មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ល្បីឈ្មោះ​កាន់តែខ្លាំង​រឿង​ពុករលួយ​

សេចក្ដីរាយការណ៍​ពី​អាជីវករ​និង​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ បាន​រិះគន់ថា លោក ផន គឹម​កន មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​ប្រជាពលរដ្ឋ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​ក៏​លោក ផន គឹម​កន ជំរិត​យកលុយ​ដោយ​គ្មាន​ការយោគយល់​ដែរ​។ ហេតុនេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ផន គឹម​កន មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ជាបន្ទាន់​បំផុត​។​

ចំណែក​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាដើម គឺជា​ប្រភព​ចំណូល​របស់លោក ផន គឹម​កន និង​បក្ខពួក​។ បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ផន គឹម​កន និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​សូម្បីតែ​ប្រជាពលរដ្ឋ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ត្រូវ​នគរបាល​អន្តោប្រវេសន៍​តម្រូវ​ឲ្យ​បង់លុយ​ចាប់ពី​២​ម៉ឺន​ដល់​៥​ម៉ឺន​រៀល​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ សម្បី​តែម​ន្ត្រី​អាជ្ញាធរ​ក្រុង​សំរោង ក៏​រិះគន់​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់​ដែរ ព្រោះ​ពួកគេ​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្មាន​សល់​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ អាជីវករ ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​អូរ​ស្មាច់ ឬ​ឆ្លងដែន​ចូល​ទៅរក​ការងារ​ធ្វើ​លើទឹក​ដី​សៀម បាន​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​លោក ផន គឹម​កន និង​បក្ខពួក​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ ហើយ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ​ដូចជា ប្រេងសាំង ហ្គាស់ រថយន្ត ម៉ូតូ គ្រឿងសំណង់ គ្រឿង​កំប៉ុង និង​ទំនិញ​ចាប់ហួយ ហើយ​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។ ជាងនេះទៅទៀត​លោក ផន គឹម​កន និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​ផ្ទុយ​ពី​តួនាទី​របស់ខ្លួន ព្រោះ​នគរបាល​អន្តោប្រវេសន៍​ពុំមាន​សិទ្ធិ​អ្វី​មក​ត្រួតពិនិត្យ​ទំនិញ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ពួកគេ​ប្រើ​អំណាច​មក​គាបសង្កត់​ប្រជាពលរដ្ឋ​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​ទៅវិញ​៕

KS-76876លោក ផន គឹម​កន មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ KA-28-03-2016-02 KA-28-03-2016-01