ទំនិញគេចពន្ធ​ឆ្លងកាត់​ខេត្តកណ្ដាល ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកណ្ដាល បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្ត​និង​រដ្ឋាករ​ខេត្តកណ្ដាល និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្តកណ្ដាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក វ៉ូ វណ្ណា កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​រួចមក លោក វ៉ូ វណ្ណា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​ក្នុងនោះ​មាន​ទាំង​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ផងដែរ ដោយ​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ជ្រៃ​ធំ ឆ្លងកាត់​ផ្លូវជាតិ​លេខ​២១​បេ និង​នាំចូល​តាម​ច្រកព្រំដែន​ខេត្តតាកែវ ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ មានដូចជា គ្រឿងសំណង់ ដែក​ស៊ីម៉ងត៍ ឥដ្ឋការ៉ូ ទំនិញ​ចាប់ហួយ និង​គ្រឿងទេស​ជាដើម​។ ទំនិញ​ទាំងអស់នេះ​ភាគច្រើន​ពុំបាន​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ ដោយសារ​ឈ្មួញ​ឃុបឃិត​ជាមួយ​លោក វ៉ូ វណ្ណា ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។

មន្ត្រីរាជការ​នៅក្នុង​ខេត្តកណ្ដាល ក៏បាន​កត់សម្គាល់​ដែរ​ថា ចាប់តាំងពី​លោក វ៉ូ វណ្ណា មកកាន់​តំណែង​ជា​មេ​គយ​ខេត្តកណ្ដាល​រួចមក គឺ​ឈ្មូ​ញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ជាងនេះទៅទៀត​ក្រោម​ការគ្រប់គ្រង​របស់លោក វ៉ូ វណ្ណា មិនដែល​ឃើញ​មាន​មន្ត្រី​គយ​ខេត្តកណ្ដាល បង្ក្រាប​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​ម្តងណា​ឡើយ ផ្ទុយទៅវិញ​ពួកគេ​មានតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ជាពិសេស​ឧ​ត្ត​ម​សេនីយ៍​ដែល​នាំចូល​ទំនិញគេចពន្ធ​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​រលូន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​នូវ​អំពើពុករលួយ​របស់លោក វ៉ូ វណ្ណា ដើម្បី​កុំ​ឲ្យ​វិធានការ​កែទម្រង់​ក្នុង​ស្ថាប័នគយ​ត្រូវ​បរាជ័យ​ទាំងស្រុង​តទៅទៀត​៕

Rath-1លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ