​អធិការនគរបាល​ស្រុក​អង្គរបុរី​រង​ការរិះគន់​ថា​មិន​បង្ក្រាប​បន​ល្បែង​នៅក្នុង​មូលដ្ឋាន​ខ្លួន​

​អធិការនគរបាល​ស្រុក​អង្គរបុរី លោក ឃី ឈុន ដែល​ទើប​ឡើងកាន់តំណែង​ថ្មី ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី ខេត្តតាកែវ រិះគន់ថា​មិន​ហ៊ាន​បង្ក្រាប​បន​ល្បែង​នៅក្នុង​ស្រុក​អង្គរបុរី​នោះទេ បើទោះជា​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជា​ច្រើនដង​មកហើយ​ក៏ដោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​កន្លែង​លេងល្បែង​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​របស់​អធិការនគរបាល​ស្រុក​អង្គរបុរី​នោះទេ តែ​ក្រុមនគរបាល​ក្នុងស្រុក​អង្គរបុរី​គ្មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​។​

បុរស​ម្នាក់​ឈ្មោះ ពៀច ជា​ម្ចាស់​សង្វៀន​បញ្ជល់មាន់ ក្នុងភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រែក​ផ្ទោល និង ឈ្មោះ ឆិ ជា​ម្ចាស់​ល្បែង​យូគី ដែលមាន​ទីតាំងនៅ​ខាងកើត​របង​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​អង្គរបុរី បាន​បង្ហើប​ថា ពួកគេ​បាន​ចំណូល​តិចតួច​ទេ ព្រោះ​ចំណាយ​ច្រើន​សម្រាប់​សមត្ថកិច្ច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​មិនបាន​ចំណាយ​ភាគរយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​បន​ល្បែង​របស់​ពួកគេ​មិនអាច​ដំណើរការបាន​រលូន​នោះទេ ហើយ​ប្រាកដជា​មានការ​បង្ក្រាប​មិន​ខាន​។​

ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​បាន​រាយការណ៍​មក​ថា ល្បែងស៊ីសង​នៅក្នុង​ស្រុក​អង្គរបុរី​មានដូចជា អាប៉ោង យូគី បញ្ជល់មាន់ និង​បៀ​ជាដើម ដែល​គេ​មិនដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​មាន​វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការមិន​បង្ក្រាប​បន​ល្បែង​ដោយសារតែ ម្ចាស់​ទីតាំង​ល្បែង​ខាងលើ​បាន​ចំណាយលុយ​ទៅ​ឲ្យ​ក្រុម​សមត្ថកិច្ច​ស្ទើរ​គ្រប់ផ្នែក​រួច​អស់ហើយ ក្នុងនោះ​មានដូចជា​នគរបាល យោធា អាវុធហត្ថ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី បាន​រិះគន់ថា​សព្វថ្ងៃនេះ​ការបើក​ល្បែងស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ ទាំង​ពេល​ថ្ងៃ និង​ពេលយប់ នៅជាប់​នឹង​របង​អធិការដ្ឋាន​ន​គ​របាល​ស្រុក​អង្គរបុរី នៃ​ខេត្តតាកែវ​តែម្ដង ដែលជា​ការបង្ហាញ​ពី​ភាព​គ្មាន​តម្លៃ ចំពោះ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​នៅ​ស្រុក​របស់​ពួកគាត់​មាន​អ្នក​ចំណាកស្រុក​ទៅធ្វើ​ពលករ​នៅ​ប្រទេស​សៀម​ជាច្រើន​នោះ អាជ្ញាធរខេត្ត​មិន​ប្រឹង​អភិវឌ្ឍន៍​បង្កើត​ការងារ​ឡើយ តែ​បែរជា​បណ្តែតបណ្តោយ​ឲ្យ​មាន​ល្បែងស៊ីសង​ទៅវិញ​៕

6f99478e-d713-4ba1-aeb6-dbcea44547a6 hqdefault