សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សាក្សី​ថ្មី​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​នៅ​មណ្ឌលគិរី

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៨  ខែ​មីនា ធ្វើ​សវនាការ​ស្ដាប់​សាក្សី​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។ សាក្សី​ថ្មី​ឈ្មោះ ប៊ុន ឡឹងចូយ ឈ្មោះ​ដើម ច័ន្ទ ប៊ុនលើត អតីត​ជា​អង្គរក្ស​លេខា​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​ត្រូវ​គេ​ចាប់​យក​ទៅ​សម្លាប់។

សាក្សី ប៊ុន ឡឹងចូយ ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ថា លោក​អតីត​ជា​អង្គរក្ស​លេខា​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី គឺ​លោក កា ស៊ី ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៧។

ក្រោយ​ពេល​គេ​ចាប់​លេខា​ស្រុក​ឈ្មោះ កាស៊ី នោះ ការពារ​កូន​ចៅ​របស់​គាត់​ខុស​សីលធម៌ លោក​ក៏​ជា​អ្នក​ទោស​នៅ​មន្ទីរ​សន្តិសុខ ស្រុក​កោះញែក ឈ្មោះ គ-១៦។ លោក​រៀបរាប់​មន្ទីរ​សន្តិសុខ​មួយ​ចំនួន​នៅ​តំបន់​នោះ ហើយ​ក៏​មាន​មន្ទីរ​សន្តិសុខ គ-១៧ ជា​មន្ទីរ​របស់​ប្រធាន តំបន់ ១០៥ នៅ​ភ្នំ​ក្រោល​ដែរ។ មន្ទីរសន្តិសុខ​នេះ​ជា​អង្គហេតុ​នៃ​ការ​ជំនុំជម្រះ​ក្នុង​សំណុំរឿង ០០២ វគ្គ ២។

លោក​អះអាង​ថា ប្រជាជន​នៅ​ទីនោះ​ក៏​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​ចាប់​ខ្លួន​យក​ទៅ​សម្លាប់​ដែរ៖ «ប្រជាជន​ដែល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​មាន​ច្រើន​ប្រភេទ។ ទី​មួយ​​ប្រជាជន​ថ្មី ប្រជាជន​មក​ពី​ភ្នំពេញ ឬ​មក​ពី​ខេត្ត​ដទៃ ដែល​គេ​ជម្លៀស​ទៅ​មណ្ឌលគិរី ហ្នឹង គេ​មិន​អាច​ទុក​ចិត្ត​បាន។ ទីពីរ គឺ​ចំពោះ​ទាហាន​ចាស់ សំណល់​ពី​មុន ដែល​គាត់​ធុញ​ទ្រាន់​នឹង​របប​ខ្មែរក្រហម​ហ្នឹង ហើយ​អាច​មាន​ការ​ប្រឆាំង​ខ្លះ ហើយ​ទី​បី ចំពោះ​ប្រជាជន​ដែល​​ធុញទ្រាន់​នឹង​ការ​​ហូប​រួម ហើយ​ដកហូត​សម្ភារៈ​ឯកជន​ជា​ទ្រព្យ​សម្បត្តិ ឬ​វត្ថុអ្វីៗ​ផ្សេងៗ​ដែល​ជា​កម្មសិទ្ធិ​របស់​បុគ្គល​គេ។ អ៊ីចឹង​អ្នក​ដែល​គេ​សម្លាប់ គឺ​ប្រឈម​ជន​ទាំង​នេះ។ ក្រោយ​មក​មាន​ការ​ចោទ​ប្រកាន់​ថា ជា​ខ្មែរ​ស កាហ្សេបេ សេអ៊ីអា ចូល​យួន។ សំខាន់​បំផុត គឺ​ចូល​យួន។ តែ​ចូល​យួន​ហើយ ងាប់​ហើយ គឺ​វាយ​ទាំង​ខ្សែ​តែ​ម្ដង»

លោក​កត់​សម្គាល់​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥ ការ​សម្លាប់​នៅ​ខេត្ត​មណ្ឌលគិរី ច្រើន​កើត​មាន​ចំពោះ​កម្មាភិបាល​ខ្មែរ​ក្រហម​ខ្លួន​ឯង​វិញ។ លោក​ថា កាល​ណា​កម្មាភិបាល​ណា​ត្រូវ​បាន​ចាប់​ខ្លួន កូន​ចៅ​ក្រោម​បង្គាប់​ចាប់​ពី​មេក្រុម​ឡើង​ទៅ ក៏​ត្រូវ​ចាប់​ខ្លួន​ទៅ​ដែរ គឺ​គេ​វាយ​តាម​ខ្សែ។

លោក​បញ្ជាក់​ថា ក្រៅ​ពី​ការ​យក​ទៅ​សម្លាប់​នៅ​ក្នុង​ខេត្ត​នោះ មាន​មន្ទីរ​សន្តិសុខ មន្ទីរ​កែប្រែ និង​ការដ្ឋាន​លត់ដំ​មួយ​ចំនួន សម្រាប់​ដាក់​អ្នក​ទោស​កម្រិត​ស្រាល ឬ​ធ្ងន់ ដែល​ពួក​ខ្មែរក្រហម​កំណត់ ដូច​ជា​អតីត​ទាហាន​របប​ចាស់​ជា​ដើម។ លោក ប៊ុន ឡឹងចូយ ថ្លែង​ថា អ្នក​ទោស​ធ្ងន់​បំផុត​គេ​បញ្ជូន​ទៅ​មន្ទីរសន្តិសុខ​ភ្នំ​ក្រោល គឺ​អ្នកទោស ដែល​គេ​ចោទ​ថា​ក្បត់​ជា​មួយ​វៀតណាម។

លោក​ថា មាន​អ្នកទោស​ចំនួន ១៨​នាក់ បាន​រួច​ជីវិត ដោយ​ការ​រត់​ចេញ​ពី​មន្ទីរ​សន្តិសុខ គ-១៦ ទៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៧៧។  ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រពន្ធ​កូន​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​សម្លាប់៖ «តាម​ខ្ញុំ​ដឹង ពេល​ដែល​ប្ដី​គាត់​រត់​ទៅ​ហ្នឹង ស្អែក​ឡើង​ឃើញ​គេ​ចាប់​ប្រពន្ធ​កូន​ហ្នឹង​យក​ទៅ​អស់។ គេ​អត់​ទុក​ទេ។ ចាំ​បាន​ពីរ​បី​នាក់​ដែរ គឺ​ប្រពន្ធ ញន់ ឈ្មោះ គឹម ហ៊ីន។ គឹម ហ៊ីន នេះ​បាន​រក​ឃើញ​ឯកសារ​នៅ​គុក​ទួល​ស្លែង។ ប្រពន្ធ ឡាំ ឈ្មោះ លី ប្រពន្ធ ឡាង ឈ្មោះ ហឿន ប្រពន្ធ ប៊ុននឿន ឈ្មោះ ហន។ ក្រៅ​ពី​ហ្នឹង​ខ្ញុំ​អត់​ចាំ​ទេ។ អត់​ឃើញ​ទាល់​ថ្ងៃ បាត់​រហូត មិន​ដឹង​យ៉ាង​ណា​ទេ។ បើសិនជា​គាត់​រស់ ប្រហែល​ជា​ឃើញ​មុខ​ហើយ ឬ​មួយ​គេ​យក​មក​គុក​ទួលស្លែង ឬ​មួយ​គេ​សម្លាប់​តាម​ផ្លូវ»

សវនាការ​ស្ដាប់​សាក្សី ប៊ុន ឡឹងចូយ នឹង​បន្ត​ទៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មីនា ទៀត។ អង្គ​ជំនុំជម្រះ​ក៏​នឹង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត ដែល​មាន​រហស្សនាម​ថា 2TCW-1012។ សាក្សី​នេះ នឹង​ផ្ដល់​សក្ខីកម្ម​តាម​ការ​បញ្ជូន​រូប និង​សំឡេង​ពី​ចម្ងាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។