ៉ាងច្បាស់​អំពី​គោលដៅ​របស់ខ្លួន​។

ក្រោយពេល​បង្កើតឡើង​នូវ​ក្រុម​សមាជិកសភា​ទទួលបន្ទុក​កិច្ចការ​កម្ពុជា​រួចមក លោក អា​ឡាំង ឡូ​វេន​ថ​ល បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ជំរុញ​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ លោក អា​ឡាំង ឡូ​វេន​ថ​ល បាន​បញ្ជាក់ថា​ទៀតថា ក្នុងខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​រឹងមាំ​ជាមួយ​អាមេរិក​នោះ គឺ​វា​ជា​ប្រការ​សំខាន់​ណាស់​ដែល​សមាជិកសភា​អាមេរិក គួរ​យល់ដឹង​ពីអ្វី​ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនោះ​តម្លៃ​ដែល​យើ​ប​ផ្ដល់​ទៅ​ឲ្យ​កម្ពុជា​បន្ថែម​ពីលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច គឺ​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ការផ្លាស់ប្ដូរ ដែល​នឹង​នាំ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ទ​លំ​ទូលាយ​ជាង​មុន​។

ដើម្បី​តាមដាន​បញ្ហា​ដែល​កើតឡើង​ក្នុងប្រទេស​កម្ពុជា លោក អា​ឡាំង ឡូ​វេន​ថ​ល បាន​ជួបពិភាក្សា​ជាមួយ​លោក វីល្លៀម ហ៊ី​ត​(William Heidt) ដែលជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​បញ្ហា​មួយចំនួន​កើតឡើង​ក្នុងប្រទេស​នេះ​។ លោក អា​ឡាំង ឡូ​វេន​ថ​ល បាន​រំលឹកថា​នៅមាន​កិច្ចការ​ជាច្រើន​ដែល​នឹងត្រូវ​ធ្វើ​បន្ត​ក្នុងប្រទេស​កម្ពុជា ដើម្បី​ធានាថា​នឹងមាន​ការបោះឆ្នោត​ដោយ​សេរី​ទូលំទូលាយ យើង​គាំទ្រ​ដល់​ការបោះឆ្នោត​ហើយ​អ្វីដែល​សហរដ្ឋអាមេរិក​អាចធ្វើ​បាន គឺ​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​នោះ​ត្រូវ​រៀបចំឡើង​ដោយ​ត្រឹមត្រូវ សំឡេង​របស់​ពលរដ្ឋ​កម្ពុជា​ត្រូវគេ​ទទួលស្គាល់ ហើយ​ការបោះឆ្នោត​នោះ​ពិតជា​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​។ មានន័យថា​ក្រុម​សមាជិកសភា​ទទួលបន្ទុក​កិច្ចការ​កម្ពុជា ត្រូវ​តាមដាន​រាល់​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ប្រទេស​នេះ ជាពិសេស​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​នាពេលខាងមុខ​៕

12900075_1538801173082126_1411772604_n​លោក អា​ឡាំង ឡូ​វេន​ថ​ល​(Alan Loventhal)