ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ អំពាវនាវ​ឲ្យ​លោក សួន បវរ ជួយ​ដោះស្រាយ​

ជម្លោះដីធ្លី​ជាច្រើន​ករណី​នៅក្នុង​ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ​នៅតែ​ពុំមាន​ដំណោះស្រាយ ហើយ​ពេលដែល​លោក គោ​ស៊ុំ សារឿ​ត ធ្វើជា​អភិបាលខេត្ត​បន្ទាយមានជ័យ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឡើយ​។ ឥឡូវនេះ​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក សួន បវរ ដែល​ទើប​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ ពួកគាត់​ពុំមាន​ដីធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​កាន់តែ​លំបាក​។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​នៅក្នុង​ស្រុក​អូរជ្រៅ រំពឹងថា​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្មី នឹង​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​នៅ​ឃុំ​អូរ​បី​ជាន់ ឲ្យ​បាន​ឆាប់រហ័ស​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​២៤៦​គ្រួសារ​មាន​ជម្លោះ​លើដី​ធ្លី​១៤៣០​ហិកតា​ជាមួយ​ក្រុមហ៊ុន​ឯកជន​តាំងពី​ឆ្នាំ​២០០៤ ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ កន្លងមក​មេឃុំ​អូរ​បី​ជាន់ ក៏ដូចជា​អភិបាលស្រុក​អូរជ្រៅ និង​អភិបាលខេត្ត​បន្ទាយមានជ័យ មិនដែល​ខ្វល់​ពី​ទុក្ខលំបាក​របស់​ពួកគាត់​ឡើយ ដោយ​ពួកគេ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ជម្លោះដីធ្លី​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ប្រសិនបើ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មាន​ឆន្ទៈ​ក្នុង​ការរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ គឺ​ពុំមាន​ភាពស្មុគស្មាញ​ទេ​។ ក៏ប៉ុន្តែ​កន្លងមក​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​បែរជា​ចោទប្រកាន់ថា​ប្រជាពលរដ្ឋ​បំពាន​ដីធ្លី​ក្រុមហ៊ុន​ទៅវិញ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​២៤៦​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ អំពាវនាវ​ឲ្យ​អភិបាលខេត្ត​ថ្មី គឺ​លោក សួន បវរ ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​ដើម្បី​ពួកគាត់​មាន​ដីស្រែ​ចម្ការ​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​៕

12910320_1538802763081967_1957733383_nលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ