ក្រសួងអប់រំដាក់ចេញគោលនយោបាយ​អប់រំវិទ្យាសាស្រ្តដើម្បី​ឆ្លើយតប​តម្រូវការទីផ្សារការងារ

ក្រ​សួង​អប់រំ យុវជននិង​កីឡា ដាក់ចេញនូវ​គោល​នយោបាយ​អប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិង​គណិត​វិទ្យា ក្នុងគោល បំណងអភិវឌ្ឍធនធានមនុស្សឲ្យ​ស្របតាម​តម្រូវ​ការ​ទីផ្សារការងារទាំងក្នុងស្រុកនិងតំបន់​។

ក្នុងពិធីបើកសន្និបាតអប់រំ យុវជននិងកីឡា នៅ​ព្រឹក​ថ្ងៃអង្គារនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ក្រ​សួង​អប់រំបាន​ផ្សព្វផ្សាយ​គោល​នយោបាយ​អប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិង​គណិតវិទ្យារបស់​ខ្លួន។ ក្នុង​ឯក​សារគោល​នយោបាយនោះ ក្រ​សួង​លើកឡើង​ថាតម្រូវ​ការអ្នក​ជំនាញ​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងគណិតវិទ្យាកាន់តែកើន​ឡើង​ខ្ពស់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ក្រសួង​ឲ្យ​ដឹងដែរថាអ្នក​ដែលមាន​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្តអាចរកប្រាក់បៀវត្សបាន​ខ្ពស់និងអត្រាឥតការងារ​របស់ពួកគាត់មាន​កម្រិតទាប។

ឯកសារគោល​​នយោបាយរបស់​ក្រ​សួង​ដដែលបាន​ដក​ស្រង់ទិន្ន័យក្នុង​របាយការណ៍ស្រាវជ្រាវរបស់​វិទ្យាស្ថាន​បណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បី​អភិវឌ្ឍន៍​កម្ពុជា(CDRI)ថានៅ​ឆ្នាំ២០១៥ កម្ពុជាត្រូវ​ការ​វិស្វករចំនួន​៣៥០០០នាក់និង​អ្នក​ជំនាញ​បច្ចេកទេសចំនួន​៤៦០០០នាក់ដើម្បី​បម្រើការងារក្នុងប្រ​ទេសកម្ពុជា និង​រក្សា​កំណើន​ផលទុន​ក្នុងស្រុកសរុប(GDP)ចន្លោះពី​៦ទៅ៨ភាគរយ​សម្រាប់រយៈពេលប្រាំឆ្នាំទៅមុខទៀត។

ក្រសួងអប់រំដាក់ចេញគោលនយោបាយ​អប់រំវិទ្យាសាស្រ្តដើម្បី​ឆ្លើយតប​តម្រូវការទីផ្សារការងារ

​ដើម្បី​សម្រេចនូវគោលដៅនេះ ក្រសួង​អប់រំបាន​ដាក់ចេញនូវ​យុទ្ធសាស្រ្តរបស់ខ្លួន​មួយចំនួន ដូច​ជាផ្តល់ការ​​អប់រំពីវិទ្យាសាស្រ្ត​ដល់​សិស្សនិងនិស្សិតក្នុងប្រព័ន្ធអប់រំពីបឋមសិក្សា​ដល់ឧត្តមសិក្សានិង​បន្តអភិវឌ្ឍចំណេះដឹងផ្នែកវិទ្យាសាស្រ្ត​ដល់បុគ្គលិក​អប់រំ ក៏ដូចជា​ជំរុញការ​ផ្សព្វផ្សាយ​ការរកឃើញថ្មីរបស់អ្នកសវិទ្យាសាស្រ្តនិងអ្នក​ស្រាវជ្រាវជាដើម។

រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងពិធីបើក​សន្និបាតនោះថាក្រសួងបាន​ដាក់ឲ្យ​អនុវត្តកម្មវិ​ធីសិក្សា​ថ្មី ផ្តល់សម្ភារសិក្សានិងបច្ចេកទេសដល់គ្រឹះស្ថានសិក្សា​ដើម្បី​តម្រង់ទិសវិជ្ជាជីវៈនិង​បច្ចេក​ទេស​ដល់​អ្នកសិក្សា។

លោកមានប្រសាសន៍​ថា៖ “ទន្ទឹមនេះក្រសួងបានធ្វើវិក្រឹត្យការគ្រូបង្រៀនជាប្រចាំ ដើម្បី​លើកកម្ពស់សមត្ថភាព​គ្រូបង្រៀន ដែលជាអ្នក​ផ្តល់ការអប់រំដល់យុវជនជំនាន់ក្រោយឲ្យកាន់តែមាន​ចំណេះដឹង បំណិន និងសីល​ធម៌ខ្ពស់ ស្របតាម​ចតុស្តម្ភទាំងបួននៃការអប់រំគឺ រៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀន​​ដើម្បីក្លាយជាពលរដ្ឋល្អនិងរៀនដើម្បីចេះរស់នៅជាមួយគ្នា”

ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជា លោកស្រី Debora Comini  ថ្លែងក្នុងសន្និបាតនោះដែរថា​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព​គឺផ្តោតលើការអប់រំ និងបណ្តុះ​បណ្តាលផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងគណិតវិទ្យា ដល់​អ្នក​សិក្សានិង​បង្កើន​គុណភាព​ សមត្ថភាព​គ្រូបង្រៀននិង​លុបបំបាត់​គម្លាត​​យ៉ែនឌ័រនិងជនពិការ​ក្នុងការទទួលបានការអប់រំ។

លោកស្រី​ក៏​ជំរុញ​ឲ្យ​រដ្ឋា​ភិបាលបន្តបង្កើន​ថវិកាសម្រាប់វិស័យ​អប់រំបន្ថែមទៀត ដោយ​លោក​ស្រីថា​ជំនួយពី​ដៃគូអភិវឌ្ឍន៍សម្រាប់ការអប់រំនៅកម្ពុជាចាប់ផ្តើម​ថយចុះពីមួយឆ្នាំទៅ​មួយ​ឆ្នាំ។

បើ​តាម​លោក​ ហង់ ជួន ណារ៉ុន គ្រឹះស្ថានសិក្សា​ពីកម្រិត​មតេយ្យដល់មធ្យម​សិក្សា​ទាំងរដ្ឋនិងឯកជន​មាន​ចំនួន​១៣​ ៣៣៣ នៅ​ទូទាំងប្រ​ទេស​ ដោយ​គិត​ត្រឹម​ខែឧសភា ឆ្នាំ២០១៥និង​មាន​ចំនួន​សិស្សសរុបជាង៣លាន១សែននាក់។ ដោយឡែក​ លោក​ថាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាទាំងរដ្ឋនិងឯកជនមានចំនួន១១៨នៅទូទាំងប្រទេសនិង​មាន​អ្នកសិក្សា​ពីកម្រិត​បរិញ្ញាបត្រ​រង​ដល់​ថ្នាក់បណ្ឌិត​មានចំនួន​ជិត​២៣​ម៉ឺន​នាក់។ លោក​ឲ្យ​ដឹងដែរថា​ចំនួន​បុគ្គលិក​អប់រំនៅទូទាំងប្រទេសមានចំនួន​១១៥ ៣០៥ នាក់៕

ប្រភពៈ VOD