អ្នកគាំទ្របាល់ទាត់នៅថៃ ងាកមកគាំទ្រក្លិប Leicester City?

កាល​ពី​មួយ​ឆ្នាំ​មុន ខណៈក្លិប Leicester City បាន​ធ្លាក់​ចុះ​ខ្សោយ​ដល់​បាត​តារាង​ក្រប​ខណ្ឌ Premier League ប្រសិន​ជា​អ្នក​បាន​ចំណាយ​ពេល​ពីរ​ម៉ោង​នៅ​ក្នុង​​ហាង​លក់​សម្ភារៈ​កីឡា​របស់​ក្លិប​នេះ​ក្នុង​ទីក្រុង បាងកក អ្នក​នឹង​មិន​ឃើញ​សូម្បី​តែ​អតិថិជន​ម្នាក់។ នៅ​គ្រានោះ អាវ​យឺត​របស់​ក្លិប​ដែល​ត្រូវ​បាន​គេ​តាំង​លក់​នៅ​ក្នុង​ហាងពុំ​មែន​សូម្បី​តែ អ្នក​ប៉ះ ហើយ​ទូរទស្សន៍​អេក្រង់​ធំ​នៅ​ក្នុង​ហាង​ដែល​កំពុង​តែ​ចាក់​បញ្ចាំ​ងការ​ប្រកួត​របស់​ក្លិប​នេះ​ក៏​ពុំ​មាន​អ្នក​មើល​ក្រៅពី​បុគ្គលិក​ដែល​ពុំ​មាន​ការងារ​ច្រើន​ដែរ។ នៅ​ចុង​ឆ្នាំ​មុន ហាង​នេះ​បាន​បិទទ្វា​ជា​ស្ថាពរ។ ក្រុម​ហ៊ុន King Power ដែល​ជា​ម្ចាស់​ក្លិប​បាន​ខិត​ខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ដាក់​ផលិត​ផល​ក្លិប​នៅ​គ្រប់​ហាងទាំង​អស់​របស់​ខ្លួនដែល​មាន​ទីតាំង​នៅអាកាស​យាន​ដ្ឋាន​អន្តរជាតិ ក្នុងប្រទេស​ថៃ ដែល​ក្រុម​ហ៊ុន​នេះ​បាន​ទទួល​សិទ្ធិ​លក់​ផលិត​ផល​ផ្តាច់​មុខ ទៅ​ឲ្យ​អ្នក​ដំណើរ​ជាង ៥០ លាន​នាក់។ ក៏ប៉ុន្តែនៅ​ខាង​ក្រៅអាកាសយានដ្ឋាន ប្រជាជន​ថៃ​ជាច្រើន​នៅតែ​ស្រលាញ់​និង​គាំទ្រក្លិបបិសាចក្រហម ហង្សក្រហម និង​តោខៀវ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​​នេះ នៅពេល​ដែល Leicester ឡើង​លេង​ដល់​កម្រិតកំពូល គេ​សឹង​តែ​រក​ទុញ​អាវ​យឺត​របស់​ក្រុម​នេះ​មិន​បាន​នៅ​ក្នុង​ប្រទេស​ថៃ។ អាវ​យឺត​ត្រូវ​បាន​លក់​ដាច់​អស់​គ្មានសល់ ហើយ​ក្រុម​ហ៊ុន King Power បាន​សុំ​ឲ្យ​អ្នក​គាំទ្រ​បញ្ជា​ទិញ​ពួកវា​ពី​ចក្រភព​អង់​គ្លេស។ ប្រជា​ជន​ថៃ​បាន​ផ្តល់​រហ័សនាម​ឲ្យ​ក្រុម​នេះថា «ក្រុ​មកញ្ច្រោងសៀម» ហើយ​នៅ​ពេល​ដែល​អ្នក​គាំទ្រក្លិប​នេះ​ត្រូវ​បាន​គេ​សួរពី​មូល​ហេតុ​ដែល​ពួកគេ​បាន​ងាក​មក​គាំទ្រ​វាវិញ ពួកគេ​ភាគ​ច្រើន​បាន​និយាយថា នេះ​ដោយសារ​តែ​ពួកគេ​មាន​មោទនភាព​ដែល​ក្លិប​បាល់​ទាត់​ដែល​មាន​ម្ចាស់​ជា​ជន​​រួម​ជាតិ​របស់គេ​នេះ​កំពុង​តែ​លេងឡើង​យ៉ាង​ខ្លាំង៕​