សមត្ថកិច្ច​មិន​ទប់ស្កាត់​ករណី​លុប​អូរ​ធម្មជាតិ​នៅក្នុង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​

ប្រភពពី​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​រាយការណ៍​មក​ថា អូរ​ធម្មជាតិ​ឈ្មោះ​អូរ​តា​សុខ​នៅក្នុង​ស្រុក​ភ្នំព្រឹក បានផ្តល់​អត្ថប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ប្រើប្រាស់ និង​ស្រោចស្រព​ផលដំណាំ តែ​ឥឡូវនេះ​ឈ្មួញ​មានអំណាច​កំពុងតែ​ចាក់ដី​លុប​ទន្ទ្រាន​យក​ដោយ​គ្មាន​ខ្លាច​កោតក្រែង​អ្វី​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​លុប​អូរ​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​មិនមាន​វិធានការ​ទប់ស្កាត់​អ្វី​ដែរ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក សួន គឿន អភិបាលស្រុក​ភ្នំព្រឹក បាន​បំភ្លឺថា រឿង​លុប​អូរ​លោក​មិនដែល​បានដឹង​ទេ​ព្រោះ​ខាង​ភូមិ និង​ឃុំ​មិនបាន​រាយការណ៍​មក​ថ្នាក់លើ ដូច្នេះ​ចាំ​លោក​ចាត់​ឲ្យ​ខាង​ភូមិ​-​ឃុំ​ចុះទៅ​ពិនិត្យមើល​។ ចំណែក​លោក ឈិន សុ​ភិន មេភូមិ​អូរ​តា​សុខ បាន​ឲ្យ​ដឹងថា កន្លងមក​ធ្លាប់មាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​លោក​ច្រើនដង​ដែរ ហើយ​ពេល​លោក​ចុះទៅ​មើល គេ​បាន​បញ្ឈប់​សកម្មភាព​កាយ​ចាក់ តែ​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​លោក​គ្រាន់តែ​ជាម​ន្ត្រី​តូចតាច​គេ​មិន​ខ្លាច​នោះទេ ហើយ​លោក​នឹង​រាយការណ៍​បញ្ហា​នេះ​ទៅ​ថ្នាក់លើ​បន្តទៀត​។​

គួរ​បញ្ជាក់ថា អូរ​ធម្មជាតិ​មួយកន្លែង​ឈ្មោះ អូរ​តា​សុខ ស្ថិតក្នុង​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដែល​កំពុង​រង​ការបំពាន​ដោយ​អ្នកមានអំណាច​ធ្វើ​សកម្មភាព​កាយ​ដឹក​ដី​ចាក់​លុប​យក​ធ្វើ​កម្មសិទ្ធិ​បានកើត​ឡើង​យូរ​ដែរ​ហើយ តែ​គ្មាន​អាជ្ញាធរ​ណា​ចេញមុខ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។ ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក បាន​រិះគន់ថា បើ​មន្ត្រី​ជំនាញ​ឆ្លើយ​យករួចខ្លួន​រុញ​ទៅលើ​រុញ​ទៅ​ក្រោម​ដោយ​គ្មាន​វិធានការ​ជាក់ស្តែង អូរ​ធម្មជាតិ​នឹង​បាត់​ទ្រង់ទ្រាយ​មិន​ខាន​៕

20160327202304 (2) 20160327202303(1)