រឿង​ពលរដ្ឋ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​បរទេស ជាការ​ទទួលខុសត្រូវ​របស់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​

កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដីស្រែ​ចម្ការ​តាម​ព្រំដែន​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេសជិតខាង​។ ក៏ប៉ុន្តែ​បញ្ហា​នេះ​សកម្មជន​ព្រំដែន មន្ត្រី​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ជាច្រើន​បានលើកឡើង​ថា ករណី​ប្រជាកសិករ​ខ្មែរ​តាម​ព្រំដែន​ជួល​ដីស្រែ​ចម្ការ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​សម្រាប់​ប្រកប​របរ​កសិកម្ម គឺជា​ការទទួលខុសត្រូវ​របស់​មន្ត្រី​អាជ្ញាធរ ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​។ ក្នុងនោះ​ក្រសួងមហាផ្ទៃ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាកសិករ​ខ្មែរ ជួល​ដីស្រែ​ចម្ការ​ឲ្យ​ពលរដ្ឋ​ប្រទេសជិតខាង​តទៅទៀត​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បញ្ហា​ខាងលើនេះ បាន​វាយតម្លៃ​ទុកជាមុន​ថា សេចក្ដីអំពាវនាវ​រប​ស់​រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាកសិករ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​ប្រទេសជិតខាង ប្រហែលជា​ពុំមាន​ប្រសិទ្ធភាព​ទេ​ព្រោះ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​។ ជាងនេះទៅទៀត​ដី​ខ្លះ​គឺជា​ដី​របស់​ក្រុមហ៊ុន អ្នកមាន​លុយ និង​អ្នកមានអំណាច ដែល​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។ ជាក់ស្តែង​ករណី​ក្រុម​ហ៊ុម​មួយចំនួន​ជួល​ដី​តាម​ព្រំដែន​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យ​យួន​ចូលមក​ធ្វើស្រែ​ចម្ការ គឺ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏​មិនឃើញ​មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ទប់ស្កាត់​ផងដែរ​។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​នៃ​ការបាត់បង់​បូរណភាព​ទឹកដី​តាម​ព្រំដែន ព្រោះ​យួន​មិនដែល​បោះបង់​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​ឡើយ​។

សកម្មជន​ព្រំដែន​និង​អ្នកសង្កេតការណ៍​ឯករាជ្យ​បានផ្ដល់​ជា​អនុសាសន៍​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​ទៅលើ​សេចក្ដីត្រូវការ​ចាំបាច់រ​បស់​ប្រជាកសិករ​ខ្មែរ​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​ចិញ្ចឹមជីវិត​។ មានន័យថា​ដើម្បី​កុំ​ឲ្យ​ប្រជាកសិករ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ជួល​ដីស្រែ​ចម្ការ​ឲ្យ​ពលរដ្ឋ​ប្រទេសជិតខាង​តទៅទៀត គឺ​មន្ត្រី​អាជ្ញាធរ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គិតគូរ​ពី​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ប្រព័ន្ធធារាសាស្ត្រ​។ វិធានការ​បែបនេះ​ទើប​អាចជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​ចិញ្ចឹមជីវិត ហើយ​មិន​ជួល​ដីស្រែ​ចម្ការ​របស់ខ្លួន​ឲ្យ​ពលរដ្ឋ​ប្រទេសជិតខាង​តទៅទៀត​ឡើយ​៕

យួនចូលឃុំត្នោតទាហានយួនចូលក្នុងទឹកដីខ្មែរតាមព្រំដែនក្នុងខេត្តស្វាយរៀង